Connect with us

ព័ត៌មាន

តំណាង BNK Financial Group នៃសាធារណរដ្ឋកូរ៉េ ប្តេជ្ញាចិត្តខ្ពស់វិនិយោគវិស័យហិរញ្ញវត្ថុរយៈពេលវែងនៅកម្ពុជា

គណៈប្រតិភូសម្ព័ន្ធក្រុមហ៊ុន BNK Financial Group កូរ៉េ បានវាយតម្លៃខ្ពស់ ចំពោះវឌ្ឍនភាពនៃការអភិវឌ្ឍរបស់កម្ពុជា ក្រោម បរិយាកាសអំណោយផល សម្រាប់ការវិនិយោគ និងទេសចរណ៍ និងបានបញ្ជាក់ពីការប្តេជ្ញាចិត្តខ្ពស់ លើការវិនិយោគវិស័យហិរញ្ញវត្ថុ រយៈពេលវែងនៅកម្ពុជា។

លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦នេះ បានអនុញ្ញាតឱ្យ គណៈប្រតិភូសម្ព័ន្ធក្រុមហ៊ុន BNK Financial Group នៃសាធារណរដ្ឋកូរ៉េ ដឹកនាំដោយលោក Bin Daein ប្រធាននិងនាយកប្រតិបត្តិ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ, ក្នុងជំនួបនោះ លោក Bin Daein បានលើកឡើងពីការកត់សម្គាល់របស់លោក ចំពោះ វឌ្ឍនភាពនៃការអភិវឌ្ឍរបស់កម្ពុជា និងបានបង្ហាញការវាយតម្លៃជាវិជ្ជមាន ចំពោះបរិយាកាសអំណោយផលសម្រាប់ការវិនិយោគ និង ទេសចរណ៍នៅកម្ពុជា បន្ទាប់ពីបានមកបំពេញទស្សនកិច្ចដោយផ្ទាល់។

ក្នុងឱកាសនេះ លោកក៏បានជម្រាបជូនអំពីវឌ្ឍនភាពនៃប្រតិបត្តិការរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ី.អេន.ខេ.ស៊ី (ខេមបូឌា) ភីអិលស៊ី ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ BNK Financial Group នៅកម្ពុជា និងបានបញ្ជាក់នូវការប្តេជ្ញាចិត្ត ក្នុងការវិនិយោគរយៈ ពេលវែងផងដែរ ក្នុងនោះលោករំពឹងថា ការរីកចម្រើននៃប្រតិបត្តិការរបស់ក្រុមហ៊ុននៅកម្ពុជា នឹងរួមចំណែកលើកកម្ពស់ការយល់ដឹង និងការចាប់អារម្មណ៍របស់វិនិយោគិនកូរ៉េបន្ថែមទៀត ចំពោះសក្តានុពលវិនិយោគនៅកម្ពុជា។ ជាមួយគ្នានេះ លោកក៏បានជម្រាបពី គម្រោងរៀបចំដំណើរទស្សនកិច្ច សម្រាប់ដៃគូអាជីវកម្មពីសាធារណរដ្ឋកូរ៉េមកកម្ពុជានាពេលខាងមុខផងដែរ។

ជាការឆ្លើយតប, លោកជំទាវទេសាភិបាល ជា សិរី បានស្វាគមន៍ និងថ្លែងអំណរគុណ ចំពោះការចាប់អារម្មណ៍អំពីប្រទេស កម្ពុជា ព្រមទាំងបានគូសបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល និងធនាគារជាតិនៃកម្ពុជា ក្នុងការបន្តពង្រឹងបរិយាកាស អំណោយផលសម្រាប់វិនិយោគិន។ បន្ថែមលើនេះ លោកជំទាវក៏បានជម្រាបជូនអំពីការអភិវឌ្ឍប្រព័ន្ធទូទាត់ឌីជីថល ដែលបានរួម ចំណែកលើកកម្ពស់ប្រសិទ្ធភាព សុវត្ថិភាព និងបរិយាបន្នហិរញ្ញវត្ថុ ព្រមទាំងបានលើកទឹកចិត្ត ឱ្យបន្តស្វែងរកឱកាសពង្រីកការ វិនិយោគនៅកម្ពុជាបន្ថែមទៀតផងដែរ៕

អត្ថបទ៖ សុន រ៉ាឌី

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia