ព័ត៌មាន
រាជរដ្ឋាភិបាលកំពុងគិតគូរដល់ជីវភាពរស់នៅរបស់ក្រុមគ្រួសារវីរយុទ្ធជនទាំងបច្ចុប្បន្ន និងអនាគត ជាពិសេសស្ថានភាពបំណុលពួកគាត់
ភ្នំពេញ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម ប៉ែន បូណា បានថ្លែងបញ្ជាក់តាមរយៈសន្និសីទសារព័ត៌មាននៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦នេះថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចមហាបវរធិតបី ហ៊ុន ម៉ាណែត បាននិងកំពុងគិតគូរដល់ជីវភាពរស់នៅរបស់ក្រុមគ្រួសារវីរយុទ្ធជនទាំងបច្ចុប្បន្ន និងអនាគត ដោយផ្តល់ជូនពួកគេនូវទីស្នាក់អាស្រ័យ ការគិតគូរអំពីស្ថានភាពបំណុល ការរៀបចំមូលនិធិទ្រទ្រង់គ្រួសារយុទ្ធជន មុខរបរចិញ្ចឹមជីវិត និងការផ្តល់ជូននូវអាហារូបករណ៍សម្រាប់កូនៗរបស់ពួកគេជាដើម។

ឯកឧត្តម បានថ្លែងថា ជាក់ស្ដែង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦ បានអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខក្រុមគ្រួសារវីរកងទ័ព និងវីរនគរបាលពលីក្នុងខេត្តព្រះវិហារ និងកំពង់ធំ ដែលបានចូលរួមក្នុងបុព្វហេតុការពារបូរណភាពទឹកដី។
ក្នុងឱកាសនោះ លោកជំទាវបណ្ឌិត បានពាំនាំប្រសាសន៍ចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំបំផុត និងប្រសាសន៍សួរសុខទុក្ខពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រួមទាំង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជូនដល់ក្រុមគ្រួសារនៃសពវីរយុទ្ធជន ថែមទាំងអរគុណដល់សមាជិកក្រុមគ្រួសារវីរយុទ្ធជនដែលជាកម្លាំងគាំទ្រជួរក្រោយ ជួយទ្រទ្រង់គ្រួសារ និងធ្លាប់បានផ្តល់កម្លាំងចិត្តដល់វីរយុទ្ធជនឱ្យចូលរួមប្រយុទ្ធការពារបូរណភាពដែនដីយ៉ាងអង់អាចក្លាហាន។
ទន្ទឹមនឹងនេះ លោកជំទាវបណ្ឌិត ថែមទាំងបាននាំយកអំណោយរបស់សម្តេចធិបតី និងលោកជំទាវបណ្ឌិត មានដូចជាថវិកា សម្ភារៈបរិក្ខារសម្រាប់ប្រើប្រាស់ និងគ្រឿងឧបភោគបរិភោគ ជូនដល់ក្រុមគ្រួសារនៃសព ដើម្បីជួយសម្រួលដល់ជីវភាពរស់នៅប្រចាំថ្ងៃ។
ឯកឧត្តម ប៉ែន បូណា បានគូសបញ្ជាក់ថា «រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចមហាបវរធិតបី ហ៊ុន ម៉ាណែត បាននិងកំពុងគិតគូរដល់ជីវភាពរស់នៅរបស់ក្រុមគ្រួសារវីរយុទ្ធជនទាំងបច្ចុប្បន្ន និងអនាគត ដោយផ្តល់ជូនពួកគេនូវទីស្នាក់អាស្រ័យ ការគិតគូរអំពីស្ថានភាពបំណុល ការរៀបចំមូលនិធិទ្រទ្រង់គ្រួសារយុទ្ធជន មុខរបរចិញ្ចឹមជីវិត និងការផ្តល់ជូននូវអាហារូបករណ៍សម្រាប់កូនៗរបស់ពួកគេជាដើម»។
ឯកឧត្តមបន្តថា ទន្ទឹមនឹងនោះ រាជរដ្ឋាភិបាលក៏បានគិតគូរដល់បងប្អូនជនភៀសសឹកតាំងពីមុខរបរចិញ្ចឹមជីវិត និងបានរៀបចំផ្ទះបណ្តោះអាសន្នសម្រាប់ពួកគេស្នាក់អាស្រ័យ ហើយគ្រោងនឹងប្រគល់ជូនជនភៀសសឹកតែម្តងនៅពេលដែលពួកគាត់ត្រឡប់ទៅកាន់ទីលំនៅដើមវិញ ក្រោយពីដោះស្រាយបញ្ហាព្រំដែនតាមរយៈការទូតរួចរាល់៕




-
PR NEWS5 days agoស្វាគមន៍បងប្អូនកំពង់ឆ្នាំង! ចុងសប្តាហ៍នេះ GANZBERG នឹងនាំមកនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ!
-
កីឡា4 days agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoសម្ដេចតេជោ-ធិបតី តែងតែក្រើនរម្លឹកដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ឱ្យបង្ក្រាបបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យាដោយវិធានការយ៉ាងតឹងរ៉ឹង និងម៉ឺងម៉ាត់បំផុត
-
ព័ត៌មាន1 week agoក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្តចុះពិនិត្យព្យាបាលភ្នែក និងផ្ដល់វ៉ែនតាជូនពលរដ្ឋស្រុកស្ទោងខេត្ដកំពង់ធំ
-
ព័ត៌មាន4 days agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសម្តេចតេជោ ហ៊ុន សែន ជម្រុញដល់មន្ត្រីខេត្តកណ្តាលខិតខំបំពេញការងារបម្រើប្រជាជនដោយស្មោះត្រង់ និងមានទំនាក់ទំនងល្អជាមួយប្រជាជន
-
ព័ត៌មាន1 week agoអ្នកនាំពាក្យ៖កម្លាំងមហាសាមគ្គីជាតិខ្មែរបានគាំទ្ររាជរដ្ឋាភិបាលក្នុងប្រើប្រាស់យន្តការផ្សះផ្សារដោយបង្ខំជាមួយថៃដើម្បីដោះស្រាយវិវាទទាមទារដែនសមុទ្រត្រួតស៊ីគ្នា
-
ព័ត៌មាន1 week agoលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមកម្មវិធីបញ្ចុះបឋមសិលាកសាង «រតនមន្ទីរពុទ្ធមណ្ឌលវិបស្សនាឧដុង្គ» ពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា