Connect with us

ព័ត៌មាន

អគ្គនាយកគយ និងសម្ព័ន្ធ FASMEC បើកវេទិកាជំរុញផលិតកម្មក្នុងស្រុក និងសមត្ថភាពប្រកួតប្រជែង

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងសម្ព័ន្ធសមាគមសហគ្រាសធុនតូចនិងមធ្យមកម្ពុជា ហៅកាត់ ហ្វាសមិច (FASMEC) បានសហការគ្នារៀបចំវេទិកាគយ និងសម្ព័ន្ធ FASMEC លើកទី១ ក្រោមប្រធានបទ “ការគាំពារសហគ្រាសធុនតូចនិងមធ្យម ដើម្បីជំរុញផលិតកម្មក្នុងស្រុក និងសមត្ថភាពប្រកួតប្រជែង” ដែលប្រព្រឹត្តិទៅក្រោមអធិបតីភាព ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

នៅក្នុងវេទិកានាព្រឹកថ្ងៃទី១១ ខែមិថុនានេះ ឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាលសម្ព័ន្ធសមាគមសហគ្រាសធុនតូចនិងមធ្យមកម្ពុជា បានលើកឡើងឱ្យដឹងថា នេះជាព្រឹត្តការណ៍ប្រវត្តិសាស្រ្តថ្មីមួយទៀតនៃកិច្ចសហការ រវាងគយ និង ហ្វាសមិច ក្នុងគោលបំណងបង្កើតការយល់ដឹងអំពីនីតិវិធីគយ ការលើកទឹកចិត្តផ្នែកពន្ធដារ និងការសម្របសម្រួលពាណិជ្ជកម្មនានា ដូចដឹងហើយថា សហគ្រាសធុនតូចនិងមធ្យមគឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិដែលមានតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រកំណើនសេដ្ឋកិច្ច ការបង្កើតការងារ បង្កើតប្រាក់ចំណូលដល់ប្រជាពលរដ្ឋ ជំរុញផលិតផលក្នុងស្រុក ការបង្កើតតម្លៃបន្ថែម និងការពង្រឹងមូលដ្ឋានសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែរឹងមាំ និងមានសមត្ថភាពប្រកួតប្រជែង ខណៈដែលសហគ្រាសធុនតូចនិងមធ្យម នៅតែប្រឈមនឹងបញ្ហាឧបសគ្គមួយចំនួន ដូចជាកង្វះខាតព័ត៍មានជុំវិញនិងការចុះបញ្ជីនិងកាតព្វកិច្ចសារពើពន្ធ កង្វះបច្ចេកវិទ្យានិងនវានុវត្តន៍ ព្រមទាំងតម្រូវការបច្ចេកទេស ដើម្បីលើកកម្ពស់ស្តង់ដារផលិតផលខ្មែរជាដើម។

នៅក្នុងពិធីបើកវេទិកានាឱកាសនេះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានសម្តែងការកោតសសើរ និងវាយតម្លៃខ្ពស់ចំពោះការផ្តួចផ្តើមសហការរៀបចំកម្មវីធីនេះឡើង ដែលបានបង្ហាញជ្រាបច្បាស់ពីការបន្តប្តេជ្ញាចិត្តរវាងវិស័យរដ្ឋ និងឯកជន ក្នុងការបង្កើតវេទិកា ការសន្ទនាដ៏រស់រវើក ការផ្លាស់ប្តូរមតិយោបល់និងទស្សនៈ ព្រមទាំងការស្វែងរកដំណោះស្រាយរួមគ្នាសំដៅអភិវឌ្ឍជំរុញ និងលើកកម្ពស់សហគ្រាសធុនតូចនិងមធ្យមកម្ពុជា ដែលជាប្រភពដ៏សំខាន់មួយនៃការបង្កើតការងារនិងមុខរបរ និងជាកម្លាំងចលករដ៏ចម្បងនៃកំណើនសេដ្ឋកិច្ចជាតិ។

ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានមានប្រសាសន៍បន្តទៀតថា ច្បាស់ណាស់ថា វេទិកាដ៏ពិសេសនេះមិនត្រឹមតែជាឱកាសដ៏ប្រសើរសម្រាប់ផ្សព្វផ្សាយព័ត៍មាន និងចំណេះដឹងអំពីបទប្បញ្ញត្តិ និងនីតិវិធីគយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាយន្តការដ៏មានសារៈសំខាន់មួយសម្រាប់ការកសាងភាពជាដៃគូ រវាងស្ថាប័ន​រដ្ឋ និងវិស័យឯកជន ការលើកកម្ពស់ការយល់ដឹងអំពីការវិនិយោគ និងការធ្វើពាណិជ្ជកម្ម និងការពង្រឹងសមត្ថភាពប្រកួតប្រជែងរបស់ក្រុមហ៊ុន សហគ្រាសគ្រប់ប្រភេទ ជាពិសេសសហគ្រាសធុនតូចនិងមធ្យម។

សូមជំរាបជូនទៀតថា ក្នុងវេទិកានេះ ក៏មានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពី កិច្ចសហប្រតិបត្តិការក្នុងការគាំទ្រការអភិវឌ្ឍសហគ្រាសធុនតូចនិងមធ្យម រវាង ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយក នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា និង ឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាលសម្ព័ន្ធសមាគមសហគ្រាសធុនតូចនិងមធ្យមកម្ពុជា ដែលត្រូវបានសង្ឃឹមទុកថា នឹងក្លាយជាក្របខ័ណ្ឌ សហប្រតិបត្តិការដ៏មានសារៈសំខាន់ក្នុងការលើកកម្ពស់ការយល់ដឹងអំពីនីតិវិធីគយ ការកសាងសមត្ថភាព និងការទាញយកអត្ថប្រយោជន៍ពីវិធានការលើកទឹកចិត្ត និងកិច្ចសម្រួលនានារបស់រាជរដ្ឋាភិបាល ដើម្បីរួមគ្នាកែលម្អរបរិយាកាសធុរកិច្ច កិច្ចសម្រួលពាណិជ្ជកម្ម និងពង្រឹងសមត្ថភាពប្រកួតប្រជែងរបស់សហគ្រាសធុនតូចនិងមធ្យមកម្ពុជាឱ្យកាន់តែរឹងមាំ៕ អត្ថបទ៖ ឈិត បូរ៉ាវី

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia