ព័ត៌មាន
ក្រសួងការងារ និង KOICA ចុះហត្ថលេខាលើគម្រោងអភិវឌ្ឍកម្លាំងពលកម្មជំនាញ ដើម្បីបំពេញតម្រូវការទីផ្សារការងារទាំងក្នុងនិងក្រៅប្រទេស
(ភ្នំពេញ)៖ ឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងលោកស្រី ឆយ ម៉ូន ជុង (CHOI Moon Jung) នាយិកាទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ប្រចាំកម្ពុជាបានចុះហត្ថលេខាលើកំណត់ហេតុនៃកិច្ចពិភាក្សាស្តីពី “គម្រោងអភិវឌ្ឍកម្លាំងពលកម្មជំនាញ ដើម្បីឆ្លើយតបតម្រូវការឧស្សាហកម្មនៅកម្ពុជា” នារសៀលថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង ក្នុងគោលដៅបណ្តុះបណ្តាលកម្លាំងពលកម្មនៅកម្ពុជាឱ្យកាន់តែមានជំនាញ ដើម្បីបំពេញតម្រូវការទីផ្សារការងារទាំងនៅកម្ពុជា និងសាធារណរដ្ឋកូរ៉េ តាមរយៈការពង្រឹងសមត្ថភាពប្រព័ន្ធ TVET នៅវិទ្យាស្ថាន TVET ចំនួន ៣ គឺ វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) វិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ (PPI) និងវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម (ITI)។
គម្រោងដែលចាប់ផ្តើមអនុវត្តពីឆ្នាំ ២០២៦ ដល់ឆ្នាំ ២០៣០ គ្របដណ្តប់សកម្មភាពសំខាន់ៗលើការពង្រីកឱកាស ក្នុងការទទួលបានការបណ្តុះបណ្តាលជំនាញ TVET នៅកម្ពុជា លើកកម្ពស់ការយល់ដឹងជាសាធារណៈពី TVET និងពង្រឹងយន្តការគាំទ្រដល់អ្នកសិក្សា។ បន្ថែមពីនេះ គម្រោងនេះក៏ជួយពង្រឹងសមត្ថភាពដល់វិទ្យាស្ថាន TVET ដែលត្រូវបានជ្រើសរើស ស្របតាមតម្រូវការទីផ្សារការងារទាំងនៅក្នុងប្រទេស និងក្រៅប្រទេស ដូចជា ការបង្កើត និងអនុវត្តយន្តការសហប្រតិបត្តិការរវាងឧស្សាហកម្ម និងស្ថាប័នអប់រំ ការធ្វើបច្ចុប្បន្នភាពព័ត៌មានតម្រូវការទីផ្សារការងារជាប្រចាំ ការអភិវឌ្ឍកម្មវិធីសិក្សា និងសម្ភារបង្រៀនផ្អែកលើតម្រូវការ ការពង្រឹងសមត្ថភាពបច្ចេកទេស និងវិធីសាស្ត្របង្រៀនរបស់គ្រូបង្រៀន TVET ការកែលម្អ និងធ្វើទំនើបកម្មបរិក្ខារសិក្សាសម្រាប់ការអនុវត្តជាក់ស្តែង។
ជាមួយនឹងការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកស្រី ឆយ ម៉ូន ជុង ឯកឧត្ដមរដ្ឋមន្រ្តីបានសម្តែងនូវការជឿជាក់យ៉ាងមុតមាំថា តាមរយៈកិច្ចសហប្រតិបត្តិការនេះ កម្ពុជានឹងអាចជំរុញការអភិវឌ្ឍមូលធនមនុស្សប្រកបដោយគុណភាពខ្ពស់ស្របតាមស្តង់ដាទីផ្សារការងារទាំងក្នុង និងក្រៅប្រទេស ដែលជាទិសដៅអាទិភាពមួយរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ គម្រោងនេះនឹងផ្តល់អត្ថប្រយោជន៍ដល់សិស្សនិងពលករកម្ពុជា ព្រមទាំងនិយោជកកូរ៉េដែលត្រូវការកម្លាំងពលកម្មដែលមានជំនាញនិងសមត្ថភាពផងដែរ។
លោកស្រី ឆយ ម៉ូន ជុង បានសម្តែងនូវការរីករាយយ៉ាងក្រៃលេងចំពោះសមិទ្ធផលនៃការចុះហត្ថលេខាសម្រាប់ចូលរួមអភិវឌ្ឍន៍ជំនាញដល់សិស្សកម្ពុជានេះ ដែលមិនត្រឹមតែផ្តល់ការបណ្តុះបណ្តាលដល់សិស្សប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបើកឱកាសការងារនៅក្រៅប្រទេសផងដែរ។ លោកស្រីមានប្រសាសន៍ថា នេះជាបេសកកម្មចុងក្រោយដ៏សំខាន់ និងកក់ក្តៅបំផុតមួយរបស់លោកស្រីដោយសារតែលោកស្រីនឹងបញ្ចប់ការងារនៅកម្ពុជានាពេលឆាប់ៗខាងមុខនេះ។
លោកស្រីបានអរគុណយ៉ាងស្មោះស្ម័គ្រចំពោះការប្តេជ្ញាចិត្ត និងកោតសរសើរចំពោះភាពជាអ្នកដឹកនាំដ៏រឹងមាំ ប្រកបដោយសមត្ថភាពពេញលេញរបស់ឯកឧត្តម ហេង សួរ ដែលកំពុងធ្វើឱ្យមានការផ្លាស់ប្តូរជាវិជ្ជមានយ៉ាងពិតប្រាកដក្នុងវិស័យការងារ ដោយលោកស្រីជឿជាក់ថា ប្រទេសកម្ពុជានឹងនៅតែបន្តការអភិវឌ្ឍ ហើយកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនឹងកាន់តែជិតស្និទ្ធថែមទៀត។
ឯកឧត្តមរដ្ឋមន្រ្តីក៏បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់លោកស្រី ដែលបានបង្កើតកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កានាពេលកន្លងមក រួមទាំងសមិទ្ធផលចុងក្រោយនេះ ជាពិសេស ជួយធ្វើឱ្យ KOICA បានពង្រីកកិច្ចសហប្រតិបត្តិការជាមួយក្រសួងផ្សេងៗ មិនត្រឹមតែជាមួយក្រសួងការងារប៉ុណ្ណោះទេ ដែលជាការរួមចំណែកដ៏មានន័យចំពោះការអភិវឌ្ឍរបស់កម្ពុជា។ ក្រសួងការងារនឹងបន្តអនុវត្តគម្រោងនេះឱ្យទទួលបានជោគជ័យ និងរង់ចាំស្វាគមន៍ពង្រីកកិច្ចសហប្រតិបត្តិការជាមួយនឹង KOICA នាពេលអនាគតបន្តទៀត៕











-
PR NEWS7 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន4 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន4 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន4 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត