Connect with us

ព័ត៌មាន

សម្ដេចធិបតី៖ កម្ពុជាត្រូវបានទទួលស្គាល់លើឆាកអន្តរជាតិបានបញ្ចូនកងកម្លាំងជាស្រ្ដីរក្សាសន្ដិភាពពិភពលោក

ក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ពិធីបើកមហាសន្និបាតកាយឫទ្ធិនារីពិភពលោក (WAGGGS) លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំរបស់សហគមន៍ OB-PS លើកទី៤២ នាព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា មានប្រសាសន៍បញ្ជាក់ថា ប្រទេសកម្ពុជាត្រូវបានទទួលស្គាល់លើឆាកអន្តរជាតិ ជាប្រទេសដែលបានបញ្ចូនកងកម្លាំងជាស្រ្ដី ទៅចូលរួមក្នុងសកម្មភាពរក្សាសន្ដិភាពពិភពលោកក្រោមឆ័ត្ររបស់អង្គការសហប្រជាជាតិ។

សម្ដេចធិបតី បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជាក៏បានទទួលស្គាល់ថា ស្រ្ដីមិនត្រឹមតែជាអ្នកទទួលផលពីសុខសន្ដិភាពប៉ុណ្ណោះទេ ប៉ុន្ដែជាភ្នាក់ងារដ៏ចាំបាច់ បានដើរតួនាទីដ៏សំខាន់ក្នុងការចូលរួមកសាង ថែរក្សាសុខសន្ដិភាព ចាប់តាំងពីគ្រួសារ សហគមន៍ និងសង្គមជាតិ ព្រមទាំងនៅលើឆាកអន្តរជាតិផងដែរ។

សម្ដេចធិបតី នាយករដ្ឋមន្រ្ដីបានបញ្ជាក់ថា៖«កម្ពុជាត្រូវបានទទួលស្គាល់លើឆាកអន្តរជាតិ ក្នុងការបញ្ចូនកងកម្លាំងរក្សាសន្ដិភាពជាស្រ្ដីចូលរួមបេសកកម្មរក្សាសន្ដិភាពក្រោមឆ័ត្ររបស់អង្គការសហប្រជាជាតិចំនួន១០លើករួចហើយ។ ចាប់តាំងពីឆ្នាំ២០០៦ មកដល់ឆ្នាំ២០២៥ កម្ពុជា បានបញ្ចូនកម្លាំងសរុបចំនួន ១០៤៣៧ នាក់ ក្នុងនោះមានស្រ្ដីក្លាហានចំនួន ៩៩០នាក់»។

ក្នុងឱកាសនោះ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងបន្តផ្ដល់អាទិភាពខ្ពស់ ដល់ការអភិឌ្ឍមូលធនមនុស្ស ការអប់រំ ការលើកកម្ពស់ សុខុមាលភាព សុខភាពសង្គម ការបង្កើតឱកាស និងលើកកម្ពស់តួនាទីស្រ្ដី និងយុវជននៅក្នុងការអភិវឌ្ឍជាតិ។ សម្ដេចជឿជាក់ថា ក្មេងស្រ្ដីម្នាក់ទទួលបានការអប់រំល្អ មានសុវត្ថិភាព មានទំនុកចិត្តលើខ្លួនឯង មានឱកាចូលរួមនៅក្នុងសង្គម, មិនត្រឹមតែអាចផ្លាស់ប្ដូរជីវិតរបស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្ដែអាចជួយផ្លាស់ប្ដូរ គ្រួសាររបស់គាត់ សហគមន៍របស់គាត់ និងប្រទេសជាតិរបស់គាត់ផងដែរ៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia