Connect with us

ព័ត៌មាន

សម្ដេចធិបតី៖ ទោះមានសង្ឃឹមត្រឹម១% ក្នុងការដោះស្រាយជាមួយថៃ ដោយសន្ដិវិធីក៏ត្រូវធ្វើជៀសវាងសង្គ្រាម

ក្នុងឱកាសអញ្ជើញចូលរួមជាអធិបតីក្នុងពិធី ទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា លើកទី១៩ នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦នេះដែរ, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងបញ្ជាក់ជាថ្មីថា ទោះបីជាមានសង្ឃឹមត្រឹម ១ភាគរយ ក្នុងការដោះស្រាយបញ្ហាជាមួយថៃដោយសន្ដិវិធី ក៏សម្ដេចត្រូវតែយកយន្តការនេះមកប្រើដែរ ដើម្បីជៀសវាងការធ្វើសង្គ្រាមច្បាំងគ្នាដែលបណ្ដាលឱ្យមានអ្នកស្លាប់ របួស និងខ្ទេចខ្ទីអស់ហេរដ្ឋារចនាសម្ព័ន្ធ។

ការបញ្ជាក់ជាថ្មីរបស់សម្ដេចធិបតីនាពេលនេះ បន្ទាប់ពីមានក្រុមអ្នកវិភាគក្រៅស្រុកមួយក្ដាប់តូចដែលតាំងខ្លួនជាបណ្ឌិត ប៉ុន្ដែនៅសម្ដែងធ្វើមិនយល់ជុំវិញជំហររបស់កម្ពុជា ក្នុងការដោះស្រាយបញ្ហាជាមួយថៃដោយសន្ដិវិធី និងច្បាប់អន្តរជាតិនេះ ហើយពួកគេនៅបន្តប្រឌិតព័ត៌មានក្លែងក្លាយបំពុលសង្គម និងបង្កើតសាច់រឿងបង្កការភ័ន្តច្រឡំដល់ប្រជាពលរដ្ឋពាក់ព័ន្ធនឹងជំហរដោះស្រាយនេះ ក្នុងចេតនាបង្កចលាចលដល់សង្គមជាតិកម្ពុជាតែប៉ុណ្ណោះ។

សម្ដេចធិបតីបានថ្លែងបញ្ជាក់ថា កម្ពុជាព្យាយាមគេចចេញពីសង្គ្រាម ព្យាយាមដោះស្រាយដោយមិនចំណាយអាយុជីវិតប្រជាជន និងដោះស្រាយតាមផ្លូវច្បាប់ តាមយន្តការការទូតឲ្យអស់ពីលទ្ធភាព ហើយបើទោះបីនៅមានសង្ឃឹមតែ ១ភាគរយចំពោះការប្រើយន្តការនេះ ក៏រាជរដ្ឋាភិបាលត្រូវប្រើឱ្យអស់ពីលទ្ធភាព ជៀសវាងការច្បាំងគ្នាដែរ។

សូមជម្រាបថា សង្គ្រាមឈ្លានពានរបស់យោធាថៃមកលើដែនអធិបតេយ្យភាពកម្ពុជាទាំងពីរលើក បានបង្កវិនាសកម្ម និងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់អាយុជីវិតប្រជាពលរដ្ឋ សហគមន៍ស៊ីវិល និងបូរណភាពទឹកដីកម្ពុជាយ៉ាងខ្លាំង ក្នុងនោះពលរដ្ឋកម្ពុជាដែលរស់នៅតាមខ្សែបន្ទាប់ព្រំដែនកម្ពុជា-ថៃជាង ៦៥ ម៉ឺននាក់ បានភៀសសឹកចាកឆ្ងាយផ្ទះសម្បែង ខណៈជាង ៣២០០០ នាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបានទេ ដោយសារកងទ័ពថៃឈ្លាណបានវាយកម្ទេចផ្ទះសម្បែង ដាក់បន្លាលួស ទូកុងតឺន័រ រារាំងមិនឱ្យពួកកាត់អាចចូលទៅផ្ទះសម្បែងវិញបាន៕ អត្ថបទ៖ ដារ៉ា

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia