ព័ត៌មាន
ជនជាតិថៃម្នាក់ដែលលួចឆ្លងដែនចូលជ្រៅក្នុងទឹកដីកម្ពុជា ក្នុងខេត្តឧត្តរមានជ័យ ត្រូវបានសមត្ថកិច្ចកម្ពុជាឃាត់ខ្លួន និងប្រគល់ជូនភាគីថៃ
បើតាម លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានឱ្យដឹងថា ជនជាតិថៃម្នាក់ដែលបានលួចឆ្លងដែនខុសច្បាប់ចូលជ្រៅក្នុងទឹកដីប្រទេសកម្ពុជា នៅភូមិសាស្ត្រខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦ ត្រូវបានអាជ្ញាធរកម្ពុជាឃាត់ខ្លួនតាមផ្លូវច្បាប់ និងត្រូវបានប្រគល់ជូនភាគីថៃ នៅវេលាម៉ោង ១០:៥៩នាទី ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ នៅច្រកទ្វារព្រំដែនអន្តរជាតិជាំ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ក្រោមយន្តការសម្របសម្រួលរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC)។
អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បញ្ជាក់ថា ការប្រគល់ខ្លួនជនជាតិថៃដែលបានរំលោភច្បាប់កម្ពុជាទៅឱ្យភាគីថៃនេះធ្វើឡើងក្រោយពីមានការស្នើសុំសម្របសម្រួលតាមរយៈយន្តការថ្នាក់តំបន់របស់ក្រុមការងារទំនាក់ទំនងព្រំដែន ដែលជាយន្តការនៅក្រោមគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ RBC នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦។ បន្ទាប់ពីការពិនិត្យ និងវាយតម្លៃស្របតាមវិធានការច្បាប់រួចមក លោកឧត្តមសេនីត្រី និត ណារ៉ុង ប្រធានលេខាធិការ RBC យោធភូមិភាគទី៤កម្ពុជា ត្រូវបានចាត់តាំងឱ្យនាំខ្លួនបុរសជនជាតិថៃខុសច្បាប់រូបនោះទៅប្រគល់ជូន ឧត្តមសេនីយ៍ត្រី កាំផាណាត វ៉ាផានស៊ុក នាយសេនាធិការ និងជាប្រធានលេខាធិការ RBC យោធភូមិភាគទី២ថៃ ដើម្បីមកទទួលដោយផ្ទាល់នៅព្រឹកថ្ងៃទី១៥ ខែឧសភា នេះស្របតាមគោលការណ៍មនុស្សធម៌។
ឆ្លៀតក្នុងឱកាសនោះដែរ ភាគីទាំងពីរក៏បានសំណេះសំណាល សំដៅបង្កើនការជឿទុកចិត្តគ្នា និងការជំរុញកិច្ចសហការក្នុងការទប់ស្កាត់ និងការបន្សាបរាល់ព័ត៌មានក្លែងក្លាយ និងមានចរិតញុះញង់ ព្រមទាំងធានាដល់ការគោរព និងការអនុវត្តឱ្យបានម៉ឺងម៉ាត់ ពេញលេញ និងដោយស្មោះត្រង់នូវខ្លឹមសារនៃកិច្ចព្រមព្រៀងទាំងឡាយដែលបានឯកភាពគ្នាកន្លងមក ដើម្បីលើកកម្ពស់សន្តិភាព ស្ថិរភាព និងសុវត្ថិភាពយូរអង្វែងនៅតាមបណ្តោយព្រំដែន។
អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បញ្ជាក់ថា ភាគីថៃក៏បានថ្លែងអំណរគុណចំពោះភាគីកម្ពុជា ដែលបានជួយសហការយ៉ាងពេញទំហឹងក្នុងការដោះស្រាយបញ្ហាប្រឈមនានាជារៀងរាល់ថ្ងៃ ជាពិសេសការខិតខំប្រឹងប្រែងជួយសម្របសម្រួលដោះស្រាយករណីប្រជាជនថៃ ដែលបានប្រព្រឹត្តកំហុសដោយលួចចូលជ្រៅក្នុងទឹកដីកម្ពុជាដោយខុសច្បាប់ឱ្យបានវិលត្រឡប់ទៅប្រទេសជួបជុំក្រុមគ្រួសាររបស់ខ្លួនវិញដោយសុវត្ថិភាព៕





-
PR NEWS4 days agoស្វាគមន៍បងប្អូនកំពង់ឆ្នាំង! ចុងសប្តាហ៍នេះ GANZBERG នឹងនាំមកនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ!
-
កីឡា3 days agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoសម្ដេចតេជោ-ធិបតី តែងតែក្រើនរម្លឹកដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ឱ្យបង្ក្រាបបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យាដោយវិធានការយ៉ាងតឹងរ៉ឹង និងម៉ឺងម៉ាត់បំផុត
-
ព័ត៌មាន1 week agoក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្តចុះពិនិត្យព្យាបាលភ្នែក និងផ្ដល់វ៉ែនតាជូនពលរដ្ឋស្រុកស្ទោងខេត្ដកំពង់ធំ
-
ព័ត៌មាន3 days agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសម្តេចតេជោ ហ៊ុន សែន ជម្រុញដល់មន្ត្រីខេត្តកណ្តាលខិតខំបំពេញការងារបម្រើប្រជាជនដោយស្មោះត្រង់ និងមានទំនាក់ទំនងល្អជាមួយប្រជាជន
-
ព័ត៌មាន1 week agoអ្នកនាំពាក្យ៖កម្លាំងមហាសាមគ្គីជាតិខ្មែរបានគាំទ្ររាជរដ្ឋាភិបាលក្នុងប្រើប្រាស់យន្តការផ្សះផ្សារដោយបង្ខំជាមួយថៃដើម្បីដោះស្រាយវិវាទទាមទារដែនសមុទ្រត្រួតស៊ីគ្នា
-
ព័ត៌មាន1 week agoលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមកម្មវិធីបញ្ចុះបឋមសិលាកសាង «រតនមន្ទីរពុទ្ធមណ្ឌលវិបស្សនាឧដុង្គ» ពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា