Connect with us

ព័ត៌មាន

កម្ពុជា-គុយបា ជំរុញឱ្យមានកិច្ចព្រមព្រៀងសេវាកម្មដឹកជញ្ជូនផ្លូវអាកាសរវាងប្រទេសទាំងពីរ

សាធារណរដ្ឋគុយបា និងព្រះរាជាណាចក្រកម្ពុជា កំពុងជំរុញឱ្យមានកិច្ចព្រមព្រៀង សេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាសខណៈភាគីទាំងពីរបានប្តេជ្ញា និងបញ្ជូនមន្ត្រីជំនាញដើម្បីសិក្សាពីលទ្ធភាពនេះ។

បញ្ជាក់ប្រាប់ BTV ក្រោយជំនួបរវាងឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល និងឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋគុយបាប្រចាំនៅកម្ពុជា, ឯកឧត្តម វ៉ាន់ ចន្ទី អគ្គនាយក នៃអគ្គនាយកដ្ឋានគោលនយោបាយ និងបទបញ្ញត្តិដឹកជញ្ជូនតាមផ្លូវអាកាស នៃរដ្ឋលេខាធិការ ដ្ឋានអាកាសចរណ៍ស៊ីវិល បានបឲ្យដឹងថា កម្ពុជា និងគុយបា ធ្លាប់មានទនាក់ទំនងគ្នាជាយូរហើយ ប៉ុន្តែនៅពេលនេះ ប្រទេសទំាងពីរ កំពុងជំរុញឱ្យមានកិច្ចព្រមព្រៀងលើសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាស ដើម្បីបង្កើនទំនាក់ទំនង ការផ្លាស់ប្តូរវប្បធម៌ និងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន។

ឯកឧត្តម បានបន្តទៀតថា ក្រៅពីនេះ ប្រទេសទំាងពីរ ក៏នឹងជំរុញឱ្យមានអ្នកជំនាញការបន្ថែម ដើម្បីស្វែងរកនូវកិច្ចសហប្រតិបត្តិការកាន់តែល្អប្រសើរ ហើយក្នុងជំនួបនេះ ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ ក៏បានស្នើ ឱ្យលោកជំទាវឯកអគ្គរដ្ឋទូតគុយបា ធ្វើរបាយការណ៍ផ្ញើជូនរដ្ឋាភិបាលគុយបា និងអាជ្ញាធរ អាកាសចរណ៍ស៊ីវិលគុយបា ដើម្បីត្រៀមរៀបចំនូវកិច្ចព្រមព្រៀមសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាសរវាងប្រទេសទំាងពីរឲ្យកាន់តែឆាប់រហ័ស។

សូមបញ្ជាក់ថា ព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋគុយបា ធ្លាប់មានទំនាក់ទំនងជាប្រវត្តិសាស្ត្រដ៏យូរលង់ ដែលមានមូលដ្ឋានគ្រឹះយ៉ាងរឹងមាំលើសាមគ្គីភាព និងមិត្តភាព ហើយបានបង្កើតទំនាក់ទំនងការទូតជាផ្លូវការតាំងពីឆ្នាំ១៩៦០ ហើយប្រទេសទាំងពីរ ធ្លាប់បានផ្តល់អាហារូបករណ៍ឱ្យនិស្សិតទៅវិញទៅមក ធ្លាប់មានកិច្ចសហប្រតិបត្តិការលើផ្នែកវេជ្ជសាស្ត្រ ធ្លាប់មានការផ្លាស់ប្តូរវប្បធម៌ និងបច្ចេកទេសផ្សេងៗ ហើយកម្ពុជា និងគុយបាតែងតែគាំទ្រគ្នាទៅវិញទៅមកនៅក្នុងវេទិកាពហុភាគីនានា ដោយបានបង្ហាញសាមគ្គីភាពយ៉ាងស្អិតរមួតផងដែរ៕ផលិត គង់ រ៉េន

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia