Connect with us

ព័ត៌មាន

សម្ដេចធិបតី ហ៊ុន ម៉ាណែត ចាត់ទុកច្បាប់កាតព្វកិច្ចយោធាជាការបណ្តុះស្មារតី និង​មនសិការ​ស្នេហា​ជាតិ​ ដើម្បីត្រៀមខ្លួនលះបង់បម្រើជាតិមាតុភូមិ

ភ្នំពេញ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាល ឯកឧត្តម ប៉ែន បូណា បានបញ្ជាក់ឡើងវិញនូវ​ប្រសាសន៍​របស់​សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា លើឡើង​តាម​រយៈ​បទ​អន្ត​រាគមន៍ ​ក្នុងសម័យប្រជុំវិសាមញ្ញ នីតិកាលទី៧ លើរបៀបវារៈ «សេចក្តីព្រាងច្បាប់ស្តីពី កាតព្វ​កិច្ច​យោធា​» ​កាលពីថ្ងៃទី១២ ឧសភា ២០២៦នេះ ដោយចាត់ទុក​ច្បាប់​កាតព្វកិច្ច​យោធា​ជា​ការ​បណ្តុះ​ស្មារតី និងមនសិការស្នេហាជាតិ ដើម្បីត្រៀមខ្លួនលះបង់បម្រើជាតិមាតុភូមិ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គោលដៅចម្បងនៃការអនុវត្តកាតព្វកិច្ចយោធា គឺ​ការកសាងនូវសង្គមមួយប្រកបទៅដោយធនធានមនុស្សដែលមានវិន័យ សីលធម៌ សមត្ថភាព មនសិការ​ស្នេហា​ជាតិខ្ពស់ មានភាពអង់អាចក្លាហាន មានឆន្ទៈមោះមុត និងត្រៀមខ្លួនរួច​ជា​ស្រេច​គ្រប់​ពេល​វេលា ដោយហ៊ានលះបង់គ្រប់បែបយ៉ាងដើម្បីបុព្វហេតុការពារជាតិ មាតុភូមិ ដោយឥត​លក្ខ​ខណ្ឌ​។ នេះជាការគូសបញ្ជាក់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ខណៈដែលរដ្ឋសភា បានអនុម័តសេចក្តីព្រាងច្បាប់នេះ កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ ២០២៦។

សម្តេចធិបតីនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ទៀតថា៖«សមត្ថភាពការពារជាតិនៃប្រទេសមួយ មិនមែនអាស្រ័យត្រឹមតែលើសព្វាវុធ និងគ្រឿងបំពាក់ទំនើបៗនោះទេ។ ប្រទេសជាតិមួយដែលខ្លាំងក្នុងកិច្ចការការពារជាតិគឺដោយសារមានកងទ័ពដែលពោពេញដោយភាពអង់អាចក្លាហាន មោះមុត និងហ៊ានលះបង់គ្រប់បែបយ៉ាងដើម្បីការពារជាតិដោយឥលក្ខខណ្ឌ ព្រមទាំងមានប្រជាជនទាំងមូលនៅពីក្រោយ»។ ជារួម សម្តេចធិបតី នាយករដ្ឋមន្ត្រីមានក្តីប្រាថ្នាចង់ឃើញយុវជន និងប្រជាពលរដ្ឋខ្មែរគ្រប់រូបមានមោទនភាព ចំពោះការចូលបំពេញកាតព្វកិច្ចយោធាដោយចាត់ទុកថា នោះគឺជាកិត្តិយសដ៏ឧត្តុង្គឧត្តមដែលខ្លួនបានហ្វឹកហាត់ចំណេះជំនាញមួយដ៏មានសារសំខាន់បំផុតដែលអាចយកទៅប្រើប្រាស់ដើម្បីការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី នៅពេលណាដែលជាតិត្រូវការ ជំនួសឱ្យការព្រួយបារម្ភពីការខាតប្រយោជន៍ផ្ទាល់ខ្លួននៅពេលចូលបំពេញកាតព្វកិច្ចយោធារយៈពេល២ឆ្នាំ។

សម្តេចធិបតី ចាត់ទុកបទពិសោធន៍និងការឈឺចាប់នៅក្នុងរយៈពេលមួយឆ្នាំនេះ ជាគន្លឹះដែលយើងទាំងអស់គ្នាត្រូវចងចាំថា កម្ពុជាត្រូវតែពង្រឹងខ្លួនឯង ហើយកូនខ្មែរទាំងអស់ ជាពិសេសយុវជន ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ត្រូវត្រៀមចិត្តដើម្បីជួយ។ សម្តេចក៏បានថ្លែងអំណរគុណចំពោះស្មារតីស្នេហាជាតិរបស់ប្រជាពលរដ្ឋខ្មែរ ទាំងក្មេង ទាំងចាស់ ទាំងនៅក្នុងនិងក្រៅប្រទេស ទាំងមន្ត្រីរាជការ និងវិស័យឯកជន ដែលបានចូលរួមជាមួយ កងទ័ពដើម្បីការពារជាតិ។ ទោះជាយ៉ាងណា សម្តេចនាយករដ្ឋមន្ត្រីមិនចង់ឱ្យស្មារតីនេះមានត្រឹមតែភ្លើងចំបើងទេ តែចង់ឱ្យស្មារតីនេះប្រែក្លាយទៅជាសកម្មភាពត្រៀមលក្ខណៈដ៏ពេញលេញមួយដើម្បីជួយប្រទេសជាតិ មាតុភូមិ»៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia