Connect with us

ព័ត៌មាន

អាជ្ញាធររកឃើញសាច់បង្កកជាង២០០តោននាំមកពីថៃ ក្នុងឃ្លាំងស្តុកពីរក្នុងខណ្ឌឫស្សីកែវនិងព្រែកព្នៅ

សាច់បង្កកប្រមាណជាង ២០០តោន ដែលឈ្មួញនាំមកពីប្រទេសថៃ ត្រូវបានសមត្ថកិច្ចរកឃើញនៅក្នុងឃ្លាំងស្តុកចំនួនពីរកន្លែងក្នុងខណ្ឌឫស្សីកែវ និងខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ ចំណែកម្ចាស់ទីតាំងត្រូវបានសមត្ថកិច្ចនាំខ្លួនទៅសាកសួរដើម្បីរកអ្នកពាក់ព័ន្ធផ្សេងទៀត។

ការរកឃើញសាច់បង្កកនាំចូលពីថៃ បន្ទាប់ពីកម្លាំងសមត្ថកិច្ចចម្រុះបានចុះត្រួតពិនិត្យផលិតផលសាច់បង្កកស្តុកទុកនៅសង្កាត់គោករកា ខណ្ឌព្រែកព្នៅ និងនៅភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦។

ឯកឧត្តម គឹម មាសសុខសីហា អគ្គនាយក នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» បានបញ្ជាក់ប្រាប់ BTV នៅថ្ងៃទី១១ ខែមិថុនានេះ ៖ កម្លាំងចម្រុះបានត្រួតពិនិត្យផលិតផលសាច់បង្កកស្តុកទុកនៅទីតាំងស្ថិតនៅសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ មានទំនិញ២ប្រភេទដែលមានស្លាកសញ្ញាជាអក្សរថៃ បរិមាណ ២១៥កញ្ចប់ ស្មើនឹង ៤៣០គីឡូក្រាម។ នៅភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ មានផលិតផលចំនួន២៥ ប្រភេទ ដែលមានស្លាកសញ្ញាជាអក្សរថៃ បរិមាណ ១,២០៩កេស ស្មើនឹង ២១៨,៦៩៣គីឡូក្រាម។

លោកស្រី ដោ សម្ផស្ស អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានប្រាប់BTVថា កាលពីរសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ ក្រោមការដឹកនាំ និងបញ្ជាផ្ទាល់របស់ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌព្រែកព្នៅ សហការជាមួយកម្លាំងជំនាញនគរបាលសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងមានការសម្របសម្រួលដោយលោកស្រី ផាត់ សុគន្ធា ព្រះរាជអាជ្ញារង បានចុះពិនិត្យទីតាំងឃ្លាំងយីហោ «ភុត ប៊ុន ហម» ស្ថិតនៅក្នុងភូមិឆ្លក សង្កាត់គោករកា ដែលសង្ស័យមាននាំចូល និងស្តុកបង្កកពីប្រទេសថៃ។ ក្នុងប្រតិបត្តិការចុះត្រួតពិនិត្យនេះ ក្រុមការងារចំរុះបានរកឃើញមានលិខិតអនុញ្ញាតអាជីវកម្ម និងប័ណ្ណពន្ធប៉ាតង់ ឆ្នាំ២០២៥។ ផលិតផលក្នុងស្រុក៖ ប្រហិតមាន់ ប្រហិតសាច់គោ ហតដកច្រើនប្រភេទ ណែមមីសួរ សាច់ជ្រូកចង្កាក់ និងឆ្អឹងខ្ចីទ្រូងមាន់។ ផលិតផលសរសៃកែងមាន់បង្កកសរុប ៦៤២ដុំតូចមានដាក់អក្សរ THAILAND ចំនួន១៣៧ ដុំតូច មានអក្សរថៃចំនួន ៧៨ ដុំតូច និងផលិតផលដែលគ្មានអក្សរបញ្ជាក់ប្រភពចំនួន ៤២៧ ដុំតូច។

អ្នកនាំពាក្យបញ្ជាក់ថា ក្រោយចប់ប្រតិបត្តិការ ម្ចាស់ទីតាំងត្រូវបាននាំខ្លួនទៅសាកសួរបន្ថែមនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញជុំវិញការនាំចូលផលិតផលទាំងនេះ និងស្វែងរកអ្នកពាក់ព័ន្ធ។ រីឯទីតាំងឃ្លាំង ក្រុមការងារសម្រេចបិទបណ្តោះអាសន្ន ដើម្បីបន្តនីតិវិធីច្បាប់។ ចំណែកទីតាំង៤ផ្សេងទៀតក្នុងខណ្ឌឫស្សីកែវ និងខណ្ឌសែនសុខ គឺកម្លាំងចំរុះបានចុះពិនិត្យមិនឃើញមានករណីទំនិញបង្កកដែលនាំចូលមកពីប្រទេសថៃឡើយ៕ អត្ថបទ៖ វង្ស សុភាព

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia