Connect with us

ព័ត៌មាន

ពេលចន្លោះសម័យប្រជុំរដ្ឋសភាលើកទី៥ និងលើកទី៦ រដ្ឋសភា បានបំពេញមុខងារស្នូល​ទាំងបីរបស់ខ្លួនបានយ៉ាងសកម្ម ក្នុងការបម្រើប្រទេសជាតិ និងប្រជាពលរដ្ឋ

នៅក្នុងឱកាសបើកសម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​មហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នាព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ រដ្ឋសភា បានបង្ហាញរបាយការណ៍លទ្ឋផលការងារ ចន្លោះសម័យប្រជុំរដ្ឋសភាលើកទី៥និងលើកទី៦ ដែល​មានរយៈពេលបីខែ ក្នុងការបម្រើប្រទេសជាតិនិងប្រជាពលរដ្ឋ ប្រកបដោយលទ្ឋផលជាទីមោទនៈ។

អំឡុងពេលចន្លោះសម័យប្រជុំរដ្ឋសភាលើកទី៥ និងលើកទី៦ នីតិកាលទី៧ ថ្នាក់ដឹកនាំ និងគណៈ​កម្មការ​នានានៃរដ្ឋសភា ព្រមទាំងសមាជិក សមាជិការដ្ឋសភា បានបំពេញមុខងារស្នូល​ទាំងបីរបស់ខ្លួន​បាន​យ៉ាងសកម្ម គឺមានមុខងារនីតិកម្ម មុខងារតាមដានការអនុវត្តច្បាប់ និងមុខងារភាពជាតំណាង ព្រមទាំងការងារការទូតសភា។

នៅក្នុងមុខងារនីតិកម្ម អង្គសភាបានបើកកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍បានចំនួន៥លើក និងបើក​កិច្ចប្រជុំ​រដ្ឋសភាជាវិសាមញ្ញបានចំនួន២លើក ដោយបានអនុម័តសេចក្ដីព្រាង​ច្បាប់ដ៏មានសារៈ​សំខាន់​បានចំនួន៣ច្បាប់ មានដូចជា ១-សេចក្តីព្រាងច្បាប់ស្ដីពី កាតព្វកិច្ចយោធា ២-សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាឱ្យក្រុមហ៊ុនអគ្គិសនី វៀតណាមនៃសាធារណរដ្ឋសង្គមនិយមវវៀតណាម​សម្រាប់ការធានាលើការទិញថាមពល​អគ្គិសនី​ពីប្រទេសវៀតណាម និង៣-សេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់។

ចំណែកមុខងារតាមដានការអនុវត្តច្បាប់ និងភាពជាតំណាងរបស់ប្រជាពលរដ្ឋ ថ្នាក់ដឹកនាំគណៈកម្មការ​នានា និងសមាជិក សមាជិការដ្ឋសភាបានចុះបំពេញការងារទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បី​ស្វែង​យល់ពីលទ្ធផលការងារនៃការអនុវត្តច្បាប់ ក៏ដូចជាសំណូមពរ និងតម្រូវការរបស់អង្គនីតិប្រតិបត្តិ ដែលជាអ្នកអនុវត្តច្បាប់ ដើម្បីរួមគ្នាដោះស្រាយ ឆ្លើយតបតាមយន្តការរបស់រដ្ឋសភា។

ជាមួយគ្នានេះថ្នាក់ដឹកនាំរដ្ឋសភានិងសមាជិក សមាជិការដ្ឋសភាគ្រប់រូប ក៏បានបំពេញតួនាទីយ៉ាងសកម្ម​ក្នុងភាពជាតំណាងរបស់ប្រជាពលរដ្ឋ នៅតាមមណ្ឌលរាជធានី ខេត្ត ទូទាំងប្រទេស ដោយបានចុះសួរ​សុខ​ទុក្ខ សិក្សាស្វែងយល់អំពីតម្រូវការក្តីកង្វល់និងបញ្ហាប្រឈមនានា​របស់ប្រជាពលរដ្ឋចូលរួមការងារសង្គម​និងកម្មវិធីផ្សេងៗ ដោយបានជួយឧបត្តម្ភដល់ប្រជាពលរដ្ឋជួបការលំបាក និងបានជួយអន្តរាគមន៍ទៅ​អាជ្ញាធរ​មានសមត្ថកិច្ចក្នុងការដោះស្រាយបញ្ហានានារបស់ប្រជាពលរដ្ឋផងដែរ។

ដោយឡែកការងារការទូតសភា នៅក្នុងរយៈពេលចន្លោះសម័យប្រជុំរដ្ឋសភាលើកទី៥ និងលើកទី៦ នីតិកាល​ទី៧នេះ ថ្នាក់ដឹកនាំរដ្ឋសភា គណៈកម្មការនានានៃរដ្ឋសភា ព្រមទាំងសមាជិក សមាជិការដ្ឋសភា បានបំពេញការងារការទូតសភាយ៉ាងសកម្ម ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដោយបានបន្តពង្រឹង ពង្រីក និងលើកកម្ពស់ទំនាក់ទំនងចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការជាមួយសភា រដ្ឋាភិបាលនៃបណ្ដាប្រទេសនានា អង្គទូតបរទេសប្រចាំកម្ពុជា ដៃគូអភិវឌ្ឍន៍ ព្រមទាំងជាមួយអង្គការជាតិ និងអន្តរជាតិជាច្រើន៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia