Connect with us

ព័ត៌មាន

សមត្ថកិច្ចចាប់ខ្លួនមនុស្ស៦នាក់ ករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងក្លែងបន្លំគណនីធនាគារ ឆបោកប្រាក់ជនរងគ្រោះ

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ បានបើកការស្រាវជ្រាវ ពាក់ព័ន្ធនឹងករណី ជនសង្ស័យលួចចូលគ្រប់គ្រងគណនី WhatsApp និងក្លែងបន្លំគណនីធនាគារ ធ្វើសកម្មភាពឆបោកមិត្តភក្កិដែលក្នុងគ្រុបអស់ទឹកប្រាក់សរុបចំនួន ២៥៣,៩៩៩.៨៩ ដុល្លារអាមេរិក ព្រមទាំងពាក់ព័ន្ធករណីទិញ-លក់ គណនីធនាគារថែមទៀតផង។ តាមរយ:ការស្រាវជ្រាវ កម្លាំងជំនញ បានរកឃើញថាជនសង្ស័យពាក់ពន្ធ័ការលក់គណនីធនាគារ ជាង២០គណនី ទៅឱ្យបណ្ដាញក្រុមជនឆបោក និងឃាត់ខ្លួនបានជនសង្ស័យចំនួន០៦នាក់ ជនជាតិវៀតណាម១នាក់ (ប្រុស) និងជនជាតិខ្មែរ៥នាក់ (ស្រី២នាក់)។

បច្ចុប្បន្ន ជនសង្ស័យទាំង៦នាក់ នាយកដ្ឋាន បានកសាងសំណុំរឿងបញ្ជូនទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ និងត្រូវបានចៅក្រម នៃសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនជាបណ្ដោះនៅមណ្ឌលអប់រំកែប្រែទី១ ព្រៃស ពីបទ «ឆបោកតាមប្រពន្ធ័បច្ចេកវិទ្យា» បទល្មើសព្រហ្មទណ្ឌដែលមានចែង និងផ្តន្ទាទោសតាមបញ្ញត្តិមាត្រា៥ នៃច្បាប់ស្ដីពីការប្រឆាំងការឆបោកតាមប្រពន្ធ័បច្ចេកវិទ្យា។

នាយកដ្ឋាន សូមក្រើនរំលឹកដល់សាធារណជនទាំងអស់ សូមប្រុងប្រយ័ត្នខ្ពស់ និងជៀសវាងដាច់ខាតនូវការផ្តល់ឬជួលគណនីធនាគារ លេខទូរស័ព្ទ និងឯកសារអត្តសញ្ញាណផ្ទាល់ខ្លួនឱ្យអ្នកដទៃប្រើប្រាស់ ដែលអាចប្រឈមនឹងហានិភ័យផ្សេងៗ និងឈានដល់ការទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន ក្នុងករណីមានបទល្មើសកើតឡើង។

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia