ព័ត៌មាន
រាជរដ្ឋាភិបាល កំពុងខិតខំប្រឹងប្រែងយ៉ាងខ្លាំងការពារទឹកដី ទាំងដែនគោក និងសមុទ្រ ដោយសន្តិវិធី និងច្បាប់អន្តរជាតិ
អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម ប៉ែន បូណា បានបញ្ជាក់ជាថ្មីតាមរយៈសន្និសីទសារព័ត៌មាននៅថ្ងៃទី៥ ខែឧសា ឆ្នាំ២០២៦នេះថា រាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំកម្ពុជា បាននិងកំពុងខិតខំប្រឹងប្រែងយ៉ាងខ្លាំងដើម្បីការពារបូរណភាពទឹកដី ទាំងព្រំដែនគោក ទាំងព្រំដែនសមុទ្រ តាមមធ្យោបាយការទូតដោយសន្តិវិធី និងដោយផ្អែកលើច្បាប់អន្តរជាតិក្នុងជម្លោះព្រំដែនជាមួយប្រទេសថៃ។

ឯកឧត្តម ប៉ែន បូណា បានថ្លែងថា ជំហរដោះស្រាយព្រំដែនសមុទ្ររបស់កម្ពុជាជាមួយភាគីថៃ កម្ពុជា បានសម្តែងការសោកស្ដាយដែលគណៈរដ្ឋមន្ត្រីថៃ កំពុងពិភាក្សាអំពីការសម្រេចដកខ្លួនដោយឯកតោភាគីចេញពីអនុស្សរណៈនៃការយោគយល់គ្នារវាងកម្ពុជានិងថៃ ឬមួយក៏ហៅកាត់ថា MoU 2001 ស្តីពីតំបន់ទាមទារដែលសមុទ្រត្រួតស៊ីគ្នាកម្ពុជា-ថៃ ខណៈដែលកម្ពុជាតែងតែផ្ដល់អាទិភាពទៅដល់យន្តការទ្វេភាគីស្របតាមអនុស្សរណៈនៃការយោគយល់គ្នាមួយនេះអស់រយៈពេលជាង២៥ឆ្នាំកន្លងមកហើយ។ អនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ ២០០១ នេះបានដើរតួនាទីយ៉ាងសំខាន់សម្រាប់ភាគីទាំងពីរក្នុងការដោះស្រាយតំបន់ទាមទារដែនសមុទ្រត្រួតគ្នា និងបញ្ជាក់ឱ្យឃើញអំពីស្មារតីនៃកិច្ចការសហប្រតិបត្តិការ និងសុឆន្ទៈរវាងប្រទេសទាំងពីរ។

ឯកឧត្តមបញ្ជាក់បន្ថែមថា ការដកខ្លួនដោយឯកតោភាគីចេញពី MoU-2001 គឺជាការបោះបង់ចោលកិច្ចព្រមព្រៀងទ្វេភាគីដែលភាគីទាំងពីរបានពឹងផ្អែកនិងប្រើប្រាស់ជាងពីរទសវត្សរ៍កន្លងមកនេះ។ ដូច្នេះ ទោះបីជាថៃដកខ្លួនដោយឯកតោភាគីចេញពីអនុស្សរណៈនៃការយោគយល់គ្នាមួយនេះ កម្ពុជានៅតែប្រកាន់ខ្ជាប់នូវការគោរពច្បាប់អន្តរជាតិ និងប្រកាន់យកការដោះស្រាយជម្លោះដោយសន្តិវិធីដដែល។ ក្នុងន័យនេះ កម្ពុជាគ្មានជម្រើសអ្វីក្រៅពីពឹងផ្អែកលើច្បាប់អន្តរជាតិ និងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ជាពិសេសយន្តការនៃការផ្សះផ្សារដោយចាប់បង្ខំ(Compulsory Conciliation) ដែលបង្កើតឡើងនៅក្រោមអនុសញ្ញាមួយនេះ ពីព្រោះវាជាយន្តការដែលត្រូវបានបង្កើតឡើង ដើម្បីជួយទៅដល់រដ្ឋភាគីក្នុងការដោះស្រាយជម្លោះដោយសន្តិវិធី និងស្របទៅតាមច្បាប់អន្តរជាតិ។
ឯកឧត្តម ប៉ែន បូណា លើកឡើងថា ជម្រើសរបស់កម្ពុជាបែបនេះឆ្លុះបញ្ជាំងឱ្យឃើញពីសេចក្តីសង្ឃឹមដ៏ស្មោះត្រង់ដែលប្រទេសទាំងពីរអាចសម្រេចបាននូវដំណោះស្រាយមួយដោយយុត្តិធម៌ និងយូរអង្វែងស្រប តាមច្បាប់អន្តរជាតិ ហើយដែលនឹងអនុញ្ញាតឱ្យប្រជាជនទាំងពីររស់នៅជាមួយគ្នាដោយសន្តិភាព ស្ថិរភាព និងមានសេចក្តីសុខ យូរអង្វែង។
ចំណែក ជំហរដោះស្រាយបញ្ហាព្រំដែនគោកជាមួយថៃវិញ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ជាថ្មីថា ក្នុងនាមប្រទេសស្រឡាញ់សន្តិភាព កម្ពុជាគោរព និងអនុវត្តយ៉ាងម៉ឺងម៉ាត់ និងស្មោះត្រង់បំផុតនូវបទឈប់បាញ់ ក៏ដូចស្មារតីនៃសេចក្តីប្រកាសរួមថ្ងៃទី២៧ ធ្នូ ឆ្នាំ ២០២៥ រួមទាំងកិច្ចព្រមព្រៀងដែលបានធ្វើកាលពីពេលកន្លងមក។ ក្នុងន័យនេះ កម្ពុជាបានប្រកាន់យកភាពអត់ធ្មត់ខ្ពស់បំផុតដើម្បីកាត់បន្ថយភាពតានតឹង និងបង្កបរិយាកាសសម្របសម្រួលឈានឈ្ពោះទៅរកដំណោះស្រាយដោយសន្តិវិធីតាមរយៈការចរចា។ កម្ពុជាគាំទ្រពេញទំហឹងនូវអាណត្តិនិងតួនាទីរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) និងភាគីពាក់ព័ន្ធផ្សេងទៀតដើម្បីសង្កេតការណ៍ ផ្ទៀងផ្ទាត់ ការអនុវត្តបទឈប់បាញ់ឱ្យមានប្រសិទ្ធភាព។
ឯកឧត្តមបញ្ជាក់ថា ទន្ទឹមនឹងនោះ កម្ពុជាប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក។ កម្ពុជាមិនទទួលស្គាល់ជាដាច់ខាតនូវការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំង៕

-
PR NEWS5 days agoស្វាគមន៍បងប្អូនកំពង់ឆ្នាំង! ចុងសប្តាហ៍នេះ GANZBERG នឹងនាំមកនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ!
-
កីឡា4 days agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoសម្ដេចតេជោ-ធិបតី តែងតែក្រើនរម្លឹកដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ឱ្យបង្ក្រាបបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យាដោយវិធានការយ៉ាងតឹងរ៉ឹង និងម៉ឺងម៉ាត់បំផុត
-
ព័ត៌មាន1 week agoក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្តចុះពិនិត្យព្យាបាលភ្នែក និងផ្ដល់វ៉ែនតាជូនពលរដ្ឋស្រុកស្ទោងខេត្ដកំពង់ធំ
-
ព័ត៌មាន4 days agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសម្តេចតេជោ ហ៊ុន សែន ជម្រុញដល់មន្ត្រីខេត្តកណ្តាលខិតខំបំពេញការងារបម្រើប្រជាជនដោយស្មោះត្រង់ និងមានទំនាក់ទំនងល្អជាមួយប្រជាជន
-
ព័ត៌មាន1 week agoអ្នកនាំពាក្យ៖កម្លាំងមហាសាមគ្គីជាតិខ្មែរបានគាំទ្ររាជរដ្ឋាភិបាលក្នុងប្រើប្រាស់យន្តការផ្សះផ្សារដោយបង្ខំជាមួយថៃដើម្បីដោះស្រាយវិវាទទាមទារដែនសមុទ្រត្រួតស៊ីគ្នា
-
ព័ត៌មាន1 week agoលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមកម្មវិធីបញ្ចុះបឋមសិលាកសាង «រតនមន្ទីរពុទ្ធមណ្ឌលវិបស្សនាឧដុង្គ» ពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា