Connect with us

ព័ត៌មាន

ឯកឧត្ដម ហ៊ុន ម៉ានី ក្រើនរំលឹកថា៖ «ការយល់ដឹងពីប្រវត្តិសាស្ត្រមិនត្រឹមតែប្រាប់យើងថាយើងជានរណានោះទេ តែថែមទាំងបង្រៀនយើងឱ្យចេះការពារសន្តិភាព និងជាតិមាតុភូមិពីសោកនាដកម្មនានាទៅថ្ងៃអនាគត»

កំពង់ស្ពឺ៖ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានក្រើនរំលឹក និងជំរុញយ៉ាងទទូចដល់ក្មួយៗសិស្សានុសិស្ស ឱ្យយកចិត្តទុកដាក់ខ្ពស់លើការសិក្សាមេរៀនប្រវត្តិសាស្ត្រ ដោយចាត់ទុកមុខវិជ្ជានេះជាមូលដ្ឋានគ្រឹះដ៏សំខាន់បំផុត ក្នុងការបណ្ដុះស្មារតីស្នេហាជាតិ និងការពារមាតុភូមិទៅថ្ងៃអនាគត។ ការថ្លែងសារដាស់តឿននេះ បានធ្វើឡើងនៅក្នុងពិធីសម្ពោធ «បណ្ណាល័យមរតកក្រមង៉ុយ» ចំនួនពីរទីតាំងក្នុងខេត្តកំពង់ស្ពឺ កាលពីព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦។

ឯកឧត្ដមបានគូសបញ្ជាក់យ៉ាងច្បាស់ ជាពិសេសចំពោះមុខសិស្សានិសិស្សដែលនឹងក្លាយជាបេក្ខជនប្រឡងសញ្ញាបត្រទុតិយភូមិនាពេលខាងមុខថា “ការរៀនមេរៀនប្រវត្តិសាស្ត្រ មិនមែនត្រឹមតែដើម្បីប្រឡងយកសញ្ញាបត្រនោះទេ ប៉ុន្តែវាជាការរៀនដើម្បីឱ្យស្គាល់ច្បាស់ពីអត្តសញ្ញាណ ភូមិសាស្ត្រ និងសាវតារបស់ជាតិយើង”។ “ការយល់ដឹងស៊ីជម្រៅពីប្រវត្តិសាស្ត្រ នឹងជួយឱ្យយុវជនចងចាំនូវការលះបង់ និងពលិកម្មដ៏ធំធេងរបស់ថ្នាក់ដឹកនាំ និងវីរជនជំនាន់មុន ដែលបានបូជាសាច់ស្រស់ឈាមស្រស់ រំដោះប្រទេសពីរបបខ្មៅងងឹតខ្មែរក្រហម រហូតទទួលបានសន្តិភាពពេញលេញ។ ស្មារតីចងចាំនេះហើយ ដែលនឹងក្លាយជាមូលដ្ឋាន និងជាខែលដ៏រឹងមាំសម្រាប់យុវជនជំនាន់ក្រោយ ក្នុងការត្រៀមខ្លួនការពារបូរណភាពទឹកដី និងអភិវឌ្ឍប្រទេសជាតិកុំឱ្យធ្លាក់ក្នុងសោកនាដកម្មសារជាថ្មី។” ឯកឧត្តមបានបន្ថែម។

ទន្ទឹមនេះ ឯកឧត្ដមបានរំលឹកពីគុណតម្លៃនៃស្នាដៃរបស់បុព្វបុរស ដូចជាលោកតាក្រមង៉ុយ និងសម្ដេចព្រះសង្ឃរាជ ជួន ណាត ដែលបានចងក្រងជាសៀវភៅជាដើម និងបានបន្ថែមថា​ ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល តែងតែយកចិត្តទុកដាក់ជំរុញការចែកចាយសៀវភៅអប់រំទាំងនេះ ដើម្បីជាទុនកសាងសីលធម៌ អត្តចរិត និងបញ្ញាស្មារតីរបស់យុវជន ឱ្យស័ក្ដិសមជាសសរទ្រូងនៃប្រទេសជាតិ។

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia