Connect with us

កីឡា

ទិវាអូឡាំពិក ឆ្នាំ២០២៦ នៅកម្ពុជា នឹងមកដល់ចុងសប្ដាហ៍នេះ ជាមួយ​ការរៀបចំ​ទ្រង់ទ្រាយធំ​ជាងមុន

ថ្ងៃទី២៣ ខែមិថុនា គឺជាខួបទិវាអូឡាំពិក ដែលត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំ ដើម្បី​រំលឹក​ដល់​ការ​បង្កើត​ចលនាអូឡាំពិកសម័យទំនើប និងការបង្កើតគណៈកម្មាធិការ​អូឡាំពិក​អន្ដរជាតិ​(IOC) នាទីក្រុងប៉ារីស ប្រទេសបារាំង នាឆ្នាំ១៨៩៤ ក្រោមគំនិតផ្ដួចផ្ដើមរបស់លោក Pierre de Coubertin។

ដើម្បីរំឮកខួបលើកទី១៣២ នេះ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក្នុងនាមសមាជិកបានត្រៀមរៀបចំនូវទិវាអូឡាំពិក ប្រចាំឆ្នាំ២០២៦ នាថ្ងៃទី២៨ ខែមិថុនាចុងសប្ដាហ៍នេះ នៅពហុកីឡដ្ឋានជាតិមរតកតេជោក្នុ លក្ខណៈទ្រង់ទ្រាយធំជាងមុន ដោយរំពឹងមានសិស្សានុសិស្សយ៉ាងហោចជិត ១ពាន់នាក់ចូលរួម។

ទិវាអូឡាំពិក មិនមែនគ្រាន់តែជាការអបអរសាទរលក្ខណៈកីឡាប៉ុណ្ណោះទេ ប៉ុន្តែជាការផ្សព្វផ្សាយតម្លៃស្នូលនៃចលនាអូឡាំពិក រួមមានឧត្តមភាព មិត្តភាព និង ការគោរព ដែលជំរុញឱ្យមនុស្សគ្រប់រូបចូលរួមក្នុងសកម្មភាពកីឡា រស់នៅប្រកបដោយសុខភាពល្អ ពង្រឹងសាមគ្គីភាព និងលើកកម្ពស់សន្តិភាពតាមរយៈកីឡា។

ក្នុងន័យនេះ រៀងរាល់កំឡុងខែមិថុនា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា តែងរៀបចំទិវាអូឡាំពិក ដើម្បីបំផុសឲ្យប្រជាពលរដ្ឋ យុវជន និងកីឡាករ-កីឡាការិនីទាំងអស់ បន្ដចូលរួមសកម្មភាពកីឡាជាប្រចាំ ដើម្បីលើកកម្ពស់សុខភាព កសាងចរិតលក្ខណៈល្អ និងរួមចំណែកអភិវឌ្ឍសង្គមឱ្យកាន់តែរីកចម្រើន ស្របតាមបាវចនាអូឡាំពិក៖ «លឿនជាង មាំមួនជាង ខ្ពស់ជាង-រួមគ្នា»។

ទន្ទឹមជាមួយការត្រៀមរៀបចំទិវាអូឡាំពិកប្រចាំឆ្នាំ នាចុងសប្ដាហ៍នេះដែរ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក៏នឹងមានវេទិកាអត្តពលិកជាតិ ជាលើកទី២ នៅថ្ងៃជាមួយគ្នា ដោយមានការចូលរួមពីកីឡាករ-កីឡាការិនីឆ្នើមៗ រួមជាមួយសិស្សានុសិស្សជាច្រើន ដែលវេទិកានេះ នឹងផ្ដោតលើប្រធានបទ ស្ដីពីការត្រៀមចូលរួមព្រឹត្តិការណ៍កីឡាអូឡាំពិក ឆ្នាំ២០២៨ នៅសហរដ្ឋអាមេរិក របស់ក្រុមអត្តពលិកកម្ពុជាផងដែរ៕ អត្ថបទ លី ឈុនឡា

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia