Connect with us

ព័ត៌មាន

កម្លាំងចម្រុះរាជធានីភ្នំពេញ ត្រួតពិនិត្យកន្លែងបង្កកសាច់ ៥១ទីតាំង ឃាត់ខ្លួនមនុស្ស០៤នាក់ ពាក់ព័ន្ធនាំទំនិញពីប្រទេសថៃ

កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ សហការជាមួយ ក.ប.ប បានចុះត្រួតពិនិត្យកន្លែងបង្កកសាច់៥១ទីតាំង ឃាត់ខ្លួនមនុស្ស០៤នាក់ ពាក់ព័ន្ធនាំទំនិញពីប្រទេសថៃ ។

លោកស្រី ដោ សម្ផស្ស នាយិការរង និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦នេះឲ្យដឹងថា ៖ ក្រោមការដឹកនាំ និងបញ្ជាផ្ទាល់របស់ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ គណៈបញ្ជាការរដ្ឋបាលខណ្ឌទាំងអស់សហការជាមួយកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ អគ្គនាយកដ្ឋានការពារសិទ្ធិអ្នកប្រើប្រាស់ (ក.ប.ប) ដោយមានការសម្របសម្រួលផ្លូវច្បាប់ពីព្រះរាជអាជ្ញារង បានចុះត្រួតពិនិត្យទីតាំងឃ្លាំងសង្ស័យបាននាំចូល ស្តុក និងបង្កកទំនិញ ត្រី សាច់ គ្រប់ប្រភេទ ពីប្រទេសថៃ សរុបបានចំនួន៥១ទីតាំង។

ក្នុងចំណោមទីតាំងទាំងអស់នេះ កម្លាំងចម្រុះបានរកឃើញទីតាំងឃ្លាំង និងសិប្បកម្មចំនួន ៤កន្លែង នៅខណ្ឌទួលគោក ខណ្ឌមានជ័យ និងខណ្ឌជ្រោយចង្វារ មានស្តុកសាច់ និងប្រហិតចម្រុះគ្រប់ប្រភេទជាច្រើនមុខ ដែលបាននាំចូលពីប្រទេសថៃ ។

អ្នកនាំពាក្យដដែលបញ្ជាក់ថា ៖ ក្រុមការងារបានសម្រេចបិទទីតាំងទាំងនោះជាបណ្តោះអាសន្ន និងបាននាំខ្លួនម្ចាស់ទីតាំងទាំងនោះទៅសាកសួរនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីបន្តនីតិវិធី ។

ពលរដ្ឋ សូមគាំទ្រ បទបញ្ជាម៉ឺងម៉ាត់របស់សម្តេចតេជោ ដែលបានចាត់វិធានការក្តៅដោយមិនលើកលែងចំពោះក្រុមឈ្មួញទុច្ចរិត និងអ្នកពាក់ព័ន្ធទាំងឡាយ ដែលមិនមានឧត្តមកិត្តិស្រលាញ់ជាតិ បែរជានាំចូលនូវទំនិញ និងសាច់បង្កកគ្មានគុណភាព ពីប្រទេសមួយដែលបានធ្វើឲ្យប្រជាជាតិខ្មែរទូទាំងប្រទេសទទួលរងក្តីនូវក្តីឈឺចាប់ឥតឧបមា ។

គួររំលឹកថា ៖ ក្នុងឱកាសអញ្ជើញ ចុះត្រួតពិនិត្យវឌ្ឍនភាពរោងចក្រផលិតឯកសណ្ឋានយោធា ក្នុងខេត្តបាត់ដំបង កាលពីរសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ជាថ្មីថា ក្រោយពេលសម្ដេចត្រលប់មកដល់ភ្នំពេញវិញ សម្តេចនឹងជួបជាមួយឈ្នួញដែលនាំសាច់បង្កកពីប្រទេសថៃចូលមកកម្ពុជា, សម្ដេចបញ្ជាក់ថា ត្រូវតែស៊ើបង្កេតលើករណីនេះចំពោះអ្នកពាក់ព័ន្ធទាំងអស់ ទាំងឈ្មួញ និងមន្រ្ដីពាក់ព័ន្ធមិនឱ្យរួចខ្លួននោះឡើយ ៕ អត្ថបទ ៖ លីហេង

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia