Connect with us

ព័ត៌មាន

ស្នងការរាជធានី អំពាវនាវដល់យុវជនជៀសឆ្ងាយពីសកម្មភាពក្មេងទំនើង បើប្រព្រឹត្ត​ល្មើស​មានតែ​ការអនុវត្តផ្លូវច្បាប់ប៉ុណ្ណោះ

ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជា​ស្នងការ​នគរបាល​រាជ​ធានីភ្នំពេញ នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦នេះ បានចេញសារថ្មី បន្តអំពាវនាវ​យុវជនឋិត​ក្នុង​វ័យ​សិក្សាទាំងអស់ឱ្យជៀសឲ្យឆ្ងាយពីសកម្មភាពក្មេងទំនើង បើមិនស្តាប់មានតែ​អនុវត្ត​ផ្លូវ​ច្បាប់​ប៉ុណ្ណោះ គ្មានការអប់រំទៀតឡើយ ។

ការបន្តអំពាវនាវជាថ្មី របស់លោកឧត្តមសេនីយ៍ឯកស្នងការ ធ្វើឡើងក្រោយ កម្លាំងនគរបាល​ផែនការងារ​ព្រហ្មទណ្ឌរាជធានីភ្នំពេញ បានស្រាវជ្រាវតាមបង្ក្រាបក្រុមក្មេងៗបានប្រព្រឹត្តិសកម្មភាពវាយតប់គ្នាយ៉ាងអាណាធិបតេយ្យ នៅក្នុងភូមិសាស្ត្រខណ្ឌមានជ័យ និងខណ្ឌឬស្សីកែវ ក្នុងពេលថ្មីៗនេះ ដោយបានបែកធ្លាយជាឃ្លីបវីដេអូ រងការរិះគន់ពីមហាជននៅលើបណ្តាញទំនាក់ទំនងសង្គម ។

តាមរយៈសំណេរផ្ទាល់របស់លោកឧត្តមសេនីយ៍ឯកជួន ណារិន្ទ បានសរសេរថា ៖ ខ្ញុំសូមអំពាវនាវដល់ក្មួយៗព្រមទាំង សិស្សានុសិស្សរក្សាប្រពៃណីក្រមសីលធម៌ និងសូមអាណាព្យាបាល សូនយកចិត្តទុកដាក់ឆ្លៀតពេលណែនាំអប់រំកូនៗក្មួយៗផងកុំឱ្យពួកគាត់បំផ្លាញអនាគតរបស់ខ្លួនទាំងវ័យក្មេងបែបនេះ ( ដែលមហាជននិងសង្គមជាតិស្អប់ខ្ពើម ) ។

ទាក់ទិន នឹងបញ្ហាក្មេងទំនើងនេះដែរ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីខេត្តនៅទូទាំងប្រទេស ក៏បាននឹងកំពុងបន្តយកចិត្តទុកដាក់ ក្នុងអនុវត្តតាមបទបញ្ជាម៉ឺងម៉ាត់របស់សម្តេចប្រមុខថ្នាក់ដឹកនាំ សំដៅធ្វើយ៉ាងណាទប់ស្កាត់ និងបង្ក្រាបដាច់ណាត់ មិនត្រូវឲ្យសកម្មភាពក្មេងទំនើងមួយក្តាប់តូច អាចចូលមកបង្កចលាចលអុកឡុកក្នុងសង្គមជាតិ ប៉ះពាល់ដល់សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈនោះឡើយ៕ លីហេង

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia