ព័ត៌មាន
សម្តេចធិបតីអញ្ជើញថ្លែងសុន្ទរកថា ក្នុងពិធីបើកវេទិកាអនាគតរបស់អាស៊ានលើកទី៣ នៅហាណូយ
នៅព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួម និងថ្លែងសុន្ទរកថា ក្នុងពិធីបើក វេទិកាអនាគតអាស៊ានលើកទី៣ នៅរដ្ឋធានីហាណូយ សាធារណរដ្ឋសង្គមនិយមវៀតណាម។ វេទិកាអនាគតអាស៊ាននេះ ត្រូវបានប្រារព្ធឡើងក្រោមប្រធានបទ «រួមគ្នាស្ថាបនាអនាគតរបស់យើង៖ សន្តិភាព វិបុលភាព និងប្រជាជនជាស្នូល»។
សូមជម្រាបថា តបតាមការអញ្ជើញរបស់ឯកឧត្តម ឡេ មិញហ៊ឹង នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម និងចូលរួមវេទិកាអនាគតអាស៊ាន លើកទី៣ នៅទីក្រុងហាណូយ ចាប់ពីពីថ្ងៃទី៨ ដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦នេះ។
ក្នុងឱកាសបំពេញទស្សនកិច្ចថ្ងៃដំបូង ត្រូវនឹងថ្ងៃទី៨ មិថុនា ម្សិលមិញ សម្ដេចធិបតី មានជំនួបទ្វេភាគីជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងឯកឧត្តម ជិន ថាញ់មិន (Tran Thanh Man) ប្រធានរដ្ឋសភា នៃសាធារណរដ្ឋសង្គមនិយមវៀតណាមក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ។
ក្នុងជំនួបទាំងពីរនេះ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគី ក្នុងស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង និងបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរបន្ថែមទៀត។
ក្នុងឱកាសនៃជំនួបនោះ, ឯកឧត្តមនាយករដ្ឋមន្ត្រី និងឯកឧត្តម ប្រធានរដ្ឋសភា វៀតណាម បានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យរបស់កម្ពុជា និងបង្ហាញនូវជំនឿចិត្តយ៉ាងមុតមាំថា ក្រោមការដឹកនាំសម្តេចធិបតីនាយករដ្ឋមន្ត្រី ប្រទេសកម្ពុជានឹងបន្តសម្រេចបាននូវការអភិវឌ្ឍ និងសមិទ្ធផលធំៗជាច្រើនបន្ថែមទៀត។
ជាការឆ្លើយតប, សម្តេចធិបតីបានសម្តែងនូវការអបអរសាទរចំពោះជោគជ័យនៃកំណើនសេដ្ឋកិច្ចក្នុងអត្រាខ្ពស់របស់ប្រទេសវៀតណាម និងជឿជាក់ថា ក្រោមការដឹកនាំរបស់បក្សកុម្មុយនីស្តវៀតណាម និងរដ្ឋាភិបាលវៀតណាម ប្រទេសវៀតណាមនឹងឈានទៅសម្រេចបាននូវគោលដៅសហស្សវត្សរ៍ទាំងពីរ នៅឆ្នាំ២០៣០ និងឆ្នាំ២០៤៥។
ក្នុងជំនួបនោះ ថ្នាក់ដឹកនាំប្រទេសទាំងពីរ បានសម្តែងនូវការពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើនយ៉ាងល្អប្រសើរ នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងកម្ពុជា និងវៀតណាម ព្រមទាំងបានឯកភាពគ្នាក្នុងការរៀបចំព្រឹត្តិការណ៍នានាឱ្យបានអធិកអធម ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៦០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ នៅឆ្នាំ២០២៧ ខាងមុខ។ ជាមួយគ្នានេះ ថ្នាក់ដឹកនាំប្រទេសទាំងពីរ បានឯកភាព និងប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបន្តជំរុញទំនាក់ទំនងទ្វេភាគី ឱ្យកាន់តែស៊ីជម្រៅ និងឈានទៅដល់កម្រិតខ្ពស់ថ្មីមួយទៀត ក្នុងស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង។
សូមជម្រាបថា សម្ដេចធិបតី និងលោកជំទាវបណ្ឌិត នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ធ្វើមាតុភូមិនិវត្តន៍មកកាន់ព្រះរាជាណាកម្ពុជាវិញនៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦នេះបន្ទាប់ពីបញ្ចប់ការបំពេញទស្សនកិច្ចផ្លូវការ៕















-
PR NEWS3 days agoស្វាគមន៍បងប្អូនកំពង់ឆ្នាំង! ចុងសប្តាហ៍នេះ GANZBERG នឹងនាំមកនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ!
-
កីឡា2 days agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoសម្ដេចតេជោ-ធិបតី តែងតែក្រើនរម្លឹកដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ឱ្យបង្ក្រាបបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យាដោយវិធានការយ៉ាងតឹងរ៉ឹង និងម៉ឺងម៉ាត់បំផុត
-
ព័ត៌មាន7 days agoក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្តចុះពិនិត្យព្យាបាលភ្នែក និងផ្ដល់វ៉ែនតាជូនពលរដ្ឋស្រុកស្ទោងខេត្ដកំពង់ធំ
-
ព័ត៌មាន2 days agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសម្តេចតេជោ ហ៊ុន សែន ជម្រុញដល់មន្ត្រីខេត្តកណ្តាលខិតខំបំពេញការងារបម្រើប្រជាជនដោយស្មោះត្រង់ និងមានទំនាក់ទំនងល្អជាមួយប្រជាជន
-
ព័ត៌មាន1 week agoអ្នកនាំពាក្យ៖កម្លាំងមហាសាមគ្គីជាតិខ្មែរបានគាំទ្ររាជរដ្ឋាភិបាលក្នុងប្រើប្រាស់យន្តការផ្សះផ្សារដោយបង្ខំជាមួយថៃដើម្បីដោះស្រាយវិវាទទាមទារដែនសមុទ្រត្រួតស៊ីគ្នា
-
ព័ត៌មាន1 week agoលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមកម្មវិធីបញ្ចុះបឋមសិលាកសាង «រតនមន្ទីរពុទ្ធមណ្ឌលវិបស្សនាឧដុង្គ» ពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា