ព័ត៌មាន
ក្រសួងវប្បធម៌កម្ពុជា បន្តតវ៉ា និងប្រឆាំងដាច់ខាតចំពោះសកម្មភាពថ្មីៗរបស់ថៃ សាងសង់ហេដ្ឋារចនាសម្ព័ន្ធ និងវត្តមានរបស់មន្រ្តីជាន់ខ្ពស់ថៃនៅប្រាសាទតាក្របី
ភ្នំពេញ៖នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦នេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចេញសេចក្ដីថ្លែងការណ៍ជាថ្មី ប្រកាស តវ៉ា និងប្រឆាំងដាច់ខាតចំពោះសកម្មភាពថ្មីៗរបស់ថៃ សាងសង់ហេដ្ឋារចនាសម្ព័ន្ធ និងវត្តមានរបស់មន្រ្តីជាន់ខ្ពស់ថៃនៅប្រាសាទតាក្របី។
តាមសេចក្ដីថ្លែងការណ៍ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានលើកឡើងថា ស្របតាមលិខិតផ្លូវការ ចុះថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ និងថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៦ ព្រមទាំងថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ សូមបន្តធ្វើការតវ៉ាយ៉ាងខ្លាំងខ្លាបំផុត ចំពោះវត្តមាន និងការបន្តបង្កសកម្មភាពខុសច្បាប់របស់អាជ្ញាធរថៃ នៅប្រាសាទតាក្របី និងតំបន់ជុំវិញ ដែលជាទីតាំងស្ថិតនៅក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា។
ទោះបីមានការតវ៉ាជាបន្តបន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជាក៏ដោយ ក៏អាជ្ញាធរថៃនៅតែបន្តរៀបចំការជួបជុំសាធារណៈ សម្របសម្រួលការទស្សនា និងអនុវត្តសកម្មភាពផ្សេងៗនៅតំបន់នោះ។ សកម្មភាពទាំងនេះគឺជាការរំលោភយ៉ាងធ្ងន់ធ្ងរលើអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា ហើយជាសកម្មភាពខុសច្បាប់។
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា ប្រកាស ប្រឆាំងដាច់ខាតចំពោះសកម្មភាពថ្មីៗ រួមមានការងារសាងសង់ហេដ្ឋារចនាសម្ព័ន្ធ និងវត្តមានរបស់អាជ្ញាធរថៃ ដែលសុទ្ធតែជាសកម្មភាពបង្កើតស្ថានភាពជាក់ស្តែងនៅលើដី (fait accompli) ។ សកម្មភាពទាំងអស់នេះ គឺជាការរំលោភយ៉ាងធ្ងន់ធ្ងរលើសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៧ ឯកសារអនុវត្តសន្ធិសញ្ញាដែលពាក់ព័ន្ធនឹងការងារកំណត់និងខណ្ឌសីមាព្រំដែន រួមទាំងផែនទីមាត្រដ្ឋាន 1:200,000 និងកំណត់ហេតុនៃគណៈកម្មការកំណត់ព្រំដែន និងគណៈកម្មការបោះបង្គោលព្រំដែនរវាងឥណ្ឌូចិននិងសៀម ក៏ដូចជាអនុស្សរណៈយោគយល់គ្នាឆ្នាំ២០០០ បែបបទបច្ចេកទេស និងផែនការមេឆ្នាំ២០០៣ ធម្មនុញ្ញអង្គការសហប្រជាជាតិ និងគោលការណ៍មូលដ្ឋាននៃច្បាប់អន្តរជាតិ។ សកម្មភាពទាំងនេះ ក៏រំលោភទៅនឹងសមត្ថកិច្ចរបស់គណៈកម្មការចម្រុះព្រំដែននៃភាគីទាំងពីរ (JBC) ផងដែរ។
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក៏បានធ្វើការតវ៉ាដាច់អហង្ការចំពោះវត្តមានរបស់មន្រ្តីជាន់ខ្ពស់ថៃ រួមទាំងរដ្ឋមន្រ្តីក្រសួងវប្បធម៌ និងរដ្ឋមន្រ្តីក្រសួងការពារជាតិថៃ នៅប្រាសាទតាក្របី ក៏ដូចជាការរៀបចំសកម្មភាពនៅទីតាំងនេះនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦នេះ។ វត្តមានរបស់មន្ត្រីជាន់ខ្ពស់ទាំងនេះ បានបង្ហាញពីចរិតលក្ខណៈពង្រឹងសកម្មភាពខុសច្បាប់ និងបំផ្លាញដល់កិច្ចខិតខំប្រឹងប្រែងដោះស្រាយបញ្ហាដោយសន្តិវិធី និងតាមការចរចា។
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក៏អំពាវនាវដល់រាជរដ្ឋាភិបាលថៃ ឱ្យបញ្ឈប់ភ្លាមៗនូវសកម្មភាពទាំងអស់នៅប្រាសាទតាក្របី ដកចេញនូវសមត្ថកិច្ចទាំងអស់ចេញពីទីតាំង និងបញ្ឈប់សកម្មភាពនានាដែលកំពុងធ្វើ។ កម្ពុជាបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ខ្លួន ក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធី តាមរយៈយន្តការទ្វេភាគីដែលមានស្រាប់ ជាពិសេសយន្តការ JBC ៕






-
PR NEWS6 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន4 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន4 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន4 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត