ព័ត៌មាន
អូស្ត្រាលី និងយូអិនឌីភី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្តល់វិភាគទាន ក្នុងទឹកប្រាក់ចំនួន ១,៥ លានដុល្លារអូស្ត្រាលី ដើម្បីគាំទ្រដល់ការស្តារឡើងវិញ និងសកម្មភាពមីន នៅក្នុងសហគមន៍ដែលរងផលប៉ះពាល់ នៅតាមព្រំដែនកម្ពុជា
ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ រដ្ឋាភិបាលអូស្ត្រាលី និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (យូអិនឌីភី) នៅថ្ងៃនេះ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្តល់វិភាគទាន ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែង ស្តារឡើងវិញរបស់រាជរដ្ឋាភិបាលកម្ពុជាជូនគ្រួសារដែលរងផលប៉ះពាល់ដោយសារជម្លោះព្រំដែនកម្ពុជា-ថៃ ក្នុងឆ្នាំ២០២៥ ដែលបានបណ្តាលឱ្យប្រជាជនជាង ៦៤០.០០០ នាក់ ផ្លាស់ទីលំនៅ និងរំខានដល់សេវាចាំបាច់ សំខាន់ៗ នៅតាមខេត្តមួយចំនួន។
ពិធីចុះហត្ថលេខានេះ ត្រូវបានប្រារព្ធឡើងនៅទីស្នាក់ការអាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន (អាជ្ញាធរមីន) ក្នុងរាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១ អាជ្ញាធរមីន ឯកឧត្តម ដេរិក យីប (Derek Yip) ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំព្រះរាជាណាចក្រកម្ពុជា និង លោក អេនរីកូ ហ្គាវេលីយ៉ា (Enrico Gaveglia) តំណាងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ប្រចាំកម្ពុជា។
វិភាគទានរបស់អូស្ត្រាលីក្នុងទឹកប្រាក់ចំនួន ១,៥ លានដុល្លារអូស្ត្រាលី ដែលផ្តល់តាមរយៈ គម្រោងបោសសម្អាតមីនដើម្បីលទ្ធផល (CfR) ដំណាក់កាលទី៥ នឹងគាំទ្រដល់ការរំដោះផ្ទៃដីពីគ្រាប់មីន ការអប់រំយល់ដឹងអំពីហានិភ័យនៃយុទ្ធភណ្ឌគ្រឿងផ្ទុះ (EORE) និងជំនួយផ្នែកជីវភាពរស់នៅ ដើម្បី ផ្តល់លទ្ធភាពឱ្យជនភៀសសឹកអាចវិលត្រឡប់មកវិញដោយសុវត្ថិភាព និងគាំទ្រ ដល់កិច្ចខិតខំប្រឹងប្រែង ស្តារសេដ្ឋកិច្ច-សង្គមឡើងវិញ។ ការគាំទ្រនេះផ្តោតលើខេត្តចំនួនបួន ដែលរងផលប៉ះពាល់ខ្លាំងជាងគេ ពីជម្លោះព្រំដែនកម្ពុជា-ថៃ នាពេលថ្មីៗនេះ និងការគំរាមកំហែងពីយុទ្ធភណ្ឌមិនទាន់ផ្ទុះដែលនៅសេសសល់ រួមមាន ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ។
ការផ្តល់វិភាគទាននេះ នឹងគាំទ្រដោយផ្ទាល់ដល់ការរំដោះផ្ទៃដីដែលរងការគំរាមកំហែងចំនួន ៤,៤ គីឡូម៉ែត្រក្រឡា ផ្តល់ផលដោយផ្ទាល់ដល់ប្រជាពលរដ្ឋជាង ៩.៧០០ នាក់ និងផ្តល់ការអប់រំយល់ដឹងអំពីហានិភ័យយុទ្ធភណ្ឌគ្រឿងផ្ទុះដល់សមាជិកសហគមន៍ចំនួន ១៨.០០០ នាក់។ បន្ថែមពីនេះ វិភាគទាននេះនឹងផ្តល់ការគាំទ្រផ្នែកជីវភាពរស់នៅដល់ជនភៀសសឹកចំនួន ៤០០ គ្រួសារ ដែលផ្ទះសម្បែង កសិដ្ឋាន និងអាជីវកម្ម ខ្នាតតូចរបស់ពួកគេរងផលប៉ះពាល់ ដើម្បីជួយពួកគេក្នុងការស្តារប្រាក់ចំណូល និងកសាងជីវភាពឡើងវិញ។
ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១ អាជ្ញាធរមីន បានមានប្រសាសន៍ថា៖ “អូស្ត្រាលី គឺជាដៃគូសកម្មភាពមីនដ៏គួរឱ្យទុកចិត្តបំផុតមួយរបស់កម្ពុជា តាំងពីដើមទសវត្សរ៍ឆ្នាំ១៩៩០ មក។ ជាមួយនឹងវិភាគទានថ្មីនេះ ការគាំទ្រសរុបរបស់អូស្ត្រាលីដល់គម្រោងបោសសម្អាតមីនដើម្បីលទ្ធផល នឹងកើនដល់ ៤៥,៣១ លានដុល្លារអូស្ត្រាលី ដែលឆ្លុះបញ្ចាំងពីភាពជាដៃគូ និងការប្តេជ្ញាចិត្តរួមគ្នាក្នុងការសង្គ្រោះជីវិត និងការជំរុញការអភិវឌ្ឍដោយចីរភាពនៅកម្ពុជា ជាងបីទសវត្សរ៍មកនេះ។ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងតាមរយៈកិច្ចសហការយ៉ាងស្អិតរមួតរវាងរាជរដ្ឋាភិបាលកម្ពុជា អូស្ត្រាលី យូអិនឌីភី និងអាជ្ញាធរមីន ភាពជាដៃគូនេះបានកាត់បន្ថយការគំរាមកំហែងពីគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ប្រគល់ដីជូនសហគមន៍វិញ និងបង្កើតឱកាស ប្រកបរបរចិញ្ចឹមជីវិត និងកំណើនសេដ្ឋកិច្ច។ គោលបំណងចុងក្រោយនៃសកម្មភាពមីន គឺដើម្បីប្រជាជន។ ផលវិជ្ជមានពិតប្រាកដរបស់វា មិនត្រូវបានវាស់វែងដោយផ្ទៃដីដែលបានបោសសម្អាតនោះទេ ប៉ុន្តែត្រូវបានវាស់វែង ដោយជីវិតដែលត្រូវបានផ្លាស់ប្តូរ តាមរយៈសុវត្ថិភាព សេចក្តីថ្លៃថ្នូរ និងក្តីសង្ឃឹមដ៏ធំធេង សម្រាប់ក្រុមគ្រួសារ និងសហគមន៍កម្ពុជា”។
ឯកឧត្តម ដេរិក យីប ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា៖ “អូស្ត្រាលីមានប្រវត្តិដ៏យូរលង់ ក្នុងការងារបោសសម្អាតមីននៅកម្ពុជា គួរជាទីមោទន។ ពីការគាំទ្រដែលបានផ្តល់ក្នុងដំណើរការស្វែងរកសន្តិភាព រហូតដល់ភាពជាដៃគូប្រកបដោយចីរភាពរបស់យើងលើសកម្មភាពមីន ក្នុងទសវត្សរ៍បន្តបន្ទាប់ អូស្ត្រាលីមានសេចក្តីសោមនស្សរីករាយ ដែលបានក្លាយជាអ្នកគាំទ្រដ៏យូរអង្វែង និងអាចពឹងផ្អែកបាន ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការបោសសម្អាតគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម។ កិច្ចខិតខំប្រឹងប្រែងរបស់យើង នឹងបន្តផ្តោតលើការងារក្នុងវិស័យស្តារពលកម្មកាយសម្បទា ដែលគាំទ្រដល់ប្រជាជនកម្ពុជាជាច្រើននាក់ រួមទាំងអ្នកនៅរស់រានមានជីវិតពីគ្រាប់មីនផងដែរ។ អូស្ត្រាលីបានផ្តល់វិភាគទានចុងក្រោយចំនួន ១,៥ លានដុល្លារអូស្ត្រាលី ដល់គម្រោងបោសសម្អាតមីនដើម្បីលទ្ធផល ដោយផ្តោតលើការគាំទ្រការបោសសម្អាត និងការលើកកម្ពស់ជីវភាពរស់នៅសម្រាប់សហគមន៍ ដែលរងផលប៉ះពាល់ដោយសារជម្លោះព្រំដែន”។
លោក អេនរីកូ ហ្គាវេលីយ៉ា តំណាងយូអិនឌីភី បានមានប្រសាសន៍ថា៖ “យូអិនឌីភី វាយតម្លៃខ្ពស់ចំពោះភាពជាដៃគូ និងការប្តេជ្ញាចិត្តដ៏យូរអង្វែងរបស់អូស្ត្រាលី ចំពោះវិស័យសកម្មភាពមីនរបស់កម្ពុជា។ ផ្អែកលើជំនាញ និងបទពិសោធន៍សកលរបស់ យូអិនឌីភី ក្នុងវិស័យសកម្មភាពមីន និងការស្តារឡើងវិញ រួមជាមួយកិច្ចសហការដ៏ល្អអស់រយៈពេលពីរទសវត្សរ៍ជាមួយអាជ្ញាធរមីន យូអិនឌីភីនៅតែប្តេជ្ញាគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងសកម្ម-ភាពមីនរបស់កម្ពុជា និងធានាថាផ្ទៃដីដែលបានបោសសម្អាត រួមចំណែក ដល់ការពង្រឹងសុវត្ថិភាព ជីវភាពរស់នៅ និងឱកាសអភិវឌ្ឍន៍កាន់តែប្រសើរសម្រាប់សហគមន៍”។
វិភាគទាននេះនឹងត្រូវបានផ្តល់ជូនតាមរយៈគម្រោងបោសសម្អាតមីនដើម្បីលទ្ធផល ដំណាក់កាលទី៥ ដែលជាគម្រោងពហុម្ចាស់ជំនួយ ទទួលបានការគាំទ្រថវិកាពីរដ្ឋាភិបាលកម្ពុជា អូស្ត្រាលី អ៊ីតាលី លុចសំបួ និងនូវែលសេឡង់ និងអនុវត្តដោយអាជ្ញាធរមីន និងយូអិនឌីភី ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាសំណល់ពីអតីតកាលនៃគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ព្រមទាំងចូលរួមចំណែកដល់ការស្តារឡើងវិញ ភាពធន់ និងការអភិវឌ្ឍប្រកបដោយចីរភាព។



-
PR NEWS3 days agoស្វាគមន៍បងប្អូនកំពង់ឆ្នាំង! ចុងសប្តាហ៍នេះ GANZBERG នឹងនាំមកនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ!
-
កីឡា2 days agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoសម្ដេចតេជោ-ធិបតី តែងតែក្រើនរម្លឹកដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ឱ្យបង្ក្រាបបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យាដោយវិធានការយ៉ាងតឹងរ៉ឹង និងម៉ឺងម៉ាត់បំផុត
-
ព័ត៌មាន7 days agoក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្តចុះពិនិត្យព្យាបាលភ្នែក និងផ្ដល់វ៉ែនតាជូនពលរដ្ឋស្រុកស្ទោងខេត្ដកំពង់ធំ
-
ព័ត៌មាន2 days agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសម្តេចតេជោ ហ៊ុន សែន ជម្រុញដល់មន្ត្រីខេត្តកណ្តាលខិតខំបំពេញការងារបម្រើប្រជាជនដោយស្មោះត្រង់ និងមានទំនាក់ទំនងល្អជាមួយប្រជាជន
-
ព័ត៌មាន1 week agoអ្នកនាំពាក្យ៖កម្លាំងមហាសាមគ្គីជាតិខ្មែរបានគាំទ្ររាជរដ្ឋាភិបាលក្នុងប្រើប្រាស់យន្តការផ្សះផ្សារដោយបង្ខំជាមួយថៃដើម្បីដោះស្រាយវិវាទទាមទារដែនសមុទ្រត្រួតស៊ីគ្នា
-
ព័ត៌មាន1 week agoលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមកម្មវិធីបញ្ចុះបឋមសិលាកសាង «រតនមន្ទីរពុទ្ធមណ្ឌលវិបស្សនាឧដុង្គ» ពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា