Connect with us

ព័ត៌មាន

កម្ពុជា ប្រារព្ធព្រឹតិ្តការណ៍ខួប១ឆ្នាំ នៃការចុះ“បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្ម មកជាមណ្ឌលផ្សះផ្សា និងសន្តិភាព” ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងលោក Flavio Bonetti តំណាងអង្គការយូណេស្កូប្រចាំកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរព្រឹត្តិការណ៍ខួប ១ឆ្នាំ នៃការចុះ “បូជនីយដ្ឋាន ចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សានិងសន្តិភាព” ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក, នាព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦នេះ។

លោក ហង្ស និស្ស័យ ប្រធានការិយាល័យសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង បានមានប្រសាសន៍ថា៖ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ នាទីក្រុងប៉ារីស ប្រទេសបារាំង ជាពេលវេលាដែលគណៈកម្មាធិការបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ បានសម្រេចជាឯកច្ឆ័ន្ធចុះ “បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សា និងសន្តិភាព” ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។ អស់រយៈពេលមួយឆ្នាំក្រោយការចុះបញ្ជី ក្រុមការងារអតីតមន្ទីរឃុំឃាំង ១៣, សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង និង មជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក បានរួមគ្នាសម្រេចការងារដូចខាងក្រោម៖ ទី១. ការសម្របសម្រួលនិងគ្រប់គ្រងទីតាំង។ ទី២. ការស្រាវជ្រាវ និងការអភិរក្ស។ ទី៣. ការងារអប់រំផ្សព្វផ្សាយ។ ទី៤. ការងារសហគមន៍និងការចងចាំ។ ទី៥.កិច្ចសហប្រតិបត្តិការជាតិ-អន្តរជាតិ។ ដើម្បីចូលរួមជាមួយព្រឹត្តិការណ៍អបអរខួប១ឆ្នាំ នៃការចុះ “បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សានិងសន្តិភាព” ក្រុមការងារបច្ចេកទេស បានរៀបចំពិព័រណ៍មិនអចិន្ត្រៃយ៍មួយដែលបង្ហាញពីសមិទ្ធផល ការងាររបស់ទីតាំងទាំងបី (អតីតមន្ទីរឃុំឃាំង១៣ សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង និងមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក)។ ពិព័រណ៍នេះ ផ្តោតសំខាន់លើ៖ ១.គុណតម្លៃនៃបូជនីយដ្ឋានចងចាំនៃកម្ពុជា, ២.ការងារអភិរក្ស, ៣.ការងារអប់រំផ្សព្វផ្សាយ, ៤.ការងារទាក់ទងនឹងការចងចាំ និងទី៥.បង្ហាញពីកិច្ចសហការជាមួយស្ថាប័នជាតិ-អន្តរជាតិ អង្គការមិនមែនរដ្ឋាភិបាល និងអង្គការនានាដែលផ្តោតលើការអប់រំសន្តិភាព។

ទន្ទឹមគ្នានោះដែរ លោក Flavio Bonetti តំណាងអង្គការយូណេស្កូប្រចាំកម្ពុជា ពិតជាមានកិតិ្តយសមែនទែន ដែលបានចូលរួមអបអរសាទរក្នុងព្រឹតិ្តការណ៍ខួប១ឆ្នាំ នៃការចុះ“បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្ម មកជាមណ្ឌលផ្សះផ្សា និងសន្តិភាព” ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។ ទីនេះ គឺជាកន្លែងចងចាំ និងការប្រមូលផ្តុំនូវឯកសារសម្រាប់កម្ពុជា។ ហើយមិនមែនត្រឹមតែជាកន្លែងចងចាំប៉ុណ្ណោះទេ ក៏ជាកន្លែងអប់រំ ការបណ្តុះបណ្តាលផ្សេងៗ សម្រាប់ប្រមូលផ្តុំឯកសារកម្ពុជា និងសូមចូលរួមអបអរសាទរចំពោះការងារខាងលើនេះជាមួយប្រជាជនកម្ពុជា ក៏មានការគាំទ្រពីអង្គការយូណេស្កូ ដែលបានជួយទៅលើវិស័យនេះផងដែរ។

ឆ្លៀតក្នុងឱកាសនោះដែរ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានថ្លែងថា ការដាក់បញ្ចូល “បូជនីយដ្ឋានចងចាំនៃកម្ពុជា” ផ្អែកលើលក្ខខណ្ឌវិនិច្ឆ័យទី៦ របស់បេតិកភណ្ឌពិភពលោក គឺ”ជាទីតាំងពាក់ព័ន្ធផ្ទាល់ ឬជាក់ស្តែងទៅនឹងព្រឹត្តិការណ៍ ឬទំនៀមទម្លាប់រស់នៅជាមួយគំនិត ឬជំនឿ ប្រកបដោយស្នាដៃសិល្បៈ និងអក្សរសាស្ត្រ ដែលមានភាពលេចធ្លោបំផុតក្នុងសកល”។ ការណ៍នេះ បានបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ចំពោះការស្វែងរកយុត្តិធម៌ ការបង្រួបបង្រួមនិងការផ្សះផ្សាជាតិ និងសន្តិភាព ហើយក៏ជាគំរូសម្រាប់ពិភពលោកចំពោះការតស៊ូដ៏យូរអង្វែងរបស់កម្ពុជា ដើម្បីប្រែក្លាយពីប្រទេសដែលញាំញីដោយសារអំពើឧក្រិដ្ឋកម្ម និងសង្គ្រាម មកជាប្រទេសដែលពោរពេញដោយសុខសន្តិភាពនិងការអភិវឌ្ឍ។ ហើយខែកក្កដា បានក្លាយជាពេលវេលាមួយដែលមានអត្ថន័យយ៉ាងធំធេងសម្រាប់ជាតិយើង ដោយ ហេតុផលថាក្នុងវេលាខែនេះ សម្បត្តិបេតិកភណ្ឌជាតិចំនួន ៣ របស់កម្ពុជា បានត្រូវទទួលស្គាល់ និងចុះ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក រួមមាន៖ ១.ប្រាសាទព្រះវិហារ ចុះនៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨។ ២. តំបន់ប្រាសាទសំបូរព្រៃគុក នាថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៧ ដែលជារតនវត្ថុនៃប្រជាជាតិកម្ពុជា និងបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។ ៣. “បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សានិងសន្តិភាព” ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនាថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥។ បន្ថែមពីនេះ កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០០៩ បណ្ណសារសារមន្ទីរទួលស្លែង ក៏បានចុះក្នុងបញ្ជីស្មារតីចងចាំនៃពិភពលោក ដែលជា កម្មវិធីមួយមានតម្លៃស្មើនឹងបេតិកភណ្ឌរូបី និងអរូបីរបស់អង្គការយូណេស្កូ។

ជាចុងក្រោយលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា បានថ្លែងអំណរគុណជាថ្មីចំពោះការិយាល័យអង្គការយូណេស្កូ នៅភ្នំពេញ គ្រប់បណ្តាប្រទេសសហប្រធាន និងសមាជិករបស់ ICC-Angkor/Sambo Prei Kuk ICC-Preah Vihear/Koh Ker ព្រមទាំងដៃគូសហការទាំងជាតិ និងអន្តរជាតិទាំងអស់ ដែលបានចូលរួមយ៉ាងសកម្មក្នុងកិច្ចការអភិរក្សបេតិកភណ្ឌពិភពលោកនៅកម្ពុជា ដែលកិច្ចសហការទាំងនេះបានជួយជំរុញ សន្ទុះការងារអភិរក្សរបស់កម្ពុជាផង និងបានបង្ហាញអំពីការរួបរួមកម្លាំងដើម្បីបុព្វហេតុវប្បធម៌ផង និងសូមសម្តែងនូវសេចក្តីគោរពដ៏ជ្រាលជ្រៅចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលរមែងគាំទ្រ និងផ្តល់អនុសាសន៍ដ៏មានតម្លៃជាប់ជាប្រចាំ ក្នុងការបំពេញបេសកកម្មលើវិស័យវប្បធម៌ជូនជាតិមាតុភូមិ៕អត្ថបទ រដ្ឋា

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia