ព័ត៌មាន
អ្នកនាំពាក្យ៖ កម្ពុជាអំពាវនាវឱ្យអនុវត្ដភ្លាមៗសេចក្ដីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ដើម្បីវាស់វែងខណ្ឌសីមាព្រំដែនកម្ពុជា-ថៃ
តាមរយៈសន្និសីទសារព័ត៌មាននៅថ្ងៃទី១១ ខែឧសាភ ឆ្នាំ២០២៦នេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម ប៉ែន បូណា បញ្ជាក់ជាថ្មីនូវប្រសាសន៍របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានប្រាប់ទៅកាន់ភាគីថៃ, ប្រធានអាស៊ាន និងបណ្ដាសារព័ត៌មានអន្តរជាតិនានាក្នុងសន្និសីទសារព័ត៌មាន នៅកោះសេប៊ូ ប្រទេសហ្វីលីពីន កាលពីថ្ងៃទី៧ ខែឧភា ឆ្នាំ២០២៦នេះ អំពីជំហររបស់កម្ពុជា គឺមិនទទួលស្គាល់ដាច់ខាតការកំណត់ដោយការប្រើប្រាស់កម្លាំង ឬតាមរយៈការបង្កើតអង្គហេតុសម្រេចលើទីតាំងជាក់ស្ដែង ហើយបែរមកអនុវត្ដដោយពេញលេញ និងភ្លាមៗ នូវសេចក្ដីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដោយចាប់ផ្ដើមដំណើរការឡើងវិញជាបន្ទាន់នូវការវាស់វែង និងខណ្ឌសីមាព្រំដែនរវាងកម្ពុជា និងថៃ។
អ្នកនាំពាក្យរាជរដ្ឋាភិបាលបានបញ្ជាក់ថា ជំហរដោះស្រាយបញ្ហាព្រំដែនគោករបស់កម្ពុជា តាំងពីមុនរហូតដល់បច្ចុប្បន្ន រាជរដ្ឋាភិបាលកម្ពុជា បានប្រកាន់ជំហរច្បាស់លាស់ ម៉ឺងម៉ាត់ និងឥតប្រែប្រួលទាល់តែសោះអំពីដំណោះស្រាយបញ្ហាព្រំដែនជាមួយថៃ ក៏ដូចជាជាមួយបណ្តាប្រទេសជិតខាងទាំងអស់។ នោះគឺជាជំហរដោះស្រាយជម្លោះដោយសន្តិវិធី ដោយផ្អែកលើកិច្ចព្រមព្រៀងដែលមានស្រាប់ និងអនុលោមតាមអនុសញ្ញា សន្ធិសញ្ញា និងច្បាប់អន្តរជាតិ និងគោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris)។
ជំហរនេះត្រូវបានបញ្ជាក់ឡើងវិញដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៅឯកិច្ចប្រជុំត្រីភាគីរវាងហ្វីលីពីន-កម្ពុជា-ថៃ នៅកោះសេប៊ូ ប្រទេសហ្វីលីពីន កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ ២០២៦។ ជាក់ស្តែង នៅក្រោយជំនួបនោះ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់តាមរយៈសន្និសីទកាសែតរួមគ្នាថា កម្ពុជាសូមរម្លឹកឡើងវិញថា ខ្សែព្រំដែនមិនអាចត្រូវបានផ្លាស់ប្ដូរ ឬកំណត់ដោយការប្រើប្រាស់កម្លាំងឬតាមរយៈការបង្កើតអង្គហេតុសម្រេចលើទីតាំងជាក់ស្ដែង (faits accomplis) នោះទេ។ ក្នុងន័យនេះ កម្ពុជាអំពាវនាវឱ្យមានការអនុវត្ដដោយពេញលេញ និងភ្លាមៗ នូវសេចក្ដីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ទាំងស្រុង ជាពិសេសចំណុចទី៣ ដែលអំពាវនាវឱ្យមានការចាប់ផ្ដើមដំណើរការឡើងវិញជាបន្ទាន់នូវការវាស់វែង និងខណ្ឌសីមារបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក(JBC) ស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់ដោយគ្មានការពន្យារពេលបន្តទៀតឡើយ។
សម្តេចធិបតីជឿជាក់ថា យន្តការនេះគឺពិតជាចាំបាច់ក្នុងការធានាបញ្ចប់ការបង្កើតអង្គហេតុសម្រេចលើទីតាំងជាក់ស្តែង (faits accomplis) និងដើម្បីធានាថា អធិបតេយ្យភាព បូរណភាពទឹកដី និងខ្សែព្រំដែនអន្តរជាតិ ត្រូវបានគោរព ស្របតាមច្បាប់អន្តរជាតិ និងសន្ធិសញ្ញា ព្រមទាំងកិច្ចព្រមព្រៀងដែលមានស្រាប់។ ការណ៍នេះក៏នឹងជួយលើកកម្ពស់ទំនុកចិត្ត និងនាំមកនូវសន្តិភាពយូរអង្វែងរវាងប្រទេសទាំងពីរ។
ត្រង់ចំណុចនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមបញ្ជាក់ជូនថា ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រុមវាស់វែងចម្រុះនៃភាគីទាំងពីរបានចុះអនុវត្តការងារលើដីជាក់ស្តែងនៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលព្រំដែនលេខ 42-43 ដែលមានប្រវែងប្រមាណ ៧ គ.ម. នៅក្នុងភូមិសាស្ត្រភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដោយបានបញ្ចប់ទាំងស្រុងការងារថតរូបពីលើអាកាសដោយប្រើដ្រូនដើម្បីបង្កើតផែនទីរូបថត(Photomap)។ ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រុមវាស់វែងចម្រុះនៃភាគីទាំងពីរបានចុះអនុវត្តការងារលើដីជាក់ស្តែងនៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលព្រំដែនលេខ 52-59 ដែលមានប្រវែងប្រមាណ ៨.៣ គ.ម. នៅក្នុងឃុំកំរៀង ស្រុកកំរៀង ខេត្តបាត់ដំបង ដោយបានបញ្ចប់ការងារវាស់វែង និងបោះបង្គោលបណ្តោះអាសន្ននៅលើដីជាក់ស្តែងសរុបចំនួន ១៦៦ បង្គោលបណ្តោះអាសន្ន។
ក្រុមវាស់វែងចម្រុះនៃភាគីទាំងពីរបានសន្យាថានឹងបន្តវាស់វែងនិងបោះបង្គោលបណ្តោះអាសន្ននៅលើដីជាក់ស្តែងជាបន្តទៀត។ ដូច្នេះ អ្វីដែលកម្ពុជាចង់បានគឺ ក្រុមការងារចម្រុះនៃភាគីទាំងពីរបន្តធ្វើការងារដែលបានធ្វើកាលពីពេលកន្លងទៅដោយគ្មានបង្អែរបង្អង់៕


-
PR NEWS4 days agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន2 days agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន22 hours agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
-
ព័ត៌មាន1 week agoអតីតពលករមកពីថៃជាង ២០នាក់ បាទទួលវិញ្ញាបនបត្របញ្ជាក់ជំនាញ ពីក្រសួងការងារ
-
ព័ត៌មាន5 days agoនាវាកងទ័ពជើងទឹកប្រជាជនវៀតណាមចូលសំចតនៅផែមូលដ្ឋានសមុទ្ររាម
-
ព័ត៌មាន3 days agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត
-
ព័ត៌មាន4 days agoសម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន
-
ព័ត៌មាន1 week agoគិតត្រឹមចុងខែមីនាឆ្នាំ២០២៦៖ រោងចក្រ សហគ្រាសកើនដល់ជាង ៤ម៉ឺន៧ពាន់ ផ្ដល់ការងាររាប់ម៉ឺនកន្លែង