Connect with us

ព័ត៌មាន

អាកាសយានដ្ឋានអន្ដរជាតិសៀមរាបអង្គរ បើកដំណើរការជើងហោះហើរថ្មីដំបូងរបស់ក្រុមហ៊ុនអាកាសចរណ៍ខេមបូឌា អ៊ែរ

អាកាសយានដ្ឋានអន្ដរជាតិសៀមរាបអង្គរ បានអបអរការបើកដំណើរការជើងហោះហើរថ្មីដំបូងមួយទៀត របស់ក្រុមហ៊ុនអាកាសចរណ៍ Cambodia Airway ដើម្បីពង្រឹងយុទ្ធសាស្ត្រ”Green Seasons”និងសេដ្ឋកិច្ចទេសចរណ៍ តាមរយៈការបង្កើនសមត្ថភាពដឹកជញ្ជូនតាមផ្លូវអាកាសនិងជួយគាំទ្រដោយផ្ទាល់ដល់ចក្ខុវិស័យទេសចរណ៍”Green Seasons” របស់ខេត្តសៀមរាប។

លោក ពេជ្រ សុប៉ុនតារា អ្នកជំនាញអភិវឌ្ឍន៍វិស័យអាកាសចរណ៍ នៅអាកាសយានដ្ឋានអន្ដរជាតិសៀមរាបអង្គរ មានប្រសាសន៍ថា ការបើកជើងហោះហើរថ្មីរបស់ហ៊ុនអាកាសចរណ៍ Cambodia Airway ឱ្យចុះចតនៅអាកាសយានដ្ឋានសៀមរាបអង្គរនេះ ចាប់ពីថ្ងៃទី២៦ខែមិថុនាឆ្នាំ២០២៦នេះ ដោយហោះហើរជាប្រចាំក្នុងមួយថ្ងៃទី២ជើង ពីភ្នំពេញ សៀមរាប និងពីខេត្ដព្រះសីហនុ សៀមរាប។ លោកបានបន្ដថា ជើងហោះហើដំបូងរនេះ ជាការបង្កើនលំហូរទេសចរជាតិនិងអន្តរជាតិ ដែលជាជម្រើសនៃការធ្វើដំណើរដ៏ងាយស្រួល និងមានភាពបត់បែនខ្ពស់សម្រាប់ភ្ញៀវទេសចរ និងជួយសម្រួលដល់ការតភ្ជាប់ការធ្វើដំណើរពីទីផ្សារសំខាន់ៗទាំងក្នុងតំបន់ និងអន្តរជាតិ ឱ្យមកដល់ខេត្តសៀមរាបបានកាន់តែច្រើន ដែលជាកត្តាជំរុញឱ្យចំនួនអ្នកទេសចរកើនឡើង ពង្រឹងយុទ្ធសាស្ត្រ “Green Seasons”និងសេដ្ឋកិច្ចទេសចរណ៍តាមផ្លូវអាកាស ជួយគាំទ្រដោយផ្ទាល់ដល់ចក្ខុវិស័យទេសចរណ៍ “Green Seasons” របស់ខេត្តសៀមរាប ក៏ដូចជាជួយឱ្យភ្ញៀវទេសចរអាចរៀបចំផែនការមកទស្សនាបានយូរថ្ងៃ និងងាយស្រួល ដែលរួមចំណែកដល់ការកើនឡើងនៃចំណូលទេសចរណ៍ សណ្ឋាគារ ភោជនីយដ្ឋាននិងសហគ្រាសក្នុងមូលដ្ឋានព្រមទាំងបានបង្កើតការប្រកួតប្រជែងប្រកបដោយគុណភាពក្នុងទីផ្សារផងដែរ។លោកថា ជើងហោះហើរក្នុងស្រុកមានពីរគឺ Air Cambodia និង Cambodia Airways ប្រកួតប្រជែងគ្នាក្នុងទីផ្សារអាកាសចរណ៍កម្ពុជា ប្រកួតប្រជែងតម្លៃសំបុត្រយន្តហោះ ផ្តល់ផលចំណេញដល់អ្នកដំណើរ។ ជាពិសេស ក្រុមហ៊ុនអាកាសចរណ៍នីមួយៗនឹងខិតខំផ្តល់សេវាកម្មដ៏ល្អបំផុតដើម្បីទាក់ទាញអតិថិជន ជួយឱ្យផ្លូវហោះហើរមានភាពរឹងមាំនិងកាត់បន្ថយហានិភ័យនៃការកាត់ផ្តាច់ជើងហោះហើរ។ការផ្សារភ្ជាប់ទំនាក់ទំនងពាណិជ្ជកម្ម និងការវិនិយោគ ដែលធ្វើឱ្យជើងហោះហើរកើនឡើង មិនត្រឹមតែដឹកភ្ញៀវទេសចរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនាំមកនូវធុរជន និងអ្នកវិនិយោគឱ្យមកកាន់ខេត្តសៀមរាបកាន់តែច្រើន។ ផ្តល់ឱកាសសម្រាប់សហគមន៍ធុរកិច្ចក្នុងតំបន់ បង្កើតទំនាក់ទំនង និងស្វែងរកឱកាសវិនិយោគថ្មីៗ ដែលចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចខេត្តឱ្យកាន់តែទូលំទូលាយ។ លោកបន្ថែមថា ជើងហោះហើរថ្មីនេះនឹងក្លាយជាគន្លឹះសំខាន់ ដើម្បីធានាថា អាកាសយានដ្ឋានសៀមរាបអង្គរ( SAI) អាចគ្រប់គ្រងចរាចរណ៍ផ្លូវអាកាសបានដោយប្រសិទ្ធភាព និងរក្សាបាននូវស្តង់ដា។

បើតាមលោក ពេជ្រ សុប៉ុនតារា បានបង្ហាញថា ក្នុងរយៈពេល៥ខែឆ្នាំ២០២៦នេះ ជើងហោះហើរនៅអាកាសយានដ្ឋានសៀមរាបអង្គរកើនឡើង៥% បើធៀបនឹងឆ្នាំ២០២៥កន្លងមក ការដឹកទំនិញតាមផ្លូវអាកាសបានកើនឡើង រហូតដល់១៣៣១% ខណៈដែលបច្ចុប្បន្នមានក្រុមហ៊ុនយន្តហោះចំនួន១២ក្រុមហ៊ុន កំពុងតែប្រតិបត្តិការនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ភ្ជាប់ទៅ១៤គោលដៅ និង៩ប្រទេសក្នុងតំបន់៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia