Connect with us

ព័ត៌មាន

រដ្ឋមន្រ្តីក្រសួងការងារ៖កម្ពុជាមានភាពម្ចាស់​ការលើ​ការ​បណ្ដុះ​​បណ្ដាល និងផ្គត់ផ្គង់​កម្លាំងពល​កម្មផ្នែក​យាន​យន្ត​គ្រប់ប្រភេ​ទ​ចាប់​ពីចុង​ឆ្នាំ២០២៧ខាង​មុខ

(ភ្នំពេញ)៖ រាជរដ្ឋាភិបាល ដែលមានក្រសួងការងារ និង​បណ្ដុះ​បណ្ដាលវិជ្ជាជីវៈជាសេនាធិការ នឹងធ្វើឱ្យ​កម្ពុជា​មា​ន​ភាព​ម្ចាស់​ការលើ​ការ​បណ្ដុះ​បណ្ដាល និងផ្គត់​ផ្គង់​កម្លាំ​ង​ពលកម្ម​ផ្នែកយានយ​ន្តគ្រប់ប្រភេ​ទទាំងស្រុង​ចាប់ពីចុង​ឆ្នាំ​២​០២៧នេះ​តទៅ ដើម្បីធ្វើ​យ៉ាង​ណា ធានាលើការផ្គ​ត់​ផ្គង់​កម្លាំងពលកម្មឱ្យបានគ្រប់គ្រាន់ ស្រប​ទៅតា​មត​ម្រូវ​ការជាក់ស្ដែង និងខ្សែស​ង្វាក់ផលិតកម្មក្នុងស្រុក។

ឯក​ឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ បានលើកឡើ​ងក្នុងពិធីអបអ​រសាទរទិ​វា​ជាតិ​អ​ប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ លើក​ទី៩ ឆ្នាំ២០២៦ នាព្រឹកថ្ងៃទី១៥ ខែមិថុនានេះថា តាមរយៈ​កា​របង្កើ​តម​ជ្ឈមណ្ឌលឧត្តមភាពយានយន្តកម្ពុជា(ACE-C) ដោ​យបានសហការជាមួយវិទ្យាស្ថាន Bendigo Kangan Institute (BKI)នៃប្រទេសអូស្ត្រាលី និង​ក្រុមហ៊ុន RMA Cambodia បានបង្កើត​មជ្ឈមណ្ឌ​លឧត្ត​ម​ភា​ពយានយ​ន្តកម្ពុជា ដើម្បីបណ្តុះប​ណ្តាលជំនាញ​ដល់​ប្រជាជ​នកម្ពុជាក្លាយជាអ្នកជំនាញផ្នែកយានយន្ត មេកា​និច និងជួសជុលដែលមានសមត្ថភាពខ្ពស់។

ឯកឧត្តមបន្តថា៖«តាមរយៈការដាក់ឱ្យដំណើរការមញ្ឍមណ្ឌលយានយន្តទាំងនេះ នឹងធ្វើឱ្យកម្ពុជាមាន​ភាពម្ចាស់​ការលើ​ការ​បណ្ដុះបណ្ដាល និងផ្គត់ផ្គង់កម្លាំងពលកម្មកម្ពុជា ផ្នែក​យា​នយន្តគ្រប់ប្រភេទទាំងស្រុងចាប់ពីចុងឆ្នាំ២០២៧នេះតទៅ ដែល​នេះ គឺជាមោទនាភាពមួយរបស់កម្ពុជារបស់យើង ហើយ​ក្រសួង​ នឹងខិតខំសហការជាមួយដៃគូ ហើយនឹ​ងក្រុ​ម​ហ៊ុន​ឯក​ជនបន្ថែ​មទៀត ដើម្បីធ្វើយ៉ាងណា ធានាម្ចាស់ការ និងផ្គ​ត់ផ្គង់​កម្លាំ​ង​ពល​កម្ម ឱ្យស្រ​បទៅតាមតម្រូវការជាក់ស្ដែង ខ្សែសង្វាក់​ផលិ​តកម្មមួយ»។

លើសពីនេះ ក្នុងឆ្នាំ២០២៧ខាងមុខនេះ ក្រសួងការងារក៏​ទទួ​ល​បានការ​គាំទ្រពីធនាគាអភិវឌ្ឍអាស៊ី ក្នុងកា​របំ​ពាក់​ឧបករណ៍ សម្ភារៈសិក្សា​នៅវិទ្យាស្ថានប​ណ្ដុះបណ្ដាល​ប​ច្ចេ​កទេសខេត្តកំពង់ធំ ដើម្បីជំនាញមួយ​ដែលពាក់ព័ន្ធផ​លិត​កម្ម​ផលិតផលស្វាយចន្ទី ដែលអាច​បង្កើនតម្លៃ​បន្ថែម​ដ​ល់ផ​លិត​ផលស្វាយចន្ទីនៅកម្ពុជា ដែល​ស្របទៅ​តាម​ការអ​ភិវឌ្ឍ និងលើកកម្ពស់ផ​លិតកម្មស្វា​យច​ន្ទី​នៅ​កម្ពុ​ជា៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia