Connect with us

ព័ត៌មាន

អាជ្ញាធរខេត្តកំពង់ស្ពឺ សម្ពោធផ្លូវបេតុងក្រាលកៅស៊ូលើខ្នងភ្នំឧទ្យានជាតិសុរាម្រិតកុសមៈគីរីរម្យ ដើម្បីលើកកម្ពស់វិស័យទេសចណ៍

កំពង់ស្ពឺ៖ ផ្លូវបេតុងក្រាលកៅស៊ូ ១ខ្សែ ប្រវែងជាង៧០០០ម៉ែត្រ ស្ថិតនៅលើខ្នងភ្នំឧទ្យានជាតិព្រះសុរាម្រិតកុសមៈគីរីរម្យ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ដើម្បីសម្រួលដល់ការធ្វើដំណើរនៃភ្ញៀវជាតិ អន្តរជាតិ ។

ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវកៅស៊ូ កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ជាម ចន្ទ័សោភ័ណ អភិបាលខេត្តកំពង់ស្ពឺ បានថ្លែថថា ផ្លូវបេតុងក្រាលកៅស៊ូថ្មីនេះ តភ្ជាប់ចេញពីរង្វង់នាគព័ន្ធ ទៅកាន់រមណីយដ្ឋានឋានសួគ៌គីរីរម្យ គឺជាសមិទ្ធិផលថ្មីមួយបន្ថែមទៀតនៅលើខ្នងភ្នំឧទ្យានជាតិគីរីរម្យ នឹងចូលរួមជួយជំរុញកំណើនទេសចរណ៍ ហើយក៏បានរួមចំណែកលើកកម្ពស់ជីវភាពរស់នៅរបស់សហគមន៍ មូលដ្ឋានឱ្យកាន់តែប្រសើរឡើង ។

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ មានប្រសាសន៍ថា ឧទ្យានជាតិគិរីរម្យជារមណីយដ្ឋានទេសចរណ៍ធម្មជាតិមួយដ៏ល្បី ក្នុងចំណោមរមណីយដ្ឋានឧទ្យានជាតិធំៗដទៃទៀតនៅក្នុងប្រទេសកម្ពុជា ហើយគិរីរម្យក៏ជារមណីយដ្ឋាន ដែលមានកេរ្ដិ៍ឈ្មោះល្បីល្បាញខ្លាំងតាំងពីសម័យសង្គមរាស្ត្រនិយមមកម្ល៉េះ។ រមណីយដ្ឋានឧទ្យានជាតិនេះ សំបូរទៅដោយទេសភាពល្អប្រណិត លំអរដោយដើមស្រល់តូចធំ ដុះពីធម្មជាតិនៅលើខ្ពង់រាបគីរីរម្យ ជ្រោះទឹកធ្លាក់ជាច្រើនអន្លើ និងមានសត្វម្រឹគីម្រឹគាជាច្រើនអំបូរកំពុងរស់នៅទីនោះ អមដោយខ្យល់ធម្មជាតិដែលអំណោយផលដល់ការទៅលេងកម្សាន្តនៃភ្ញៀវទេសចរជាតិ អន្តរជាតិក្នុងមួយឆ្នាំៗប្រមាណជាង ១លាននាក់ ។

ឯកឧត្តម បានគូសបញ្ជាក់ថា រមណីយដ្ឋានឧទ្យានជាតិគីរីរម្យ បច្ចុប្បន្ន មានការអភិវឌ្ឍខ្លាំងលើហេដ្ឋារចនាសម្ព័ន្ធនានា ក្រោមការគិតគូរបស់រដ្ឋបាលខេត្តកំពង់ស្ពឺ ដើម្បីលើកកម្ពស់វិស័យទេសចរ។ ផ្ទះសំណាក់ សណ្ឋាគារ រីសត បាននិងកំពុងបណ្តែតខ្លួនត្រៀបត្រានៅលើខ្នងភ្នំ ផ្លូវក្រាលកៅស៊ូ និងផ្លូវបេតុងជាច្រើនខ្សែ ដែលតភ្ជាប់ទៅតាមតំបន់រមណីយដ្ឋាន ក៏ត្រូវបានស្ថាបនា ជួសជុលឡើងវិញ ដើម្បីត្រៀមសម្រួលដល់ការធ្វើដំណើរ ចំនេញពេលវេលាដល់ភ្ញៀវទេសចរណ៍ក្នុងការដើរកំសាន្ត ជាក់ស្តែងផ្លូវមួយខ្សែ ដែលបានដាក់សម្ពោធថ្មីនេះ ពិតជាបានចូលរួមលើកម្ពស់វិស័យទេសចរណ៍នៅលើខ្នងភ្នំឧទ្យានជាតិគីរីរម្យឱ្យកាន់តែទាក់ទាញ់បន្ថែមទៀត។

ជាមួយគ្នានេះឯកឧត្តម ហួត ហាក់ បានស្នើដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ជាពិសេសជំរុញមន្ទីរទេសចរណ៍ខេត្តកំពង់ស្ពឺ ចូលរួមឱ្យសកម្ម ក្នុងការពិនិត្យតាមដាន រាល់សកម្មភាព របស់សហគមន៍ ក៏ដូចជាម្ចាស់អាជីវកម្មនានា ក្នុងឧទ្យានជាតិគីរីរម្យ លើការផ្តល់សេវាដល់ភ្ញៀវទេសចរ ធ្វើយ៉ាងណាជៀសវាងបង្កការថ្នាំងថ្នាក់ ដល់អារម្មណ៍ភ្ញៀវមកលេងកម្សាន្ត តាមរយៈការតំឡើងថ្លៃតាមទំនើងចិត្ត លើការស្នាក់នៅនិងហូបចុក មួយវិញទៀតត្រូវពិនិត្យ និងចាត់វិធានការលើការសំអាតអនាម័យ បរិស្ថានតាមរមណីយដ្ឋាននានា កុំឱ្យមានសំរាមពាសវាលពាសកាល ដែលនាំឱ្យប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូរនៃរមណីយដ្ឋានដ៏ល្បីល្បាញនេះ៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia