Connect with us

ព័ត៌មាន

អាជ្ញាធរ​ខេត្តស្វាយរៀងផ្សព្វផ្សាយគម្រោងអភិវឌ្ឍន៍ច្រាំងទន្លេវ៉ៃគោ ប៉ែកខាងកើត

ស្វាយរៀង ៖ អាជ្ញាធរខេត្តស្វាយរៀង បានបើកកិច្ចប្រជុំផ្សព្វផ្សាយគម្រោងអភិវឌ្ឍន៍ច្រាំងទន្លេវ៉ៃគោ ប៉ែកខាងកើត នៅរសៀលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ ជូនដល់ក្រុមអ្នកសារព័ត៌មានក្នុងខេត្ត និងផ្នែកពាក់ព័ន្ធ ក្នុងគោលបំណងផ្ដល់ឱ្យពួកគេបន្តធ្វើការផ្សព្វផ្សាយច្បាប់ប្រើប្រាស់ដីធ្លី សំដៅបញ្ជៀសការភាន់ច្រឡំរបស់មជ្ឈដ្ឋានពលរដ្ឋមកលើការដឹកនាំរដ្ឋបាលខេត្ត ដែលនឹងធ្វើឱ្យប៉ះពាល់ផលប្រយោជន៍របស់ពលរដ្ឋនៅក្នុងតំបន់។

លោក ម៉ែន អេង អភិបាលរងខេត្តស្វាយរៀង បានលើកឡើងពន្យល់ថាពាក្យស្នើសុំកាន់កាប់ដីធ្លី និងលិខិតបង់ប្រាក់ ដែលមិនទាន់ទទួលស្គាល់ និងសម្រេចផ្លូវការ មិនអាចចាត់ចែងប្រើប្រាស់ដីធ្លី និងទាមទារសំណងផ្សេងៗពីរាជរដ្ឋាភិបាលបាននោះទេ ។

លោកបានបញ្ជាក់បន្ថែមថា កន្លងមក ការប្រើប្រាស់លិខិតស្នើសុំកាន់កាប់ដីធ្លី និងបង្កាន់ដៃបង់ប្រាក់ ក្រសួងពាក់ព័ន្ធបានធ្វើកំណែទម្រង់កាត់ឆ្វៀតដីជូនពលរដ្ឋចំនួន៣លើក មុននឹងចុះបញ្ជីដីធ្លីជាសម្បត្តិរួមរបស់ជាតិ ដូចក្នុងករណីដីស្ថិតនៅលើដីរបស់រដ្ឋ ដូចជាដីអាងទឹក ដីបុរាណដ្ឋាន ដីបឹងដីគម្របព្រៃជាដើម ដូច្នេះពលរដ្ឋ មានលិខិតស្នើសុំប្រើប្រាស់ដីនិងបង្កាន់ដៃបង់ប្រាក់នៅមិនទាន់សម្រេចជាផ្លូវការនិងផ្ដល់សិទ្ធិជូនអ្នកស្នើសុំដីយកទៅប្រើប្រាស់ជាផ្លូវការឬទាមទារសំណងបាននោះទេ ។

ទាក់ទងគម្រោងអភិវឌ្ឍន៍ច្រាំងទន្លេវ៉ៃគោបែកខាងកើត ពលរដ្ឋចូលរួមអបអរសាទរ ដើម្បីបង្កើតឱ្យមានតំបន់ទេសចរណ៍ទាក់ទាញភ្ញៀវឱ្យចូលមកលេងខេត្តនេះ បង្កើនប្រាក់ចំណូលគ្រួសារពលរដ្ឋ ខណៈដែលខេត្តស្វាយរៀង មិនមានរមណីយដ្ឋាន។

ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ស្ពានតាហោ សង្កាត់ពោធិ៍តាហោ បានសំណូមពរដល់រដ្ឋបាលខេត្ត ធ្វើការសម្របសម្រួល ជួយធ្វើការដោះស្រាយគោលនយោបាយ ខណៈដែលដីទាំងនោះពួកគេបានកាន់កាប់ប្រើប្រាស់ និងមានលិខិតបទដ្ឋានទទួលស្គាល់ដោយរដ្ឋអំណាចជាច្រើនដំណរមកហើយ ទៅតាមការជាក់ស្ដែង ដើម្បីឱ្យពួកគេមានលទ្ធភាពស្វែងរកទីតាំងថ្មីសម្រាប់បង្កបង្កើនផលចិញ្ចឹមវិតតទៅទៀត៕

អត្ថបទ ៖​ ភា សារិត

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia