Connect with us

ព័ត៌មាន

ឯកឧត្តម ហ៊ុន ម៉ានី៖ ពាក់ព័ន្ធលើរឿង “អាវក្រៅ jacket” គឺត្រូវមើលលើសពី “ម៉ាក brand របស់អាវ” ដែលនៅលើអាវ ដោយបង្វែរមកមើលពីសារៈសំខាន់ពីអត្ថន័យ និងអនុស្សាវរីយ៍នៃ “អាវក្រៅ jacket” វិញ

«មួយរយៈនេះ ខ្ញុំបានចាប់អារម្មណ៍ពីប្រធានបទដែលបានលើកឡើងពី “អាវក្រៅ jacket” ដែលខ្ញុំបានពាក់នៅក្នុងពេលចូលឆ្នាំខ្មែរថ្មីៗនេះ។ ខ្ញុំបានតាមដាន មតិយោបល់ដែលបានលើកឡើងទាំងបងប្អូននៅក្នុងប្រទេសនិងក្រៅប្រទេស ហើយក៏មានបរទេសមួយចំនួនបានយករឿងនេះធ្វើជាប្រធានបទផងដែរ។ ខ្ញុំសូមអរគុណបងប្អូនដែលបានយល់និងបានចេញមកបកស្រាយការពារដើម្បីកុំឱ្យមានការភ័ន្តច្រឡំ។

ខ្ញុំចង់លើកឡើងចំណុចខ្លះ ដើម្បីជាការបញ្ជាក់ពាក់ព័ន្ធលើរឿង “អាវក្រៅ jacket” គឺត្រូវមើល លើសពី “ម៉ាក brand របស់អាវ” ដែលនៅលើអាវ ដោយបង្វែរមកមើលពីសារៈសំខាន់អំពីអត្ថន័យនិងអនុស្សាវរីយ៍នៃ “អាវក្រៅ jacket” ដែលបន្សល់ទុកពីកម្មវិធី “CAMBODIA 2023” 32nd SEA Games និង 12th ASEAN Para Games ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះលើកដំបូង ក្រោយពីការរៀបចំកម្មវិធីកីឡាតំបន់ GANEFO នៅក្នុងឆ្នាំ១៩៦៦។

ឆ្នាំ២០២៣ ព្រះរាជាណាចក្រកម្ពុជាបានធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំ SEA Games លើកទី៣២ និង ការរៀបចំ ASEAN Para Games លើកទី១២ ដែលបាននាំមកនូវ៖

• “មោទនភាពជាតិ” ដោយបានស្វាគមន៍មិត្តភក្តិបរទេសពី ក្នុងតំបន់អាស៊ីអាគ្នេយ៍មកកម្ពុជា ឱ្យបានឃើញ អ្វីជាកម្ពុជាបច្ចុប្បន្នក្នុងឆ្នាំ២០២៣។ កម្ពុជាដែលជាប្រទេសដែលបានឆ្លងកាត់ សង្រ្គាមរ៉ាំរ៉ៃ ជម្លោះប្រដាប់អាវុធ បានខំប្រឹងប្រែងក្រោកឈរ នាំមកវិញនូវសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍលើគ្រប់វិស័យ ជាផលប្រយោជន៍ជូនជាតិនិងប្រជាជនខ្លួនផង និងចូលរួមដោយពេញសិទ្ធិក្នុងនាមជារដ្ឋសមាជិកនៃអាស៊ានផង។

To showcase Cambodia’s reality in 2023 and to welcome our ASEAN friends, including delegations and athletes from both the SEA Games and the ASEAN Para Games.

• “អត្ថន័យនិងអនុស្សាវរីយ៍” ជាច្រើនដែលមិនអាចបំភ្លេចបាន ដែលខ្ញុំគិតថាក្នុងនាមជាខ្មែរយើងនឹងនៅចងចាំតទៅមុខ ដោយមោទនភាព

– “ស្មារតីជាតិ” ក្នុងនាមជាម្ចាស់ផ្ទះ ទាំងរាជរដ្ឋាភិបាល គណៈកម្មការរៀបចំ កីឡាករកីឡាការិនីទាំងអស់ និងប្រជាពលរដ្ឋទាំងក្នុងនិងក្រៅប្រទេស

– កម្មវិធីសម្តែងក្នុងពិធីបើកនិងបិទដ៏អស្ចារ្យដែលយើងមិននឹកស្មាន ប៉ុន្តែយើងបានបង្ហាញពីសមត្ថភាពរបស់កម្ពុជាក្នុងការរៀបចំប្រតិបត្តិការថ្នាក់តំបន់មួយនេះ។ មកដល់ពេលនេះខ្ញុំនៅចងចាំ សំឡេងរួមរបស់មនុស្សជាង៦០,០០០នាក់ ដែលបានបង្ហាញស្រុះគ្នា ជាតំណាងនៃសំឡេងជាតិទាំងមូល។ ហើយអ្វីដែលមិនអាចបំភ្លេចបានមួយទៀតគឺ យុទ្ធនាការ “លើសពីការប្រកួត Beyond The Games”។

– ការប្រព្រឹត្តទៅនៃប្រតិបត្តិការទាំងមូលដោយមិនមានបញ្ហាស្មុគស្មាញណាមួយ ដែលក្នុងនាមជាម្ចាស់ផ្ទះយើងមិនអាចដោះស្រាយបានទេ។ មិនត្រឹមតែប៉ុណ្ណឹង កម្ពុជាក្នុងនាមជាម្ចាស់ផ្ទះ បានទទួលរ៉ាប់រងលើការចំណាយនិងការបង់កាតព្វកិច្ចរបស់កីឡាករកីឡាការិនី មកពីប្រទេសជាមិត្តក្នុងអាស៊ាន ដែលចំណុចនេះហាក់ដូចមិនទាន់មានប្រទេសណាមួយបានបង្ហាញមនោសញ្ចេតនាដូចទឹកចិត្តកម្ពុជានៅឆ្នាំ២០២៣នោះទេ។

– អនុស្សាវរីយ៍ជាច្រើនទៀតដែលចេញមកពីការរាក់ទាក់របស់ប្រជាជាតិយើង និងជាពិសេសស្នាមញញឹម ភាពកក់ក្តៅចេញពីបេះដូង ពីយុវជនស្ម័គ្រចិត្តរបស់យើងរាប់ពាន់នាក់(៦០០០នាក់ ក្នុង SEA Games និង ៣០០០នាក់ ក្នុង ASEAN Para Games) ដែលបានបំពេញការងារប្រកបដោយការទទួលខុសត្រូវ ដោយមិនខ្លាចនឿយហត់ សម្រាប់គណៈប្រតិភូមិត្តបរទេសទាំងអស់ ជាពិសេស កីឡាករនិងកីឡាការិនី ដែលមកប្រកួតនៅ 32nd SEA Games និង 12th ASEAN Para Games នៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។

ជារួមមក “អាវក្រៅ jacket” មានអត្ថន័យសម្រាប់ខ្ញុំ ក្នុងនាមជាកូនខ្មែរមួយរូប ដែលមិនកាត់ថ្លៃបានហើយក៏មិនអាចបំភ្លេចបាន ដោយហេតុនេះហើយ គឺខ្ញុំនឹងនៅបន្តពាក់អាវតាំងពីឆ្នាំ២០២៣នេះ តទៅមុខ មិនថាមានស្ថានភាពយ៉ាងណានោះទេ ព្រោះមានអនុស្សាវរីយ៍ដ៏កក់ក្តៅពោរពេញដោយមនោសញ្ចេតនា និងមោទនភាពជាតិច្រើនណាស់សម្រាប់ខ្ញុំ។ មានចំណុចជាច្រើនទៀតដែលខ្ញុំចង់លើកឡើងប៉ុន្តែ ខ្ញុំសង្ឃឹមថាតាមរយៈការបញ្ជាក់ខាងលើនេះគឺ បងប្អូនជនរួមជាតិអាចយល់ច្បាស់ពី អត្ថន័យនៃ “អាវក្រៅ jacket “ មួយនេះ ដែលលើសពី “ម៉ាក brand របស់អាវ”។

សម្រាប់បញ្ហាព្រំដែនកម្ពុជា-ថៃ យើងគួរបន្តតាមដាន ចូលរួម និងផ្តល់ជំនឿទុកចិត្តដល់ថ្នាក់ដឹកនាំ ជាពិសេស សម្តេចធិបតី ក្នុងការ៖

១. អនុវត្តឱ្យបានខ្ជាប់ខ្ជួននូវ បទឈប់បាញ់ ដែលបានចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ជាពិសេសការបន្តបោះបង្គោលព្រំដែនតាមយន្តការ JBC

២. ជ្រើសរើសការចរចាជាជាងការប្រើប្រាស់កម្លាំងប្រដាប់អាវុធ ក្នុងការដោះស្រាយបញ្ហា ដែលនេះជាជំហររបស់កម្ពុជាពីដើមជារៀងរហូតមក

៣. ក្នុងស្ថានភាពដែលមានការប្រែប្រួលនៃសណ្តាប់ធ្នាប់អន្តរជាតិ ជម្រើសក្នុងការដោះស្រាយបញ្ហាកម្ពុជា-ថៃឱ្យមានស្ថានភាពប្រសើរ ដោយសន្តិវិធី គឺនឹងនាំមកនូវផលវិជ្ជមាន និងវិបុលភាពដែលជាផលប្រយោជន៍របស់ប្រជាជាតិទាំងពីរ»៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia