Connect with us

ព័ត៌មាន

អ្នកតំណាងរាស្ត្រខេត្តពោធិ៍សាត់ ជួបសំណេះសំណាល និងផ្សព្វផ្សាយច្បាប់សំខាន់ៗជូនពលរដ្ឋឃុំកំពង់ពោធិ៍

ឯកឧត្តម ស៊ុយ សែម, ឯកឧត្តម ទី ថានី, ឯកឧត្តម រ៉ូ ហ្វីអូស្មាន សមាជិករដ្ឋសភា និងជាអ្នកតំណាងរាស្ត្រមណ្ឌលពោធិ៍សាត់ រួមនិងឯកឧត្តម ញ៉ូវ សុង សមាជិកព្រឹទ្ធសភាមណ្ឌលពោធិ៍សាត់ បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងស្វែងយល់ពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ នៅឃុំកំពង់ពោធិ៍ ស្រុកក្រគរ ខេត្តពោធិ៍សាត់។ ពិធីនេះប្រារព្ធធ្វើនៅសាលាឃុំកំពង់ពោធិ៍ ដោយមានការអញ្ជើញចូលរួមពី លោក ងួន ប៉ោសេង អភិបាលរងខេត្ត ថ្នាក់ដឹកនាំស្រុកក្រគរ អាជ្ញាធរមូលដ្ឋាន និងបងប្អូនប្រជាពលរដ្ឋតាមភូមិ សរុបប្រមាណ ៣០០នាក់។

បន្ទាប់ពីរបាយការណ៍សង្ខេបរបស់លោកមេឃុំកំពង់ពោធិ៍រួចមក ឯកឧត្តម ស៊ុយ សែម ក្នុងនាមអ្នកតំណាង បានសម្តែងទឹកចិត្តសប្បាយរីករាយ ដែលបានចុះមកជួបសំណេះសំណាល ជាមួយបងប្អូនប្រជាពលរដ្ឋដោយផ្ទាល់នាពេលនេះ។

ឯកឧត្តមមានប្រសាសន៍ថា កម្មវិធីនេះគឺជាសំណូមពររបស់យើងខ្ញុំជាអ្នកតំណាងរាស្ត្រ និងជាសមាជិកព្រឹទ្ធសភា ដែលនៅចន្លោះសម័យប្រជុំ ក៍ឆ្លៀតឱកាសមកជួបរាស្ត្រនៅមូលដ្ឋានរបស់ខ្លួន។ យើងបានចុះជួបបងប្អូនប្រជាពលរដ្ឋ តាមបណ្ដាឃុំសង្កាត់ជាហូរហែមកហើយ ហើយថ្ងៃនេះបានមកជួបបងប្អូននៅឃុំកំពង់ពោធិ៍ ស្រុកក្រគរ ហើយក៍សូមអរគុណដល់បងប្អូនប្រជាពលរដ្ឋ ចាស់ព្រឹទ្ធាចារ្យ នគរបាលប៉ុស្តិរដ្ឋបាល គ្រូពេទ្យ គ្រូបង្រៀននិងប្រជាការពារទាំងអស់ ដែលបានអញ្ជើញមកចូលរួម ដើម្បីដឹងសុខទុក្ខគ្នាទៅវិញទៅមក ហើយយើងខ្ញុំជាតំណាងរាស្ត្រនិងសមាជិកព្រឹទ្ធសភា ចង់ជម្រាបជូននូវការងារសំខាន់ៗ ដែលទាក់ទងនឹងប្រទេសជាតិរបស់យើង ក៍ដូចជាស្ថានភាពជីវភាពរស់នៅរបស់បងប្អូនយើងនៅមូលដ្ឋាន។

ឯកឧត្តមបានជំរុញឱ្យរដ្ឋបាលឃុំ និងប៉ុស្តិ៍នគរបាលរដ្ឋបាល បន្តខិតខំផ្តល់សេវារដ្ឋបាល និងសេវាតម្រូវការនានា ជូនប្រជាពលរដ្ឋឱ្យបានលឿន រហ័ស និងមានតម្លាភាព។

ឯកឧត្តម ស៊ុយ សែម បានកោតសរសើរនិងលើកទឹកចិត្ត ដល់បុគ្គលិកពេទ្យនៅមណ្ឌលសុខភាព និងលោកគ្រូ-អ្នកគ្រូ ដែលបានលះបង់កម្លាំងកាយចិត្ត ក្នុងការថែទាំសុខភាពនិងបណ្តុះបណ្តាលធនធានមនុស្សនៅក្នុងមូលដ្ឋាន។ ឯកឧត្តមក៏បានបញ្ជាក់ពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាប្រឈម និងលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ឱ្យកាន់តែប្រសើរឡើងជាលំដាប់។ ឆ្លើយតបទៅនឹងការវិវត្តនៃបច្ចេកវិទ្យា ឯកឧត្តមអ្នកតំណាងរាស្ត្រក៏បានលើកឡើង និងដាស់តឿនយ៉ាងម៉ឺងម៉ាត់ដល់បងប្អូនប្រជាពលរដ្ឋ ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះមុខសញ្ញាឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) ហើយបានអំពាវនាវកុំឱ្យជឿលើការអូសទាញណាមួយ ដែលមិនមានប្រភពច្បាស់លាស់ តាមរយៈទូរស័ព្ទ ឬបណ្តាញសង្គម ដែលអាចនាំឱ្យខាតបង់ទ្រព្យសម្បត្តិផ្ទាល់ខ្លួន និងក្រុមគ្រួសារ។

ទន្ទឹមនឹងនេះ ឯកឧត្តមអ្នកតំណាងរាស្ត្រ ក៏បានផ្សព្វផ្សាយច្បាប់ស្តីពីកាតព្វកិច្ចយោធា ដើម្បីឱ្យប្រជាពលរដ្ឋ ជាពិសេសស្រទាប់យុវជនអាយុចាប់ពី១៨ឆ្នាំដល់២៥ឆ្នាំ បានយល់ដឹងច្បាស់ពីតួនាទី និងកាតព្វកិច្ចរបស់ពលរដ្ឋគ្រប់រូប ក្នុងការចូលរួមការពារជាតិ មាតុភូមិ និងការរក្សាសុខសន្តិភាព។ ឯកឧត្តមក៍បានជម្រាបជូនអំពី ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី០៦ខែមិថុនាឆ្នាំ២០២៧ និងការធ្វើវិសោធនកម្មច្បាប់ ដែលជាការកែប្រែឬបន្ថែមបទប្បញ្ញត្តិមួយចំនួន ដើម្បីឆ្លើយតបទៅនឹងស្ថានភាពនយោបាយ និងដើម្បីពង្រឹងដំណើរការប្រជាធិបតេយ្យ ទទួលខុសត្រូវរបស់អ្នកនយោបាយ ក៍ដូចជាធានាឲ្យបាននូវសណ្ដាប់ធ្នាប់សាធារណៈផងដែរ ៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia