ព័ត៌មាន
ក្រុមហ៊ុន Beijing Star AI ចង់ស្វែងរកឱកាសវិនិយោគលើបច្ចេកវិទ្យា AI នៅកម្ពុជា
នាល្ងាចថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Zhang Wei ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងជានាយកប្រតិបត្តិ នៃក្រុមហ៊ុន Beijing Star AI Co,. Ltd ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសនៃការអញ្ជើញបំពេញទស្សនកិច្ចការងារ និងចូលរួមសន្និសីទពិភពលោកស្តីពីបញ្ញាសិប្បនិម្មិតនៅសាធារណរដ្ឋប្រជាមានិតចិន ពីថ្ងៃទី១៥-១៧ ខែកក្កដា ឆ្នាំ២០២៦។
ក្នុងឱកាសនៃជំនួប, លោកប្រធានក្រុមហ៊ុនបានគោរពជម្រាបជូនសម្ដេចធិបតីអំពីប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុន ដោយបានគូសបញ្ជាក់ថា ក្រុមហ៊ុន Beijing Star AI ជាក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខដែលមានឯកទេសលើការបង្កើតវីដេអូ និងការផលិតភាពយន្ត-ទូរទស្សន៍ ដោយប្រើប្រាស់បច្ចេកវិទ្យា AI (AI-Generated Content – AIGC)។ បន្ថែមលើនេះ, ក្រុមហ៊ុនក៏ជាស្ថាប័នដំបូងគេនៅលើពិភពលោក ដែលបានកសាងសហគមន៍បង្កើតវីដេអូ AIGC ពេញលេញក្នុងកន្លែងតែមួយ (One-Stop Community) ព្រមទាំងបានអភិវឌ្ឍ និងដាក់ឱ្យដំណើរការនូវប្រព័ន្ធ AI Agent ក្នុងកម្រិតភាពយន្តដំបូងគេបង្អស់នៅលើសកលលោក។ ជាមួយគ្នានោះ, លោកប្រធានក្រុមហ៊ុនក៏បានគោរពជម្រាបជូនសម្ដេចធិបតីអំពីកិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុន ជាមួយក្រុមហ៊ុនដៃគូក្នុងស្រុកនៅកម្ពុជា ដើម្បីស្វែងរកឱកាសវិនិយោគលើបច្ចេកវិទ្យា AI ដោយផ្ដោតសំខាន់លើការអភិវឌ្ឍវិស័យអាជីវកម្មស្នូលចំនួន ៤ រួមមាន៖ មជ្ឈមណ្ឌលកុំព្យូទ័រវៃឆ្លាតប្រចាំតំបន់អាស៊ាន (ASEAN Regional Intelligent Computing Center), មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ភ្នាក់ងារ AI សម្រាប់ការផលិតភាពយន្ត (Film-Grade AI Agent R&D Center), មជ្ឈមណ្ឌលចែកចាយរឿងភាគខ្លី AI ឆ្លងដែន (Cross-border AI Short Drama Distribution Center), និងមជ្ឈមណ្ឌលប្រតិបត្តិការពាណិជ្ជកម្មឌីជីថលអាស៊ាន (ASEAN Digital Commerce Operation Center)។
ជាការឆ្លើយតប, សម្ដេចធិបតីបានសម្ដែងនូវការអបអរសាទរចំពោះភាពជោគជ័យនៃប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុន ព្រមទាំងបានស្វាគមន៍ចំពោះបំណងរបស់ក្រុមហ៊ុនក្នុងការស្វែងរកឱកាសវិនិយោគលើវិស័យបច្ចេកវិទ្យា AI នៅកម្ពុជា។ សម្ដេចធិបតីបានគូសបញ្ជាក់ថា វិស័យបច្ចេកវិទ្យា ជាអាទិភាពគន្លឹះមួយនៅក្នុងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលផ្ដោតការយកចិត្តទុកដាក់ខ្ពស់លើការអភិវឌ្ឍវិស័យបច្ចេកវិទ្យានៅកម្ពុជា។ ក្នុងន័យនេះ, សម្ដេចធិបតីបានលើកទឹកចិត្តឱ្យក្រុមហ៊ុនបន្តការផ្សារភ្ជាប់ទំនាក់ទំនង និងពិភាក្សាជាមួយក្រសួងស្ថាប័នពាក់ព័ន្ធកម្ពុជា ជាពិសេស ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដើម្បីសិក្សា និងចាប់យកកាលានុវត្តភាពវិនិយោគជាក់ស្តែងនៅកម្ពុជា៕




-
ព័ត៌មាន1 week agoឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម អញ្ជើញក្នុងពិធីបញ្ចុះបឋមសិលាសាងសង់ផ្ទះបណ្តោះអាសន្នជំហានទី២ សម្រាប់ពលរដ្ឋភៀសសឹក ខេត្តឧត្តរមានជ័យ
-
ព័ត៌មាន1 week agoឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម អញ្ជើញចុះសួរសុខទុក្ខពលរដ្ឋភៀសសឹក និងពិនិត្យទីតាំងសាងសង់ផ្ទះបណ្តោះអាសន្នបន្ថែម ក្នុងខេត្តឧត្តរមានជ័យ
-
ព័ត៌មាន5 days agoក្រសួងការងារ៖ ខេត្ត៤ជាប់សមុទ្រមានឱកាសការងារជិត ៣ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ
-
ព័ត៌មាន5 days agoឱកាសការងារជាង ៣ពាន់កន្លែងអត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបានផ្សព្វផ្សាយដល់មូលដ្ឋានក្នុងខេត្តសៀមរាប
-
ព័ត៌មាន5 days agoក្រសួងការងារ៖ រាជធានីភ្នំពេញមានឱកាសការងារជាង ២ម៉ឺនកន្លែង កំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ
-
ព័ត៌មាន4 days agoអតីតសកម្មជនគណបក្សប្រឆាំងចំនួន ១០២នាក់ សុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា
-
ព័ត៌មាន4 days agoអភិបាលខេត្តកោះកុង ចាត់ទុកបុណ្យពូនភ្នំទុរេន ជាកម្លាំងសាមគ្គី និងលើកស្ទួយទិន្នផលកសិកម្ម
-
ព័ត៌មាន5 days agoកម្ពុជា ប្រារព្ធព្រឹតិ្តការណ៍ខួប១ឆ្នាំ នៃការចុះ“បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្ម មកជាមណ្ឌលផ្សះផ្សា និងសន្តិភាព” ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក