Connect with us

ព័ត៌មាន

រដ្ឋករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង បន្តធ្វើទំនើបកម្មប្រព័ន្ធស្វ័យប្រវត្តិផ្តល់ព័ត៌មានលើអេក្រង់ ដើម្បីបង្កលក្ខណៈកាន់តែងាយស្រួល

រដ្ឋករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង City Bus បន្តធ្វើទំនើបកម្មប្រព័ន្ធស្វ័យប្រវត្តិផ្តល់ព័ត៌មានលើអេក្រង់ក្នុងរថយន្ត ដើម្បីបង្កលក្ខណៈកាន់តែងាយស្រួលជូនពលរដ្ឋអ្នកប្រើប្រាស់ ។

លោកកែវ ចាន់ណារិទ្ធ អភិបាលរដ្ឋករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង City Bus បានឲ្យដឹងថា ៖ ក្រោមការយកចិត្តទុកដាក់ខ្ពស់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ តែងតែជម្រុញឲ្យបង្កើនយកចិត្តទុកដាក់ តាមរយៈការគិតគូរជាមួយបងប្អូនប្រជាពលរដ្ឋគ្រប់កាលៈទេសៈ ពិសេសការធ្វើទំនើបកម្មនេះ គឺជាភាពចាំបាច់មួយដែលត្រូវបំពេញ ឆ្លើយតបតាមយុគ្គសម័យកាលអភិវឌ្ឍន៍របស់ប្រទេសជាតិ ។

លោកអភិបាលរដ្ឋករ បន្ថែមថា ៖ ប្រព័ន្ធស្វ័យប្រវត្តិផ្តល់ព័ត៌មានលើអេក្រង់ក្នុងរថយន្តនេះ ជាប្រព័ន្ធទំនើបដែលផ្តល់ព័ត៌មានជាអក្សររត់ និងសម្លេងជាភាសាខ្មែរ និងអង់គ្លេស បញ្ជាក់ជូនទៅកាន់អ្នកប្រើប្រាស់ក្នុងរថយន្តទាំងអស់ បានឃើញ និងបានលឺអំពីខ្សែរត់របស់រថយន្ត ដែលធ្វើដំណើរទៅតាមចំណតនីមួយៗ ។

លោកបន្ថែមថា ៖ ការធ្វើទំនើបកម្មនេះទៀតសោត ក៏ជាស្របតាមយុទ្ធសាស្ត្របញ្ជកោណដំណាក់កាលទី១របស់សម្តេចប្រមុខថ្នាក់ដឹកនាំ ដែលបានផ្តោតទៅលើគន្លឹះអាទិភាពចម្បងទាំង០៥រួមមាន មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ។

ពលរដ្ឋអ្នកប្រើប្រាស់សេវា រថយន្តក្រុងសាធារណៈ បង្ហាញក្តីពេញចិត្ត និងថ្លែងអំណរគុណរដ្ឋាភិបាលកម្ពុជា ចំពោះការផ្តល់សេវាជិះធ្វើដំណើរមួយ ដែលសម្រាកបន្ទុកការចំណាយខ្ពស់ និងកាន់តែផ្តល់ភាពងាយស្រួល និងទំនើប ធ្វើឲ្យការជិះធ្វើដំណើរមានភាពកក់ក្តៅខ្ពស់ និងប្រកបដោយសុវត្ថិភាពផងដែរ ។

គួរបញ្ជាក់ថា ៖ សេវារថយន្តក្រុងសាធារណៈនេះ គឺមិនមានគិតថវិការនោះឡើយ សម្រាប់កុមារតូចៗ , ស្ត្រីមានផ្ទៃពោះ , ព្រះសង្ឃ , ជនមានពិការភាព , គថ្លង់ , និងមនុស្សចាស់ជរាជាដើម ៕ អត្ថបទ៖ លីហេង

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia