Connect with us

ព័ត៌មាន

ប្រមុខការពារជាតិ៖ ការបំពេញកាតព្វយោធា បង្ហាញពីទំនួលខុសត្រូវ និងស្មារតីដឹងគុណចំពោះជាតិមាតុភូមិ

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានថ្លែងថា ការចូលបំពេញកាតព្វកិច្ចយោធារបស់យុវជនកម្ពុជា បានបង្ហាញពីភាពជាពលរដ្ឋ មានទំនួលខុសត្រូវ និងស្មារតីដឹងគុណ ចំពោះជាតិមាតុភូមិ ។

ក្នុងមីទ្ទិញអបអរសាទរខួបអនុស្សាវរីយ៍ លើកទី៧៣ ទិវាកំណើតកងយោធពលខេមរភូមិន្ទ នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា មានប្រសាសន៍ថា ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាកម្ពុជា និងផែនការកែទម្រង់កងយោធពលខេមរភូមិន្ទ ព្រមទាំងដោយផ្អែកលើបទពិសោធន៍ជូរចត់ ដែលបានឆ្លងកាត់សង្គ្រាម ២លើក ក្នុងឆ្នាំ២០២៥ ជាមួយយោធាថៃ គឺក្រសួងការពារជាតិ បាននិងកំពុងបន្តជំរុញការកែទម្រង់វិស័យការពារជាតិ ឲ្យកាន់តែរឹងមាំបន្ថែមទៀត ដោយផ្ដោតលើការពង្រឹងនូវសមត្ថភាពកងទ័ព ការធ្វើទំនើបកម្មរចនាសម្ព័ន្ធ ការហ្វឹកហ្វឺន និងគ្រឿងបំពាក់ ។

ឯកឧត្តម បានបន្ថែមថា ការដាក់ឲ្យអនុវត្តនូវច្បាប់កាតព្វកិច្ចយោធា នៅឆ្នាំ២០២៦ គឺជាផ្នែកមួយដ៏សំខាន់ នៃកំណែទម្រង់កងទ័ព ពោលគឺច្បាប់នេះ នឹងផ្ដល់មូលដ្ឋានគ្រឹះនៃប្រភពកសាងកម្លាំង សម្រាប់វិស័យការពារជាតិ ហើយពលរដ្ឋដែលបានឆ្លងកាត់វគ្គហ្វឹកហ្វឺន កាតព្វកិច្ចយោធា នឹងក្លាយជាធនធានមនុស្សក្នុងវិស័យការពារជាតិ ប្រកបដោយកាយសម្បទារឹងមាំ មានជំនាញ និងស្មារតីស្នេហាជាតិ ហើយកម្ពុជានឹងមានយោធិនបម្រុង ដែលមានការហ្វឹកហ្វឺនជំនាញយោធា ស្ថិតនៅក្នុងប្រព័ន្ធត្រៀមបម្រុង ដែលអាចប្រែក្លាយជាយោធិនអាជីពភ្លាមៗ នៅពេលប្រទេសជាតិប្រឈមនឹងសង្គ្រាមឈ្លានពានណាមួយ ។

ប្រមុខការពារជាតិ បានសង្កត់ធ្ងន់ថា ការចូលបំពេញកាតព្វកិច្ចយោធារបស់យុវជន គឺបានបង្ហាញពីភាពជាពលរដ្ឋមានទំនួលខុសត្រូវ និងស្មារតីដឹងគុណចំពោះជាតិមាតុភូមិ ហើយមិនត្រឹមតែប៉ុណ្ណោះ បានឆ្លុះបញ្ចាំងពីការគាំទ្រគោលនយោបាយកែទម្រង់កងយោធពលខេមរភូមិន្ទរបស់រាជរដ្ឋាភិបាល និងជាប្រភពធនធានមនុស្ស ដែលមិនចេះរីងស្ងួត សម្រាប់វិស័យការពារជាតិ ធានាបាននូវការបំពេញបន្ថែមកម្លាំងទ័ពវ័យក្មេង ដែលមានកាយសម្បទាមាំមួន មានការហ្វឹកហ្វឺនបណ្ដុះបណ្ដាលជំនាញ មានវិន័យ មានឥរិយាបថល្អប្រសើរ និងសមត្ថភាពចាប់យកបច្ចេកវិទ្យាយោធាទំនើបៗ បានឆាប់រហ័ស ធ្វើឲ្យយុវជនកម្ពុជា ក្លាយជាសសរទ្រូងរបស់ប្រទេសជាតិពិតប្រាកដ ។

ក្នុងថ្ងៃទិវាកំណើតកងយោធពលខេមរភូមិន្ទនេះ នាយឧត្តមសេនីយ៍ ទៀ សីហា បានបញ្ជាក់ថា ក្រសួងការពារជាតិបន្តយកចិត្តទុកដាក់ក្នុងការធ្វើកំណែទម្រង់ និងការធ្វើទំនើបកម្មវិស័យការពារជាតិ, បន្តពង្រឹង និងអភិវឌ្ឍវិស័យការពារជាតិ ដោយឈរលើមូលដ្ឋាន នៃការគោរពរដ្ឋធម្មនុញ្ញ ច្បាប់ជាតិ និងអន្តរជាតិ ។ ជាមួយនេះ បន្តពង្រឹងកិច្ចការពារព្រំដែនគោក ទឹក និងអាកាស, ពង្រឹង និងបង្កើននូវសមត្ថភាពប្រតិបត្តិការ ក្នុងកិច្ចការពារព្រំដែន តាមរយៈការហ្វឹកហ្វឺន ការធ្វើល្បាតជាប្រចាំនៅតាមព្រំដែន ការធ្វើសមយុទ្ធរួមជាមួយបណ្ដាប្រទេសជាមិត្ត និងការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ លើវិស័យការពារជាតិជាដើម ។

គួរបញ្ជាក់ថា ឆ្នាំ២០២៦ រាជរដ្ឋាភិបាលជ្រើសរើសប្រជាពលរដ្ឋ ចាប់ពីអាយុ១៨ឆ្នា ដល់២៥ឆ្នាំ ចូលបំពេញកាតព្វកិច្ចយោធារយៈពេល ២៤ខែ (២ឆ្នាំ) ចំនួន១ម៉ឺននាក់ ខណៈមានអ្នកទៅដាក់ពាក្យស្នើបំពេញកាតព្វកិច្ចយោធា លើសចំនួនកំណត់ រួមទាំងមានយុវតីទៅដាក់ពាក្យស្នើសុំផងដែរ ៕ អត្ថបទ បាន សុខរិទ្ធិ

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia