ព័ត៌មាន
មន្ទីរការងារខេត្តបាត់ដំបង ចុះផ្សព្វផ្សាយស្តីពីឱកាសការងារ និងសុវត្ថិភាព នៃការធ្វើចំណាកស្រុកជូនដល់ប្រជាពលរដ្ឋនៅតាមបន្ទាត់ព្រំដែន
ដើម្បីផ្សព្វផ្សាយពីឱកាសការងារដ៏សម្បូរបែបនៅក្នុងស្រុក និងបញ្ចៀសការធ្វើចំណាកស្រុកដោយខុសច្បាប់ មន្ត្រីនៃមន្ទីរការងារខេត្តបាត់ដំបងនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានចុះផ្សព្វផ្សាយស្តីពីឱកាសការងារ និងសុវត្ថិភាពនៃការធ្វើចំណាកស្រុកជូនដល់ប្រជាពលរដ្ឋនៅតាមបន្ទាត់ព្រំដែន។

លោក មាស ដារ៉ា ប្រធានមន្ទីរការងារខេត្តបាត់ដំបង បានបញ្ជាក់នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ថា ជារៀងរាល់សប្តាហ៍ មន្ត្រីនៃមន្ទីរការងារខេត្តបាត់ដំបងតែងតែចុះផ្សព្វផ្សាយព័ត៌មានស្តីពីឱកាសការងារ ចែកខិត្តប័ណ្ណ និងផ្តល់នូវលេខទំនាក់ទំនងជូនដល់ប្រជាពលរដ្ឋ អតីតពលករដែលត្រឡប់មកពីប្រទេសថៃ និងណែនាំពីការធ្វើចំណាកស្រុកដោយស្របច្បាប់ដល់អ្នកដែលមានបំណងដែលចង់ធ្វើការចំណាកស្រុក នៅតាមស្រុកជាច្រើនជាប់បន្ទាត់ព្រំដែនដូចជាស្រុកកំរៀង ស្រុកសំពៅលូន និងស្រុកភ្នំព្រឹក និងមណ្ឌលទទួលពលករកំរៀង។
លោកអះអាងថា «មន្ទីរការងារខេត្តបាត់ដំបងបានរៀបផែនការផ្សព្វផ្សាយជារៀងរាល់សប្តាហ៍ដើម្បីចុះផ្សព្វផ្សាយពីឱកាសការងារ និងសុវត្ថិភាពនៃការធ្វើចំណាកស្រុកដោយស្របច្បាប់ ជូនដល់ពលរដ្ឋខ្មែរដែលរស់នៅជាប់បន្ទាត់ព្រំដែនដូចជាស្រុកកំរៀង ស្រុកសំពៅលូន ស្រុកភ្នំព្រឹក និងមណ្ឌលទទួលពលករកំរៀង ដោយក្នុងនោះយើងក៏បានផ្តល់លេខទំនាក់ទំនងរបស់មន្ទីរ និងលេខ ១២៩៧ ដើម្បីផ្តល់ភាពងាយស្រួលបន្ថែមដល់ពួកគាត់ក្នុងការរកការងារធ្វើ»។
ជាមួយគ្នានេះ លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានប្រសាសន៍ថា ការចុះផ្សព្វផ្សាយជាបន្តបន្ទាប់របស់មន្ទីរការងារតាមខេត្តនៅតាមបន្ទាត់ព្រំដែន បានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់ក្រសួងការងារដែលជាសេនាធិការជូនរាជរដ្ឋាភិបាល ក្នុងការធានានូវការទទួលបានការងារធ្វើរបស់ពលរដ្ឋខ្មែរ និងការបញ្ចៀសនូវការធ្វើចំណាកស្រុកខុសច្បាប់។
អ្នកនាំពាក្យរូបនេះ គូសបញ្ជាក់ថា «ការផ្សព្វផ្សាយរបស់មន្ទីរការងារតាមខេត្តគឺយុទ្ធសាស្ត្រភ្លៀងរលឹម ដែលដាក់ចេញដោយឯកឧត្តមរដ្ឋមន្ត្រី ជាសេនាធិការជូនរាជរដ្ឋាភិបាលដើម្បីធានាថាពលរដ្ឋខ្មែរទទួលបានការងារធ្វើគ្រប់ៗគ្នា»។
បន្ថែមពីនេះ លោក ស៊ុន មេសា សូមអំពាវនាវដល់ពលរដ្ឋខ្មែរដែលរស់នៅតាមបន្ទាត់ព្រំដែន សូមសិក្សាស្វែងយល់ឱ្យបានច្បាស់ពីការធ្វើចំណាកស្រុក មុននឹងជឿការអូសទាញពីអ្នកដទៃ ជៀសវាងការធ្វើចំណាកស្រុកខុសច្បាប់ និងស្វែងរកការងារធ្វើនៅក្នុងស្រុកដែលមានភាពសម្បូរបែបជាង មានអត្ថប្រយោជន៍ និងសុវត្ថិភាពជាង៕








-
ព័ត៌មាន1 week agoមន្ទីរពេទ្យព្រះអង្គឌួង ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវម៉ាស៊ីន Endoscope សំរាប់ពិនិត្យ ព្យាបាល បញ្ហាក្នុងបំពង់ទឹកប្រមាត់ និងលំពែង
-
PR NEWS4 days agoមហាព្រឹត្តិការណ៍តន្ត្រីគុនខ្មែរលំដាប់ប្រទេសរបស់ស្រាបៀរ GANZBERG បានទៅដល់ខេត្តក្រចេះហើយ!
-
ព័ត៌មាន1 week agoសម្តេចធិបតីផ្ញើសារច្បាស់លាស់ និងយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរមូលដ្ឋានឱ្យបង្ក្រាប Online Scams ឱ្យទាល់តែអស់ជាដាច់ខាតប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត
-
ព័ត៌មាន1 week agoក្រសួងការងារបង្ហាញក្តីរន្ធត់យ៉ាងក្រៃលែងចំពោះករណីចរាចរណ៍បណ្តាលឱ្យបងប្អូនកម្មករជាង ១០នាក់ស្លាប់ និងរបួសជាង៣០នាក់ នៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំ
-
ព័ត៌មាន1 week agoបច្ចុប្បន្នភាពត្រឹមម៉ោង១២! គ្រោះថ្នាក់ចរាចរណ៍នៅខេត្តកំពង់ឆ្នាំង និងស្វាយរៀង “ស្លាប់ ១៤នាក់ របួសធ្ងន់-ស្រាល ៩៣នាក់”
-
ព័ត៌មាន6 days agoអ្នកនាំពាក្យក្រសួងការពារជាតិ៖ មានឮសំឡេងបាញ់កាំភ្លើងចំនួន ២២គ្រាប់ ពីសំណាក់យោធាថៃដោយគ្មានមូលហេតុ នៅតំបន់ច្រកអន្តរជាតិអូរស្មាច់
-
ព័ត៌មាន1 week agoកម្ពុជានាំយកសក្តានុពលទេសចរណ៍ បេតិកភណ្ឌពិភពលោក វប្បធម៌ប្រពៃណីនិងស្នាមញញឹមកម្ពុជា ទៅភ្ជាប់បេះដូងប្រជាជនចិននៅហៃណានមកទស្សនាកម្ពុជាដោយផ្ទាល់
-
ព័ត៌មាន1 day agoកងទ័ពមានសុទិដ្ឋិនិយមស្ដូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ ខេត្តកោះកុងជានិមិត្តសញ្ញាសន្តិភាព