Connect with us

ព័ត៌មាន

ការចរាចរទំនិញនិងជនបរទេសឆ្លងកាត់ច្រកទ្វេភាគី ដា ក្នុងខេត្តត្បូងឃ្មុំ ដំណើរការល្អ មិនមានបទល្មើស

កិច្ចសហប្រតិបត្តិការល្អរបស់មន្ត្រីមានសមត្ថកិច្ចពាក់ព័ន្ធនៅតាមបន្ទាត់ព្រំដែនកម្ពុជា វៀតណាម ក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ ពិសេសមន្ត្រីប្រចាំការនៅច្រកព្រំដែនទ្វេភាគី ដា ក្នុងស្រុកមេមត់ បានធ្វើឳ្យប្រជាពលរដ្ឋប្រទេសទាំង២ ដែលចរាចរណ៍ដឹកទំនិញចេញចូល ដំណើរការទៅយ៉ាងរលួន ជាមួយការត្រួតពិនិត្យយ៉ាងតឹងរឹងពីមន្ត្រីពាក់ព័ន្ធ ពោលគឺមិនបណ្តោយ​ឳ្យមានបទល្មើសខុសច្បាប់ឡើយ។

លោក អេង ចាន់ណា នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ប្រចាំច្រកព្រំដែនទ្វេភាគី ដា បានឳ្យដឹងថា សព្វថ្ងៃមន្ត្រីប្រចាំការនៅច្រក គឺបានសហការគ្នាយ៉ាងល្អក្នុងការត្រួតពិនិត្យ ទាំងការដឹកជញ្ជូនទំនិញ និងជនបរទេសដែលធ្វើដំណើរឆ្លងកាត់ ខណៈខាងភាគីកម្ពុជាភាគច្រើន គឺដឹកកសិផលទៅលក់នៅប្រទេសវៀតណាម ចំណែកខាងភាគីវៀតណាមភាគច្រើននាំទំនិញជាជីកសិកម្ម និងចំណីសត្វចូលមកប្រទេសកម្ពុជាវិញ។ យ៉ាងណាលោកបញ្ជាក់ថា មន្ត្រីនគរបាលអន្តោប្រ​វេ​សន៍មានតួនាទីត្រួតពិនិត្យការធ្វើដំណើឆ្លងដែនរបស់ប្រជាពលរដ្ឋ និងជនបរទេសប៉ុណ្ណោះ ចំណែកការងារត្រួតពិនិត្យ​ទំនិញអនុញ្ញាត ឬមិនអនុញ្ញាតិឱ្យឆ្លងកាត់ គឺជាតួនាទីរបស់មន្ត្រីគយ។

លោក អេង ចាន់ណា បានបន្ថែមថា នៅច្រកព្រំដែនទ្វេភាគីដា កន្លងមក ពុំមានបទល្មើសកើតឡើងនោះទេ ដោយសារច្រកទ្វេភាគីមួយនេះ ពុំមានច្រករបៀងចំណុះឡើយ ខណៈច្រកធំ គឺត្រូវបានត្រួតពិនិត្យយ៉ាងតឹងរឹង ពីមន្ត្រីគយ និងប្រធានច្រក ហើយសព្វថ្ងៃប្រជាពលរដ្ឋបាននាំចេញកសិផល មានដូចជា ដំឡូងមួយថ្ងៃប្រមាណពី ៧០ ទៅ៨០ឡាន ជ័រកៅស៊ូប្រមាណជាង១០ឡាន និងគ្រាប់ស្វាយតិចតួចប៉ុណ្ណោះ មិនមានច្រើនដូចនៅរដូវប្រាំងឡើយ។ ជាមួយការដឹកជញ្ជូនកសិផលរបស់ប្រជាពលរដ្ឋជារៀងរាល់ថ្ងៃនេះ មន្ត្រីពាក់ព័ន្ធបានសម្របសម្រួលជាប្រចាំជាមួយភាគីវៀតណាម ដើម្បីធ្វើយ៉ាងណាឱ្យបងប្អូនប្រជាពលរដ្ឋយកទៅលក់បានរលួន និងពុំមានបញ្ហា៕ ដោយ ៖ សេង ឡុង

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia