Connect with us

ព័ត៌មាន

ពលករខ្មែរចំនួន៥១នាក់ ត្រូវបានអាជ្ញាធរថៃ បញ្ជូនមកវិញ តាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត

បន្ទាយមានជ័យ៖ អាជ្ញាធរថៃ បានបញ្ជូនពលករខ្មែរចំនួន៥១នាក់ (ស្រី១៦នាក់) មកឱ្យអាជ្ញាធរកម្ពុជា នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៦ តាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ឧត្តមសេនីយ៍ត្រី អ៊ី ចំរើន នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត បានឱ្យដឹងថា ពលករខ្មែរដែលថៃបញ្ជូនមកវិញទាំងនេះ គឺជាពលករដែលបានចូលទៅធ្វើការដោយខុសច្បាប់ ចាញ់បោកមេខ្យល់លួចឆ្លងដែនទៅរកការងារធ្វើ និងអាជីវករលក់ដូរនៅផ្សាររ៉ូងក្លឿ ដែលស្នាក់នៅដោយខុសច្បាប់។

ឧត្តមសេនីយ៍ត្រី បានឱ្យដឹងដែរថា ក្នុងខែមិថុនា ឆ្នាំ២០២៦ អាជ្ញាធរថៃ បានបញ្ជូនពលករខ្មែរមកវិញ តាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ចំនួនពីរលើក លើកទី១. កាលពីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៦ ចំនួន១២២នាក់ ស្រី៤៤នាក់ និងកុមារ១៤នាក់ លើកទី២. កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ ចំនួន៨៨នាក់ ស្រី៣២នាក់ និងកុមារ៧នាក់ ដោយឡែកក្នុងនោះអាជ្ញាធរកម្ពុជា ក៏បានបញ្ជូនជនជាតិថៃចេញមួយលើកផងដែរ នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ ចំនួន៤៩នាក់ ស្រី១៨នាក់ ដែលត្រូវបានឃាត់ខ្លួនពាក់ព័ន្ធនឹងករណីបង្ក្រាប អនឡាញស្គេម នៅក្រុងប៉ោយប៉ែត៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia