Connect with us

ព័ត៌មាន

ក្រសួងបរិស្ថានរំលឹកឱ្យប្រជាពលរដ្ឋទៅយកកូនឈើ ដោយឥតគិតថ្លៃ ដើម្បីដាំឱ្យទាន់រដូវវស្សាឆ្នាំ២០២៦ ខណៈកូនឈើនៅថ្នាលបណ្តុះកូនឈើថ្នាក់តំបន់ខេត្តត្បូងឃ្មុំ បានបណ្តុះកូនឈើចំនួនជាង១លានដើមរួចហើយ

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ បានមានប្រសាសន៍រំលឹក ឱ្យសាធារណជន មកទទួលកូនឈើនៅតាមថ្នាលបណ្តុះកូនឈើនានា របស់មន្ទីរបរិស្ថានទូទាំងប្រទេស និងនៅតាមថ្នាលបណ្តុះកូនឈើថ្នាក់តំបន់ ចំនួន៥កន្លែង ក្នុងនោះថ្នាលបណ្តុះកូនឈើខេត្តត្បូងឃ្មុំ បានបណ្តុះបានកូនចម្រុះបានជាង១លានដើម និងគ្រោងចែកកកូនឈើ ដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋដាំ ដើម្បីបង្កើនគម្របបៃតង ជាប្រយោជន៍ដល់សហគមន៍។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តីបានថ្លែងថា យុទ្ធនាការ «ពន្លកបៃតង» យុទ្ធនាការទ្រង់ទ្រាយធំ ក្នុងការចែកជូនកូនឈើដោយឥតគិតថ្លៃ ដល់ប្រជាពលរដ្ឋទាំងអស់ ដើម្បីយកទៅដាំក្នុង រដូវវស្សាឆ្នាំ២០២៦ គឺជាគំនិតផ្ដួចផ្ដើម និងការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីពង្រីកគម្របព្រៃឈើ និងឆ្ពោះទៅសម្រេចគោលដៅ ជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០។

សូមបញ្ជាក់ថា សម្តេចធិបតីនាយករដ្ឋមន្រ្តី នៅក្នុងពិធីបុណ្យទន្លេឆ្នាំ២០២៣ នៅខេត្តសៀមរាមបានមានប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់ ដល់ក្រសួងបរិស្ថាន ជំរុញការបណ្តុះ ចែកកូនឈើជូនប្រជាពលរដ្ឋដាំឱ្យបានច្រើន ការបង្កើតថ្នាលបណ្តុះកូនឈើថ្នាក់តំបន់ សម្រាប់ចែកកូនឈើ ជូនប្រជាពលរដ្ឋយកទៅដាំ ស្តារព្រៃ ដាំនៅតាមសហគមន៍នានា។

ក្រសួងបរិស្ថានបានបង្កើតថ្នាលបណ្តុះកូនឈើនៅតាមន្ទីរបរិស្ថានរាជធានីខេត្តទូទាំងប្រទេស និងថ្នាលបណ្តុះកូនឈើថ្នាក់តំបន់ចំនួន ៥ កន្លែង នៅតាមបណ្តាខេត្តយុទ្ធសាស្ត្រ រួមមាន ខេត្តត្បូងឃ្មុំ អាចផលិតកូនឈើបានចំនួនជាង ១ លានដើម ខេត្តកំពង់ស្ពឺ ផលិតកូនឈើបានចំនួនជាង ១លានដើម ខេត្តសៀមរាប អាចផលិតកូនឈើបានចំនួនជាង ៦០ ម៉ឺនដើម ខេត្តកោះកុង អាចផលិតកូនឈើបានចំនួនជាង ៣០ ម៉ឺនដើម និងខេត្តមណ្ឌលគិរី អាចផលិតកូនឈើបានចំនួនជាង៣០ ម៉ឺនដើម។

ក្នុងឆ្នាំ២០២៥ កូនឈើជាង ៣,៤ លានដើមត្រូវបានចែកដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋដាំរួចរាល់។ នៅក្នុងឆ្នាំ២០២៦ ក្រសួងបរិស្ថាន ស្នើសុំឱ្យសាធារណជន មកយកកូនឈើនៅតាមថ្នាលបណ្តុះកូនឈើទៅដាំពីមន្ទីរបរិស្ថាន និងតាមថ្នាលបណ្តុះកូនឈើថ្នាក់តំបន់នានា ទៅដាំឱ្យទាន់រដូវវស្សា។ ឆ្នាំនេះក្រួងមានផែនការចែកចាយកូនឈើចំនួន ៥ លានដើម រួមមានប្រភេទឈើប្រណីត (បេង នាងនួន ក្រញូង ធ្នង់) ឈើហូបផ្លែ ឈើលម្អ និងកូនត្នោតចំនួន១,៥លានដើម ជូនដល់សាធារណជន យកដាំនៅតាមសាលារៀន វត្តអារាម និងសហគមន៍ ដើម្បីយកទៅដាំក្នុងរដូវវស្សា ឆ្នាំ២០២៦ នេះ៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia