Connect with us

ព័ត៌មាន

គណៈប្រតិភូ អ.ម.ត ជួបជុំដៃគូគ្រឹះស្ថានសិក្សាកំពូលៗ១០ និងនិស្សិតកម្ពុជាជាង១០០នាក់ ក្នុងបេសកកម្មនៅប្រទេសចិន

គណៈកម្មាធិការអាហារូបករណ៍ អ.ម.ត ក្រោមការដឹកនាំរបស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានចាត់តាំងគណៈប្រតិភូចំនួន២៨រូប ដឹកនាំដោយឯកឧត្តម ឡាវ វ៉ាន់ ចុះបំពេញបេសកកម្មការងារជាផ្លូវការនៅសាធារណរដ្ឋប្រជាមានិតចិន កាលពីចុងខែឧសភា ឆ្នាំ២០២៦ ។

បេសកកម្មនេះបានផ្តោតសំខាន់លើការរឹតចំណងមិត្តភាពអប់រំ ដោយគណៈប្រតិភូបានចុះទស្សនកិច្ច និងពិភាក្សាការងារជាមួយស្ថាប័នអប់រំ និងសាកលវិទ្យាល័យល្បីៗចំនួន ១០ នៅទីក្រុងសៀងហៃ និងខេត្តអានហួយ រួមមាន៖ សាកលវិទ្យាល័យធំៗដូចជា Shanghai Jiao Tong, Tongji, Shanghai Polytechnic Shanghai, Hefei University of Technology និង Anhui University ព្រមទាំងមានជំនួបជាមួយថ្នាក់ដឹកនាំមន្ទីរអប់រំខេត្តមួយចំនួនផងដែរ។ ក្រៅពីកិច្ចប្រជុំកម្រិតស្ថាប័ន គណៈប្រតិភូក៏បានរៀបចំពិធីសំណេះសំណាលសួរសុខទុក្ខយ៉ាងកក់ក្តៅជាមួយនិស្សិតកម្ពុជាប្រមាណ ១០០រូប ផងដែរ។

នាឱកាសនោះដែរ ឯកឧត្តម ឡាវ វ៉ាន់ បានថ្លែងថា បេសកកម្មនេះឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ក្នុងការស្វែងរក និងបង្កើនឱកាសអាហារូបករណ៍បន្ថែមសម្រាប់កូនខ្មែរ ដែលនេះជាផ្នែកមួយនៃយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ក្នុងការចាត់ទុក «ការអភិវឌ្ឍធនធានមនុស្ស» ជាអាទិភាពចម្បងបំផុត។

ជាមួយគ្នានោះ តំណាងនិស្សិតខ្មែរនៅប្រទេសចិន បានសម្តែងក្តីរំភើប និងគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះសម្តេចតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចធិបតី និងលោកជំទាវបណ្ឌិត ដែលតែងតែគិតគូរពីសុខទុក្ខ ការរស់នៅ និងការសិក្សារបស់ពួកគេតាមរយៈក្រុមការងារ អ.ម.ត យ៉ាងជិតដិត។

ផ្អែកតាមទិន្នន័យផ្លូវការ គិតត្រឹមឆ្នាំ២០២៥ កន្លងទៅអាហារូបករណ៍ អ.ម.ត បានបញ្ជូននិស្សិតទៅសិក្សានៅក្រៅប្រទេសសរុបចំនួន ៣៦៣នាក់។ ខណៈដែលការជ្រើសរើសចុងក្រោយបង្អស់សម្រាប់កូតា ១៣០កន្លែង នាចុងឆ្នាំ២០២៥ និងដើមឆ្នាំ២០២៦នេះ មានបេក្ខជនដាក់ពាក្យប្រកួតប្រជែងយ៉ាងច្រើនកុះកររហូតដល់ ៤៦១នាក់ ទាំងថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់៕ អត្ថបទ: រដ្ឋា

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia