Connect with us

ព័ត៌មាន

សម្ដេចតេជោណែនាំដល់រោងចក្រផលិតឯកសណ្ឋានយោធា DSS ត្រូវផលិតឱ្យមានគុណភាពខ្ពស់

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា បានណែនាំដល់ រោងចក្រផលិតឯកសណ្ឋានយោធា DSS បង្កើតឡើងដោយកូនខ្មែរ ក្នុងខេត្តបាត់ដំបង ត្រូវពិនិត្យឱ្យបានច្បាស់លាស់ ត្រឹមត្រូវ លើគុណភាពនៃការផលិតរបស់ខ្លួន ដើម្បីធានាលើគុណភាព និងប្រសិទ្ធភាពខ្ពស់។

សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ណែនាំបែបនេះក្នុងឱកាសអញ្ជើញ ចុះត្រួតពិនិត្យវឌ្ឍនភាពរោងចក្រផលិតឯកសណ្ឋានយោធា ក្នុងខេត្តបាត់ដំបង នារសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦នេះ។

ក្នុងឱកាសនោះសម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បញ្ជាក់ថា សម្ភារៈយោធារបស់កម្ពុជា មិនមែនផលិតឡើងដើម្បីយកទៅឈ្លានពាននរណានោះទេ ប៉ុន្ដែជាសម្ភារៈផលិតឡើងដើម្បីការការពារខ្លួន។

សម្ដេចតេជោ បានលើកឡើងថា ក្នុងរយៈពេលប៉ុន្មានខែរួចមកហើយ កម្ពុជាមិនបាននាំចូលសម្ភារៈយោធាសម្រាប់ផ្គត់ផ្គង់ឱ្យកងទ័ព និងនគរបាលរបស់កម្ពុជានោះទេ ដោយកម្ពុជាបានបែរមកប្រើប្រាស់ការផលិតសម្ភារៈយោធាដោយខ្លួនឯងវិញម្ដង។

សម្ដេចតេជោ បានឱ្យដឹងដែរថា ត្រឹមរយៈពេលប្រមាណ ៣ ខែមកនេះ រាជរដ្ឋាភិបាលបានបញ្ជាទិញឯកសណ្ឋាន និងសម្ភារៈយោធាពីរោងចក្រ DSS មានតម្លៃប្រមាណ ៧,៥ លានដុល្លាររួចហើយ។ ដូច្នេះសម្ដេចបានណែនាំដល់រោងចក្រផលិតឯកសណ្ឋានយោធា DSS ត្រូវពិនិត្យឱ្យបានច្បាស់លាស់ ត្រឹមត្រូវ លើគុណភាពនៃការផលិតរបស់ខ្លួន ដើម្បីធានាលើគុណភាព និងប្រសិទ្ធភាពខ្ពស់របស់ខ្លួន។

ក្នុងឱកាសនោះ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ដែរថា គោលដៅរបស់កម្ពុជា គឺត្រូវតែមានកម្រិតផ្គត់ផ្គង់ដោយខ្លួនឯងលើសម្ភារៈលើវិស័យការពារជាតិនេះជាមុនសិន បន្ទាប់មកទៅថ្ងៃខាងមុខអាចអនុញ្ញាតឱ្យធ្វើការនាំចេញទៅកាន់ប្រទេសប្រទេសជាមិត្តដទៃទៀតផងដែរ បើសិនជាមានការបញ្ជាទិញដោយមានការបញ្ជាក់ច្បាស់លាស់ពីរដ្ឋាភិបាលនៃប្រទេសនោះ។ សម្ដេចតេជោ ក៏បានបញ្ជាក់ដែរថា មធ្យោបាយការពារជាតិកម្ពុជា ក៏កំពុងបន្តធ្វើ និងផលិតរឿងជាច្រើនទៀតដែរ ដើម្បីពង្រឹងលើវិស័យការពារជាតិរបស់កម្ពុជា៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia