Connect with us

ព័ត៌មាន

កម្ពុជា-កាណាដា ប្ដេជ្ញាបន្តពង្រឹង និងពង្រីកទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅ

កម្ពុជា និងកាណាដា បានប្ដេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ រវាងប្រទេសទាំងពីរ ជាពិសេសក្នុងវិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ច។

ការប្រកាសពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការបែបនេះ ធ្វើឡើងក្នុងឱកាស សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតជូន ឯកឧត្តម Christian DesRoches ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសកាណាដា ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦នេះ។

ក្នុងឱកាសនៃជំនួប, ឯកឧត្តមឯកអគ្គរដ្ឋទូតបានវាយតម្លៃខ្ពស់ចំពោះចំណងការទូតដ៏យូរអង្វែងរវាងកម្ពុជា និងកាណាដា និងបានគូសបញ្ជាក់អំពីភាពរីកចម្រើននៃទំនាក់ទំនង រវាងប្រទេសទាំងពីរ ជាពិសេស ពាណិជ្ជកម្ម និងការវិនិយោគរបស់កាណាដា នៅកម្ពុជា។ ឯកឧត្តមឯកអគ្គរដ្ឋទូតបានសង្កត់ធ្ងន់អំពីការប្ដេជ្ញាចិត្តរបស់កាណាដា ក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ រវាងប្រទេសទាំងពីរ ជាពិសេសក្នុងវិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ច ។ ទន្ទឹមនេះ, ឯកឧត្តមឯកអគ្គរដ្ឋទូត បានគូសបញ្ជាក់ពីការប្ដេជ្ញាចិត្តរបស់កាណាដា ក្នុងការជួយគាំទ្រការរៀបចំរបស់កម្ពុជា ដែលជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នាពេលខាងមុខនេះ ឱ្យទទួលបានជោគជ័យ ព្រមទាំងបានបញ្ជាក់ថា គណៈប្រតិភូជាន់ខ្ពស់របស់កាណាដា នឹងអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលនេះផងដែរ។ ចំពោះកិច្ចសហប្រតិបត្តិការក្របខ័ណ្ឌតំបន់, ឯកឧត្តមឯកអគ្គរដ្ឋទូតបានថ្លែងអំណរគុណដល់កម្ពុជា ដែលបានផ្ដល់ការគាំទ្រ ក្នុងការជំរុញកិច្ចសហប្រតិបត្តិការ កាណាដា-អាស៊ាន លើវិស័យសេដ្ឋកិច្ច និងការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-កាណាដា (ACFTA) ដែលគ្រោងនឹងបញ្ចប់ និងចុះហត្ថលេខា នាពេលខាងមុខឆាប់ៗនេះ។

ជាការឆ្លើយតប, សម្ដេចធិបតីបានអបអរសាទរឯកឧត្តមឯកអគ្គរដ្ឋទូត ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតកាណាដា ប្រចាំកម្ពុជា និងបានបង្ហាញជំនឿជឿជាក់ថា ក្នុងអាណត្តិការទូតរបស់ឯកឧត្តម, ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីនឹងបន្តរីកចម្រើនរឹងមាំ និងកាន់តែស៊ីជម្រៅ ថែមទៀត។ សម្ដេចធិបតីបានថ្លែងអំណរគុណដល់កាណាដា ដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងដំណើរស្វែងរកសន្តិភាព និងការស្តារនិងអភិវឌ្ឍសង្គម-សេដ្ឋកិច្ច នៅកម្ពុជា។ សម្ដេចធិបតីបានវាយតម្លៃខ្ពស់អំពីការរីកចម្រើននៃទំនាក់ទំនងរវាងប្រទេសទាំងពីរ និងសក្កានុពលក្នុងការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី ព្រមទាំងបានរំលេចអំពីតួនាទី និងបំណងរបស់សហគមន៍ខ្មែរនៅប្រទេសកាណាដា ក្នុងការជួយជំរុញ និងតភ្ជាប់ទំនាក់ទំនងកម្ពុជា-កាណាដា ជាពិសេសវិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ច។ សម្ដេចធិបតីបានបន្តទៀតថា កន្លងមក រាជរដ្ឋាភិបាលកម្ពុជាបានណែនាំឱ្យក្រសួងពាណិជ្ជកម្ម និងសភាពាណិជ្ជកម្មកម្ពុជា បង្កើតការិយាល័យតំណាងសភាពាណិជ្ជកម្ម នៅប្រទេសកាណាដា ដើម្បីជាស្ពានតភ្ជាប់ និងជួយពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងស្វែងរកកាលានុវត្តភាពថ្មីៗ ក្នុងការជំរុញទំហំពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរ ឱ្យកាន់តែខ្លាំងក្លា ថែមទៀត។ សម្ដេចធិបតីបានគូសបញ្ជាក់អំពីការត្រៀមខ្លួនជាស្រេចរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងកាណាដា ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងអន្តរជាតិ។

សម្ដេចធិបតី និងឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានពិភាក្សាគ្នាលើការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗមួយចំនួន រួមមាន៖ ពាណិជ្ជកម្ម ការវិនិយោគ និងសេដ្ឋកិច្ច, ការពារជាតិ និងសន្តិសុខ, ក៏ដូចជាការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia