Connect with us

ព័ត៌មាន

ទុរេនសំឡូតប្រមូលផលពេញលេញ ចាប់ពីពាក់កណ្ដាលខែមិថុនា ខណៈម្ចាស់ចំការទទូចឱ្យទប់ស្កាត់ការនាំចូល

បាត់ដំបង៖ ម្ចាស់ចំការទុរេននៅស្រុកសំឡូត ខេត្តបាត់ដំបង បានអះអាងថា ទុរេនសំឡូតអាចប្រមូលផលបានពេញលេញបានចាប់ពីចន្លោះពាក់កណ្ដាលខែមិថុនា ឬដើមខែកក្កដា ហើយបច្ចុប្បន្ននេះមានតិចតួចបំផុតដែលអាចប្រមូលផលបាន។

លោក តុល សូនី ម្ចាស់ចំការទុរេន បានបង្ហាញពីលក្ខណៈពិសេសនៃទុរេនសំឡូត គឺមានសាច់ទឹកដោះគោខ្ទិះផ្អែមរមួត និងមានទងពីរតង់ដែលខុសពីទុរេននាំចូលមានទងតែមួយតង់ប៉ុណ្ណោះ។

លោក តុល សូនី អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ សូមអញ្ជើញមកសម្រាកលម្ហែកម្សាន្តនៅស្រុកសំឡូត ភ្លក្សរសជាតិដ៏ឆ្ងាញ់ពិសារនៃទុរេនសំឡូត និងផ្លែឈើផ្សេងៗទៀតដ៏សំបូរបែប។

ជាមួយគ្នានេះ ក្នុងនាមម្ចាស់ចំការ លោក តុល សូនី ប្ដេជ្ញាលក់តែទុរេនដែលដាំដុះផ្ទាល់ដៃដោយកសិករខ្មែរនៅស្រុកសំឡូតជូនដល់បងប្អូនអ្នកបរិភោគដោយមិនលក់ជាដាច់ខាតនូវទុរេននាំចូលដែលធ្វើឱ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះទុរេនសំឡូត និងអាចប៉ះពាល់ដល់សុខភាពអ្នកបរិភោគ។

ម្ចាស់ចំការរូបនេះ ទទូចឱ្យអាជីវករកុំលក់ទុរេននាំចូលហើយក្លែងបន្លំជាទុរេនសំឡូត និងសំណូមពរដល់អាជ្ញាធរ និងមន្រ្តីជំនាញពង្រឹងទប់ស្កាត់ការនាំចូលផ្លែទុរេនពីក្រៅប្រទេសដែលនាំឱ្យប៉ះពាល់យ៉ាងខ្លាំងដល់កសិករខ្មែរដែលជាអ្នកដាំដុះក្នុងស្រុក។

សូមជម្រាបថា ជាអតីតតំបន់សមរភូមិក្ដៅ ស្រុកសំឡូត គឺជាស្រុកមួយនៅតំបន់ជាយដែនកម្ពុជា-ថៃ ក្នុងភូមិសាស្រ្តខេត្តបាត់ដំបង។ស្រុកសំឡូតមានសក្ដានុពលខ្ពស់លើវិស័យកសិកម្ម និងទេសចរណ៍។កាលណាគេនិយាយដល់ស្រុកសំឡូតគេតែងនឹកឃើញភ្លាមដល់ទុរេនសំឡូតដែលមានរសជាតិឆ្ងាញ់ពិសារ។ក្រៅពីទុរេន ស្រុកសំឡូតមានសក្ដានុពលខ្ពស់ផងដែរលើដំណាំផ្សេងៗទៀតរួមមានដូចជា សាវម៉ាវ ប័រ មង្ឃុត និងដំណាំកសិផលមួយចំនួនទៀត៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia