ព័ត៌មាន
អតីតពលករត្រឡប់មកពីថៃ បន្តអំពាវនាវពលរដ្ឋខ្មែរនៅថៃងាកមកធ្វើការក្នុងស្រុកដែលកំពុងមានតម្រូវការការងារច្រើន
ក្រុមអតីតពលករខ្មែរដែលបានវិលត្រឡប់មកពីប្រទេសថៃវិញ បានបន្តអំពាវនាវដល់ប្រជាពលករដែលកំពុងបម្រើការងារនៅប្រទេសថៃ ឱ្យងាកមកស្វែងរកការងារនៅក្នុងស្រុកវិញ ដោយអះអាងថា បច្ចុប្បន្នកម្ពុជាមានឱកាសការងារសម្បូរបែប និងផ្តល់ប្រាក់ឈ្នួលសមរម្យមិនចាញ់ការងារនៅបរទេស និងមានអត្ថប្រយោជន៍ជាច្រើនផ្សេងៗថែមទៀត។
កញ្ញា ម៉ៅ ដាវី មានស្រុកកំណើតនៅខេត្តកណ្តាល ជាអតីតពលករមកពីថៃ បច្ចុប្បន្នជាកម្មការិនីរោងចក្រកាត់ដេរសម្លៀកបំពាក់ ស៊ិនគី អឹភែរឹល (ខេមបូឌា) ខូអិលធីឌី ស្ថិតនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង កាលពីរសៀលថ្ងៃទី២២ មេសា ឆ្នាំ២០២៦កន្លងទៅ កញ្ញាបានឱ្យព័ត៌មាន ប៊ីធីវី ដឹងថា ដោយសារជីវភាពខ្វះខាត និងមិនដឹងថាកម្ពុជាមានការងារច្រើន ទើបសម្រេចចិត្តទៅតាមសាច់ញាតិដើម្បីធ្វើការងារក្នុងវិស័យកាត់ដេរ។ កញ្ញា រៀបរាប់បន្តថា ការធ្វើការងារនៅថៃជួបការលំបាកច្រើន ទាំងប្រាក់ឈ្នួលបើកមិនទៀងទាត់, មិនមានអត្ថប្រយោជន៍ច្រើនដូចនៅកម្ពុជា និងទៅណាមកណាមានការរើសអើងជាតិសាសន៍ជាដើម ដោយមានអារម្មណ៍ថា មិនស្រណុកសុខស្រួល និងមិនមានសុខសុវត្ថិភាពក្នុងការរស់នៅនិងធ្វើការងារ។
ចំណែក អតីតពលករម្នាក់ទៀត លោក ខា ម៉េនសឺ មានស្រុកកំណើតមកពីខេត្តបន្ទាយមានជ័យ បច្ចុប្បន្នកំពុងបំពេញការងារនៅរោងចក្រកាត់ដេរដូចគ្នាខាងលើនេះ បានឱ្យដឹងស្រដៀងគ្នាថា ឆ្លងកាត់បទពិសោធន៍រស់នៅ និងធ្វើការរយៈពេលជាង ២ឆ្នាំកន្លងមកនេះនៅថៃ លោកបានមើលឃើញថា ការធ្វើការងារក្នុងស្រុកពិតជាផ្តល់ភាពងាយស្រួលច្រើនជាងនៅប្រទេសគេ ដោយសារបានរស់នៅជិតក្រុមគ្រួសារ និងមិនចាំបាច់ចំណាយច្រើនទៅលើថ្លៃប៉ាស្ព័រជាដើម។ លោកបានអះអាងទៀតថា ទៅអនាគតខាងមុខ បើទោះបីជាស្ថានភាពព្រំដែនវិលមករកប្រក្រតីភាពឡើងវិញយ៉ាងណាក្តី ក៏លោកគ្មានបំណងចង់ត្រឡប់ងទៅថៃវិញទេ ដោយសារថាការងារសព្វថ្ងៃនៅកម្ពុជា ក៏អាចផ្តល់ចំណូលសមរម្យសម្រាប់ផ្គត់ផ្គង់គ្រួសារ ម្យ៉ាងក៏នៅជិតផ្ទះដែលអាចឱ្យលោកមានឱកាសជួបជុំក្រុមគ្រួសារ សាច់ញាតិ និងឪពុកម្តាយវ័យចំណាស់ងដែរ។
បើតាម លោក ម៉ៅ វណ្ណៈ ប្រធានផ្នែកធនធានមនុស្សនៃរោងចក្រ ស៊ិនគី អឹភែរឹល បានបញ្ជាក់ប្រាប់ ប៊ីធីវី ឱ្យដឹងថា រហូតមកដល់ពេលនេះ រោងចក្រខាងលោកនៅតែមានតម្រូវការកម្លាំងពលកម្មចំនួនប្រមាណ ៧ពាន់នាក់ បន្ថែមទៀត ខណៈសព្វថ្ងៃកម្មករនិយោជិត និងបុគ្គលិក ដែលកំពុងបំពេញការងារនៅទីនេះមានចំនួនសរុបប្រមាណ ៨ ៥០០នាក់។ លោកបានបន្តថា ការត្រូវការកម្លាំងពលកម្មបន្ថែមនេះ ដោយសាររោងចក្របានពង្រីកអគារបន្ថែមក្នុងការផលិតដើម្បីនាំចេញ និងហេតុផលមួយទៀត គឺការបញ្ជាទិញក៏មានការកើនឡើងដូចគ្នាផងដែរ។
សូមជម្រាបថា គិតត្រឹមខែមករា ឆ្នាំ២០២៦ ប្រជាពលរដ្ឋខ្មែរ និងអតីតពលករប្រមាណជាង ៩៦ម៉ឺននាក់ ក្នុងនោះមានអតីតពលករប្រមាណ ៦៣ម៉ឺននាក់ បានត្រឡប់មកកម្ពុជា ក្រោយកម្ពុជា និងថៃមានជម្លោះតាមព្រំដែន។ តាមរយៈយន្តការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានជួយពលករទទួលបានការងារធ្វើសរុបចំនួនជាង ៣១ម៉ឺននាក់ តាមរយៈប្រព័ន្ធទូរសព្ទ ១២៩៧, វេទិកាការងារ, ការផ្សព្វផ្សាយព័ត៌មានឱកាសការងារ និងតាមរយៈរោងចក្រផ្ទាល់។ ទន្ទឹមនេះ អតីតពលករចំនួន ៣២ម៉ឺននាក់ផ្សេងទៀតបានចាប់យកជីវភាពកសិកម្មបែបគ្រួសារ ការងារក្នុងកសិដ្ឋាន ការដ្ឋានសំណង់ សិប្បកម្ម ភោជនីយដ្ឋាន និងសកម្មភាពសេដ្ឋកិច្ចក្រៅប្រព័ន្ធ៕អត្ថបទ៖ ឈិត បូរ៉ាវី










-
ព័ត៌មាន1 week agoមន្ទីរពេទ្យព្រះអង្គឌួង ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវម៉ាស៊ីន Endoscope សំរាប់ពិនិត្យ ព្យាបាល បញ្ហាក្នុងបំពង់ទឹកប្រមាត់ និងលំពែង
-
PR NEWS4 days agoមហាព្រឹត្តិការណ៍តន្ត្រីគុនខ្មែរលំដាប់ប្រទេសរបស់ស្រាបៀរ GANZBERG បានទៅដល់ខេត្តក្រចេះហើយ!
-
ព័ត៌មាន1 week agoសម្តេចធិបតីផ្ញើសារច្បាស់លាស់ និងយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរមូលដ្ឋានឱ្យបង្ក្រាប Online Scams ឱ្យទាល់តែអស់ជាដាច់ខាតប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត
-
ព័ត៌មាន1 week agoក្រសួងការងារបង្ហាញក្តីរន្ធត់យ៉ាងក្រៃលែងចំពោះករណីចរាចរណ៍បណ្តាលឱ្យបងប្អូនកម្មករជាង ១០នាក់ស្លាប់ និងរបួសជាង៣០នាក់ នៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំ
-
ព័ត៌មាន1 week agoបច្ចុប្បន្នភាពត្រឹមម៉ោង១២! គ្រោះថ្នាក់ចរាចរណ៍នៅខេត្តកំពង់ឆ្នាំង និងស្វាយរៀង “ស្លាប់ ១៤នាក់ របួសធ្ងន់-ស្រាល ៩៣នាក់”
-
ព័ត៌មាន6 days agoអ្នកនាំពាក្យក្រសួងការពារជាតិ៖ មានឮសំឡេងបាញ់កាំភ្លើងចំនួន ២២គ្រាប់ ពីសំណាក់យោធាថៃដោយគ្មានមូលហេតុ នៅតំបន់ច្រកអន្តរជាតិអូរស្មាច់
-
ព័ត៌មាន1 week agoកម្ពុជានាំយកសក្តានុពលទេសចរណ៍ បេតិកភណ្ឌពិភពលោក វប្បធម៌ប្រពៃណីនិងស្នាមញញឹមកម្ពុជា ទៅភ្ជាប់បេះដូងប្រជាជនចិននៅហៃណានមកទស្សនាកម្ពុជាដោយផ្ទាល់
-
ព័ត៌មាន1 day agoកងទ័ពមានសុទិដ្ឋិនិយមស្ដូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ ខេត្តកោះកុងជានិមិត្តសញ្ញាសន្តិភាព