ព័ត៌មាន
ប្រតិភូក្រសួងប្រៃសណីយ៍កម្ពុជា បង្ហាញពីសមិទ្ធផល និងសក្ដានុពលថ្នាល verify.gov.kh នៅវេទិកាសេវាសាធារណៈអង្គការសហប្រជាជាតិ
ប៊ីលីស៊ី៖ ក្នុងឱកាសចូលរួមវេទិកាសេវាសាធារណៈរបស់អង្គការសហប្រជាជាតិ ឆ្នាំ២០២៦ ឯកឧត្ដម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញចូលរួមជំនួបទ្វេភាគី និងពិភាក្សាការងារជាមួយថ្នាក់ដឹកនាំក្រសួង-ស្ថាប័នមួយចំនួន រួមមានទី១ ឯកឧត្ដម Faquir Mahbub Anam រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ ទូរគមនាគមន៍ និងបច្ចេកវិទ្យាព័ត៌មាននៃប្រទេសបង់ក្លាដេស, ទី២ លោកជំទាវ Tashi Pem ប្រធានរាជគណៈកម្មការមុខងារសាធារណៈនៃប្រទេសប៊ុយតង់ និងទី៣ លោក Patrick Duong ប្រធានសាកលផ្នែកអភិបាលកិច្ចសម្រាប់ធនធានសាធារណៈនិងសេវាសាធារណៈ នៃកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP Governance for Public Goods and Services)។

ក្នុងជំនួបជាមួយ ឯកឧត្ដម Faquir Anam ឯកឧត្ដមរដ្ឋមន្ត្រីទាំងពីររូបបានពិភាក្សាអំពីវឌ្ឍនភាពការងារនៃសំណើរបស់ប្រទេសបង់ក្លាដេសក្នុងការរដាក់ឱ្យប្រើប្រាស់ថ្នាល verify.gov នៅប្រទេសបង់ក្លាដេស និងការផ្សព្វផ្សាយបន្តនៅតំបន់អាស៊ីខាងត្បូង។

ក្នុងជំនួបជាមួយ លោកជំទាវ Tashi Pem ឯកឧត្ដមរដ្ឋមន្ត្រីក៏បានចែករំលែកអំពីបទពិសោធជោគជ័យនៃការដាក់ឱ្យប្រើថ្នាល verify.gov.kh ហើយឯកឧត្ដមរដ្ឋមន្ត្រី និងលោកជំទាវបានដោះដូរយោបល់យ៉ាងស៊ីជម្រៅអំពីបរិវត្តកម្មឌីជីថលក្នុងវិស័យសាធារណៈនៃប្រទេសទាំងពីរ និងបានឯកភាពគ្នាក្នុងការពិនិត្យលទ្ធភាពសហការ។

ក្នុងកិច្ចប្រជុំជាមួយ UNDP វិញ គណៈប្រតិភូក្រសួងបានណែនាំឱ្យក្រុមការងារ GPGS របស់ UNDP បានស្គាល់អំពីបរិវត្តកម្មរដ្ឋាភិបាលឌីជីថលនៅកម្ពុជា ជាពិសេសសមិទ្ធផលទាំងកម្រិតជាតិ និងអន្តរជាតិនៃថ្នាល verify.gov.kh។ ភាគីទាំងពីរបានឯកភាពសិក្សាបន្តដើម្បីស្វែងរកឱកាសសហការផ្ទាល់ពាក់ព័ន្ធនឹងថ្នាល verify.gov.kh និងការកសាងសមត្ថភាពបរិវត្តកម្មឌីជីថល។

ក្នុងឱកាសវេទិកាសេវាសាធារណៈនេះដែរ ឯកឧត្ដម ជា សេរីវឌ្ឍ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល បានចូលរួមជាវាគ្មិនក្នុងសិក្ខាសាលាចំនួនពីរលើប្រធានបទ “សេវាសាធារណៈឆ្លាតវៃ៖ កាត់បន្ថយភាពស្មុគស្មាញ” និង ប្រធានបទ “ហេដ្ឋារចនាសម្ព័ន្ធសាធារណៈឌីជីថលសម្រាប់សេវាសាធារណៈ”។ ក្នុងសិក្ខាសាលាទាំងពីរនេះ ឯកឧត្ដមអគ្គលេខាធិការ បានពន្យល់អំពីសមិទ្ធផលនិងសក្ដានុពលនៃថ្នាល verify.gov.kh និងកម្មវិធីទូរសព្ទ DG SuperApp ក្នុងការបម្រើសេវាសាធារណៈឱ្យមានភាពងាយស្រួល ឆាប់រហ័ស សុវត្ថិភាព និងមានបរិយាបន្នចំពោះប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋាន។

គម្រោងបរិវត្តកម្មឌីជីថលទាំងនេះ ជាការបំពេញភារកិច្ចរបស់ក្រសួងក្នុងការអនុវត្តវិធានការក្នុងបញ្ចកោណទី៥នៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចមហាបវរធិបតីនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

សូមជម្រាបជូនថា តបតាមការអញ្ជើញរបស់ ឯកឧត្ដម Li Junhua អគ្គលេខាធិការរងអង្គការសហប្រជាជាតិ និង ឯកឧត្ដម Paata Salia រដ្ឋមន្ត្រីក្រសួងយុត្តិធម៌នៃប្រទេសហ្ស៊កហ្ស៊ីជាម្ចាស់ផ្ទះ ឯកឧត្ដម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ត្រូវបានអញ្ជើញចូលរួមវេទិកាសេវាសាធារណៈអង្គការសហប្រជាជាតិ (UN Public Service Forum) នៅក្រុងប៊ីលីស៊ី ប្រទេសហ្សកហ្ស៊ី ក្រោមអធិបតីភាព ឯកឧត្ដម Irakli Kobakhidze នាយករដ្ឋមន្ត្រីនៃប្រទេសហ្សកហ្ស៊ី។ កម្មវិធីនេះមានការចូលរួមពីរដ្ឋមន្ត្រីមកពីជាង២០ប្រទេស និងតំណាងជាអនុរដ្ឋមន្ត្រី និងថ្នាក់ដឹកនាំមកពីសមាជិកអង្គការសហប្រជាជាតិជាង១០០ប្រទេស និងអង្គការអន្តរជាតិផ្សេងៗ។
ពិធីបើកវេទិកានេះបានរៀបចំនៅថ្ងៃទី២៣ ខែមិថុនា ដែលត្រូវនឹង “ទិវាសេវាសាធារណៈ” របស់អង្គការសហប្រជាជាតិ។ ទិវានេះរៀបចំឡើងជារៀងរាល់ឆ្នាំតាំងពីឆ្នាំ២០០៣មក ដើម្បីទទួលស្គាល់តម្លៃនៃការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ ដែលជាមូលដ្ឋានដ៏សំខាន់នៃការអភិវឌ្ឍនៅគ្រប់ប្រទេសលើសាកលលោក។ រីឯវេទិកាសេវាសាធារណៈអង្គការសហប្រជាជាតិ ត្រូវបានចាប់ផ្ដើមរៀបចំអមទិវានេះ ចាប់ពីឆ្នាំ២០០៩មក ដើម្បីឱ្យបណ្ដាប្រទេសរៀនសូត្រពីបទពិសោធគ្នាទៅវិញទៅមកក្នុងការផ្ដល់សេវាសាធារណៈឱ្យបានល្អប្រសើរ។ ឆ្នាំនេះ ប្រទេសហ្ស៊កហ្ស៊ីត្រូវបានជ្រើសរើសជាម្ចាស់ផ្ទះ ដោយសារវឌ្ឍនភាពដ៏គួរឱ្យកត់សម្គាល់ក្នុងប្រទេសហ្ស៊កហ្ស៊ីលើផ្នែកសេវាសាធារណៈ ជាលទ្ធផលនៃកំណែទម្រង់ក្នុងរយៈពេលប្រមាណ៤ឆ្នាំចុងក្រោយនេះ។ ក្នុងពិធីនេះ ថ្នាល verify.gov.kh កម្ពុជាក៏បានចូលរួមតាំងបង្ហាញជូនអ្នកចូលរួមពីគ្រប់ប្រទេសបានស្គាល់ផងដែរ៕







-
PR NEWS1 week agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន6 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន6 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន6 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន6 days agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់
-
ព័ត៌មាន5 days agoសម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
-
ព័ត៌មាន6 days agoសម្តេច ម៉ែន សំអន និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញបួងសួងសុំសេចក្តីសុខសន្តិភាពជូនជាតិ
-
ព័ត៌មាន6 days agoក្រសួងការងារ នាំយកឱកាសការងារជាង ១ម៉ឺនកន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ដល់ប្រជាពលរដ្ឋនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង