ព័ត៌មាន
ប្រមុខការទូតកម្ពុជាបន្តបង្ហាញជំហររបស់កម្ពុជាចំពោះការគោរពបទឈប់បាញ់ និងច្បាប់អន្តរជាតិលើការដោះស្រាយបញ្ហាជាមួយថៃក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន-សហភាពអឺរ៉ុប
ភ្នំពេញ៖ក្នុងឱកាសចូលរួម កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន-សហភាពអឺរ៉ុប លើកទី២៥ នៅថ្ងៃទី២៧-២៨ ខែមេសា ឆ្នាំ២០២៦ នៅរាជធានីបានដាស៊េរីបេហ្គាវ៉ាន់ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បន្តបង្ហាញអំពីជំហររបស់កម្ពុជាចំពោះការគោរពបទឈប់បាញ់ និងច្បាប់អន្តរជាតិ លើការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេថៃ។
នៅក្នុងកិច្ចប្រជុំនេះឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ជាថ្មីនូវការគាំទ្ររបស់កម្ពុជាចំពោះសំណើរបស់ សហភាពអឺរ៉ុប ដែលស្នើដំឡើងកម្រិតទំនាក់ទំនងភាពជាដៃគូអាស៊ាន-សហភាពអឺរ៉ុបទៅជាភាពជាដៃគូយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយ និងសំណើរៀបចំកិច្ចប្រជុំកំពូលអាស៊ាន-សហភាពអឺរ៉ុបជាទៀងទាត់ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងការលើកកម្ពស់សន្តិភាព ស្ថិរភាព និងវិបុលភាព ក្នុងតំបន់ និងក្រៅតំបន់។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បាន គូសបញ្ជាក់អំពីសារៈសំខាន់នៃលទ្ធភាពបង្កើតកិច្ចព្រមព្រៀងតំបន់ពាណិជ្ជកម្មសេរីអាស៊ាន-សហភាពអឺរ៉ុប ដែល ជាកិច្ចព្រមព្រៀងកម្រិតតំបន់និងតំបន់ និងទន្ទឹងរង់ចាំការចូលជាធរមានដ៏ឆាប់នៃកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយស្តីពី ការដឹកជញ្ជូនផ្លូវអាកាសអាស៊ាន-សហភាពអឺរ៉ុប ដែលជាជំហានជាក់ស្តែងឆ្ពោះទៅរកការពង្រឹងការតភ្ជាប់អន្តរតំបន់ និងទំនាក់ទំនងរវាងប្រជាជននិងប្រជាជនឱ្យកាន់តែជិតស្និទ្ធ។
ឯកឧត្តមឧបនាយករដ្ឋមន្រ្ដី ក៏បានសម្ដែងនូវការអរគុណយ៉ាងខ្លាំងចំពោះការបន្តគាំទ្ររបស់សហភាពអ៊ឺរ៉ុបសម្រាប់កិច្ចសហប្រតិបត្តិការតំបន់ ជាពិសេសក្នុងការជំរុញបណ្តាញអគ្គិសនីអាស៊ាន ដើម្បីគាំទ្រដល់សមាហរណកម្មថាមពលកកើតឡើងវិញ ការ កាត់បន្ថយថ្លៃដើម ការបង្កើនទំនុកចិត្ត និងការពង្រឹងសមាហរណកម្មតំបន់។ ភាពនាំមុខរបស់សហភាពអ៊ឺរ៉ុបក្នុងវិស័យថាមពលបៃតង បទពិសោធ ក្នុងាករធ្វើសមាហរណកម្មទីផ្សារអគ្គិសនី និងតួនាទីជាប្រភពវិនិយោគចម្បង គឺមានតម្លៃដ៏សំខាន់ចំពោះអាស៊ានជាពិសេសក្នុងការជំរុញបណ្តាញអគ្គិសនីអាស៊ាន ដើម្បីគាំទ្រដល់សមាហរណកម្មថាមពលកកើតឡើងវិញ ការកាត់បន្ថយថ្លៃដើម ការបង្កើនទំនុកចិត្ត និងការពង្រឹងសមាហរណកម្មតំបន់។
នៅក្នុងទិដ្ឋភាពពិភពលោកដែលកាន់តែស្មុគស្មាញ ហើយត្រូវបានកត់សម្គាល់ដោយការកើនឡើងនៃការ ប្រកួតប្រជែងភូមិសាស្ត្រនយោបាយ និងការកើតឡើងវិញនៃជម្លោះប្រដាប់អាវុធនៅក្នុងផ្នែកជាច្រើននៃពិភពលោក ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីសារៈសំខាន់នៃការប្រកាន់ខ្ជាប់នូវការគោរពច្បាប់អន្តរជាតិ និងគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ ជាពិសេសការគោរពអធិបតេយ្យ និងបូរណភាពទឹកដី នូវការគំរាមកំហែង ឬការប្រើប្រាស់កម្លាំង និងការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ។ គោលការណ៍ដូចគ្នានេះគឺជាមូលដ្ឋាននៃជំហរ និងការគោរពរបស់កម្ពុជាពាក់ព័ន្ធនឹងស្ថានភាពនៅតាមបណ្តោយព្រំដែន ជាមួយប្រទេសថៃ។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានអរគុណដល់ប្រទេសសមាជិកអាស៊ាន និងសហភាពអឺរ៉ុប ចំពោះការគាំទ្រដល់បទឈប់បាញ់រវាងកម្ពុជា និងថៃ ក៏ដូចជាកិច្ចខិតខំប្រឹងប្រែងបន្តឆ្ពោះទៅ រកដំណោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ។
សូមបញ្ជាក់ថា តបតាមការអញ្ជើញរបស់ឯកឧត្តម ដាតុ អឺរីវ៉ាន់ ពើហ៊ុន យូសូហ្វ រដ្ឋមន្ត្រីការបរទេសទី២ នៃព្រុយណេដា រូស្សាឡាម ក្នុងនាមជាប្រទេសសម្របសម្រួលនៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-សហភាពអឺរ៉ុប ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន-សហភាពអឺរ៉ុប លើកទី២៥ នៅថ្ងៃទី២៧-២៨ ខែមេសា ឆ្នាំ២០២៦ នៅរាជធានីបានដាស៊េរីបេហ្គាវ៉ាន់។
កិច្ចប្រជុំនេះ ក៏បានអះអាងជាថ្មីនូវភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន-សហភាពអឺរ៉ុបដ៏រឹងមាំ និងពហុវិស័យដែល ឈរលើមូលដ្ឋាននៃតម្លៃ និងប្រយោជន៍រួម ហើយដែលត្រូវបានកសាង និងពង្រឹងឡើងក្នុងរយៈពេលជាង ៤ទសវត្សរ៍ កន្លងមក។ អាស៊ាន និងសហភាពអឺរ៉ុប បានគូសបញ្ជាក់អំពីវិសាលភាពនៃកិច្ចសហប្រតិបត្តិការក្រោមសត ទាំងបីនៃសហគមន៍អាស៊ាន។ ក្នុងស្មារតីនេះ កិច្ចប្រជុំបានអនុម័តសេចក្តីថ្លែងការណ៍រួមនៃកិច្ចប្រជុំរដ្ឋមន្ត្រី ការបរទេសអាស៊ាន-សហភាពអឺរ៉ុប លើកទី២៥ សំដៅពង្រឹងភាពជាដៃគូអាស៊ាន-សហភាពអឺរ៉ុប និងទន្ទឹងរង់ចាំ ការប្រារព្ធខួបលើកទី៥០ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-សហភាពអឺរ៉ុប នៅឆ្នាំក្រោយផងដែរ៕













-
ព័ត៌មាន1 week agoជនបរទេស ១,១៧៥នាក់ មាន២៨សញ្ជាតិ ត្រូវបានបណ្ដេញចេញពីកម្ពុជាពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ
-
ព័ត៌មាន1 week agoជនដែលឈ្លោះជាមួយជនបរទេស ក្នុងបណ្ដាញសង្គម គឺជាជនអនាថា គ្មានទីលំនៅពិតប្រាកដ
-
ព័ត៌មាន1 week agoកម្ពុជា និងចិន នឹងមានកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិ នៅថ្ងៃទី២២ ខែមេសា នេះ
-
ព័ត៌មាន3 days agoសម្តេច ហ៊ុន សែន អញ្ជើញ ជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត កំពង់ចាម
-
ព័ត៌មាន4 days agoជនជាតិចិន ៣២៩នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) ត្រូវបានបណ្ដេញចេញពីព្រះរាជាណាចក្រកម្ពុជា
-
PR NEWS5 days agoGANZBERG បន្តគ្រងដំណែងមេដាយមាសពិភពលោក Monde Selection ក្នុងឆ្នាំ ២០២៦
-
ព័ត៌មាន5 days agoទុរេនតំបន់ទឹកជ្រោះឱម៉ាល់ ក្នុងខេត្តកំពត ហុចផលល្អ ទោះឆ្នាំនេះ អាកាសធាតុក្ដៅ
-
ព័ត៌មាន4 days agoករណី Online Scams ៖ តំណាងអយ្យការសម្រេចចោទប្រកាន់លើមន្ត្រីនគរបាលផ្កាយបី១នាក់ ,ផ្កាយពីរ ១នាក់ និងពាក់ព័ន្ធ ៤នាក់ផ្សេងទៀត