Connect with us

ព័ត៌មាន

អភិបាលខេត្តកំពង់ស្ពឺណែនាំឱ្យបង្កើនការផ្សព្វផ្សាយ និងបង្ក្រាបឱ្យបាន ទីតាំង​ឆបោក​តាម​ប្រព័ន្ធ​អនឡាញ ​(Scams Online)

កំពង់ស្ពឺ៖ អភិបាលខេត្តកំពង់ស្ពឺឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បាន​ធ្វើ​ការ​ណែនាំ​ជា​ថ្មី​ទៅ​ដល់​​សមត្ថកិច្ចពាក់ព័ន្ធ និងអាជ្ញាធរក្រុង ស្រុកឱ្យបង្កើន​ការ​ផ្សព្វ​ផ្សាយ​ឱ្យ​កាន់​តែ​ទូលំ​ទូលាយ​ពី​ផល​ប៉ះពាល់ និងទោស​ទណ្ឌ​នៃ​ច្បាប់​ទៅដល់​បង​ប្អូន​ប្រជា​ពលរដ្ឋ​នៅ​តាម​មូល​ដ្ឋាន​ដែល​មាន​អគារ ផ្ទះសំណាក់ ឬទីតាំងជួលទៅឱ្យជនបរទេស ដើម្បីប្រព្រឹត្ត​បទ​ល្មើស​ឆបោក​តាម​ប្រព័ន្ធ​អន​ឡាញ(​Scams online)។ ការណែនាំ​ជាថ្មីនេះ ធ្វើឡើងក្នុងកិច្ចប្រជុំ​គណៈ​បញ្ជា​ការ​ឯកភាព​ខេត្ត​នា​ព្រឹក​ថ្ងៃ​ទី២៩ ខែមេសា ឆ្នាំ​២០២៦​ នៅអគាររដ្ឋបាលខេត្តកំពង់ស្ពឺ។

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានលើកឡើងថា ដើម្បីធានា​ឱ្យ​បាន​នូវ​ប្រសិទ្ធ​ភាព​យូរ​អង្វែង ​និងពង្រឹងជំនឿទុកចិត្តក្នុងសង្គម សម្ដេចធិបតីក៏បានដាក់ចេញនូវបទបញ្ជាម៉ឺងម៉ាត់ ដល់​អាជ្ញាធរ​ពាក់ព័ន្ធទាំងអស់ត្រូវបន្តសកម្មភាពបង្ក្រាបបទល្មើសបច្ចេកវិទ្យានេះជាប្រចាំ ដោយ​មិន​ត្រូវ​ទុក​ចន្លោះឱ្យជនល្មើស មានឱកាសបន្តសកម្មភាពបោកប្រាស់បានឡើយ ក្នុង​នោះ​សម្តេច​ក៏​បាន​សង្កត់​ធ្ងន់ថា រាល់ការអនុវត្តច្បាប់ត្រូវតែមានប្រសិទ្ធភាពបំផុត និងតឹង​រ៉ឹង​បំផុត​។ ជន​ដែល​ពាក់​ព័ន្ធ​ក្នុង​បទល្មើសអនឡាញ ត្រូវតែ ទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន ដោយគ្មាន​ការ​យោគ​យល់ ឬលើកលែងក្នុងករណីណាមួយនោះទេ។

ឯកឧត្តម បានបញ្ជាក់បន្ថែមថា ‎តាមរយៈបទបញ្ជានេះ រាជរដ្ឋាភិបាល​កម្ពុជា​ក៏​បាន​បង្ហាញ​សាជា​ថ្មី​នូវ​ការ​ប្តេជ្ញាចិត្តខ្ពស់ក្នុងការសម្អាត និងបង្ក្រាបរាល់ទម្រង់នៃបទល្មើសបច្ចេកវិទ្យា ដើម្បី​លើក​កម្ពស់​សន្តិសុខឌីជីថល និងសណ្ដាប់ធ្នាប់សាធារណៈនៅក្នុងប្រទេសឱ្យកាន់តែប្រសើរឡើង។

ឯកឧត្តមអភិបាលខេត្ត បានបន្ថែមថា ក្រោយទទួលបានបទបញ្ជានេះ រដ្ឋបាល​រាជ​ធានី​ខេត្ត​បាន​បើក​ប្រតិបត្តិការជាបន្តបន្ទាប់លើទីតាំងបទល្មើសឆបោកនេះ ដោយក្នុងនោះ​បាន​ឃាត់​ខ្លួន​ជន​បរទេស​រាប់​ម៉ឺន​នាក់​ និង​រឹប​អូស​ឧបករណ៍​ប្រព្រឹត្ត​បាន​យ៉ាង​ច្រើន។ ក្រោយ​ប្រតិបត្តិការ​ក្តៅ​របស់​អាជ្ញាធរ និង​សមត្ថកិច្ចរបស់រាជធានីខេត្ត ក្រុមជនបរទេស​បាន​បំបែក​រូបភាព​នៃ​ការ​ប្រមូល​ផ្តុំ​ទ្រង់​ទ្រាយ​ធំ​ដែលមនុស្សច្រើនលើទីតាំងធំ មកជារូបភាពតូចៗនៅតាមផ្ទះសំណាក់ ផ្ទះ​ជួល​ឬ​ទីតាំង​ជួល​របស់​បង​ប្អូន​ប្រជាពលរដ្ឋ​ជំនួស​វិញ​តែ​បង្កើតប​ទ​ល្មើស​ដដែល។ ដូច្នេះ​ដើម្បី​បង្ក្រាប​ឱ្យ​បាន​ដល់​ឬស​គល់នៃបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ(Scams online) អាជ្ញាធរក្រុងស្រុក សមត្ថកិច្ចពាក់ព័ន្ធទាំងអស់ត្រូវបង្កើនការចុះផ្សព្វផ្សាយឱ្យបានទូលំទូលាយនិងដល់មូលដ្ឋានរស់នៅ​របស់បងប្អូនប្រជាពលរដ្ឋ ពិសេសអ្នកដែលមានផ្ទះសំណាក់ ផ្ទះជួល អគារ​ស្នាក់​នៅ​និង​ទីតាំង​ជួល​អំពី​ហានិភ័យ ទោសទណ្ឌ និង​ការ​ផាក​ពិន័យ​ធ្ងន់ធ្ងរ​គ្រា​ដែល​ទទួល​ឬ​ជួល​ឱ្យ​ជនបរទេស​ស្នាក់​នៅ​ប្រព្រឹត្តបទល្មើសឆបោក។ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះការជួលអគារ ផ្ទះ កន្លែង​ស្នាក់​នៅ​ផ្សេងៗដល់ជនបរទេស ជាពិសេសត្រូវពិនិត្យឯកសារនានា ធ្វើកិច្ច​សន្យា​ឱ្យ​បាន​ត្រឹម​ត្រូវ​មុន​ពេល​ជួលឱ្យ ជៀសវាងមានការជាប់ពាក់ព័ន្ធបទល្មើស Scam Online និងត្រូវ​សង្កេត​ចាប់​អារម្មណ៍​ចំពោះ​អ្នកស្នាក់នៅជាក្រុម មានភ្ជាប់ Internet ទំហំធំៗ គួរឱ្យសង្ស័យ និងសុំ​ឱ្យ​មាន​វិធាន​ការ​ចុះ​ត្រួតពិនិត្យ និងបង្ក្រាបបានទាន់ពេលវេលា៕ អត្ថបទ៖ បាន សុខរិទ្ធិ

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia