Connect with us

ព័ត៌មាន

សារមន្ទីរទួលស្លែង អតីតមន្ទីរសន្តិសុខ ស-២១ នឹងប្រារព្ធ«ទិវាជាតិនៃការចងចាំ ២០ ឧសភា»នៅថ្ងៃស្អែកនេះ

សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង ដែលជាអតីតមន្ទីរសន្តិសុខ ស-២១ នឹងរៀបចំប្រារព្ធ «ទិវាជាតិនៃការចងចាំ ២០ ឧសភា» នៅថ្ងៃស្អែកនេះ។

លោក ហង្ស និស្ស័យ ប្រធានសារមន្ទីរ ទួលស្លែង នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ (ហៅកាត់ថា មន្ទីរ ស-២១) បានប្រាប់ BTV ព័ត៌មាន នាព្រឹកថ្ងៃទី១៩​ ខែឧសភា ឆ្នាំ២០២៦ ដោយរំលឹកពីប្រវតិ្ត២០ឧសភា យ៉ាងដូច្នេះថា អំឡុងសង្គ្រាមស៊ីវិល ខ្មែរក្រហម បានអនុវត្តគោលការណ៍តាមតំបន់ដែលស្ថិតក្រោមការគ្រប់គ្រង របស់ខ្លួនចាប់ពីថ្ងៃទី២០ ខែឧសភា ឆ្នាំ១៩៧៣។ នៅដំណាក់កាលដំបូង សហករណ៍នីមួយៗមានប្រហែល ១០ ទៅ ៣០គ្រួសារ ប៉ុន្តែក្រោយមក ខ្មែរក្រហមបានពង្រីកចំនួនប្រជាជនរហូតដល់ ១០០គ្រួសារ ហើយអនុវត្តប្រព័ន្ធនេះពេញផ្ទៃប្រទេស។ ទស្សនៈរបស់ខ្មែរក្រហមបានលើកឡើងថា ការបង្កើតសហករណ៍ជាយន្តការនៃការ ប្រមូលផ្តុំកម្លាំងធ្វើការកសាងមូលដ្ឋានគ្រឹះ និងការចែករំលែកផលប្រយោជន៍ស្មើគ្នា ព្រមទាំងលើកកម្ពស់ សាមគ្គីភាព និងមិនប្រកាន់គ្នាទៅវិញទៅមក។ នៅឆ្នាំ១៩៨៣ រដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតកម្ពុជា ប្រកាសយកថ្ងៃ២០ ឧសភា ដើម្បីរៀបចំជា“ទិវាចងកំហឹង”។ រដ្ឋាភិបាល និងប្រជាជន រួមគ្នារៀបចំព្រឹត្តិការណ៍នេះជាបន្តបន្ទាប់ចាប់ពីឆ្នាំ១៩៨៤ មក។ នៅពេលនោះ ជាថ្ងៃបុណ្យជាតិដ៏សំខាន់បំផុតមួយ ដែលប្រារព្ធនៅទូទាំងប្រទេស ដោយមានការចូលរួមពីកម្មាភិបាល សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ ព្រះសង្ឃ ដើម្បីរំលឹកដល់ការឈឺចាប់ខ្លោចផ្សា និងថ្កោលទោស ប្រឆាំងអំពើឧក្រិដ្ឋកម្មឃោរឃៅព្រៃផ្សៃសាហាវយង់ខ្នងរបស់របបកម្ពុជាប្រជាធិបតេយ្យ។ពិធីរំលឹកខួបលើកទី១ ធ្វើឡើងនៅសារមន្ទីរប្រល័យពូជសាសន៍ទួលស្លែង ក្នុងរាជធានីភ្នំពេញ។ ប៉ុន្តែក្រោយមក ពិធីនេះបានប្តូរទៅប្រារព្ធនៅមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯករហូតមកដល់បច្ចុប្បន្ន។ នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨ រាជរដ្ឋាភិបាលកម្ពុជា បានយកថ្ងៃទី២០ ឧសភា ជាថ្ងៃបុណ្យជាតិ ហៅកាត់ថា “ទិវាជាតិនៃការចងចាំ” ដើម្បីឆ្លើយតបទៅនឹងសំណើរបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ដែលជាផ្នែកនៃសំណងសមូហភាពចំពោះជនរងគ្រោះ(ដើមបណ្តឹងរដ្ឋប្បវេណី)។

លោក បានបញ្ជាក់ទៀតថា ក្នុងពិធីបុណ្យរំលឹកខួបនេះ សាធារណជនអាចរៀបចំពិធីតាមបែបសាសនា ដើម្បីឧទ្ទិសដល់ញាតិមិត្ត ឬជនរងគ្រោះផ្សេងទៀត ដើម្បីជួយព្យាបាលរបួសផ្លូវចិត្ត។ ដោយឡែកសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង បានប្រារព្ធទិវានេះតាមបែបសាសនា និងរៀបចំដំឡើងបដាផ្សព្វផ្សាយពីអត្ថន័យនិងប្រវត្តិនៃ២០ឧសភា ដល់សាធារណជន។ ការៀបចំពិធីសាសនានេះ គឺដើម្បីឧទ្ទិសដល់ជនរងគ្រោះដែលបានស្លាប់ក្នុងសម័យខ្មែរក្រហម និងក្នុងមន្ទីរ ស-២១។ ការចងចាំថ្ងៃ២០ឧសភា គឺធ្វើឡើងដើម្បីរំលឹកដល់ការឈឺចាប់ខ្លោចផ្សា ការថ្កោលទោសឧក្រិដ្ឋកម្មដ៏ឃោរឃៅ ព្រៃផ្សៃក្នុងសម័យខ្មែរក្រហម និងប្តេជ្ញារួមគ្នាទប់ស្កាត់របបនេះមិនឲ្យកើតមានជាថ្មីម្តងទៀត។ ជាក់ស្តែងនៅថ្ងៃទី២០ ខែឧសភា ស្អែកនេះ នឹងរៀបចំប្រារព្ធទិវាជាតិ នៃការចងចាំ ២០ ឧសភា ក្នុងបរិវេណសារមនី្ទរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង ស្ថិតនៅសង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ នៅពេលព្រឹកមានកម្មវិធីសូត្រមន្ត បង្សុកូល រាប់បាត្រ ឧទិ្ទសកុសលជូនដល់វិញ្ញាណក្ខន្ធជនរងគ្រោះ នាពេលរសៀល ការធ្វើសមាធិ អុជទៀន និងដាក់ផ្កាឈូក៕

អត្ថបទ រដ្ឋា

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia