ព័ត៌មាន
ពលរដ្ឋភៀសសឹកនៅភូមិរង់ចាំ ប្រឹងប្រែងស្ដារជីវភាព ជឿជាក់លើរដ្ឋាភិបាលដោះស្រាយជម្លោះព្រំដែន
ប្រជាពលរដ្ឋភៀសសឹក កំពុងរស់នៅភូមិរង់ចាំ ខេត្តបន្ទាយមានជ័យ បង្ហាញស្មារតី តស៊ូ អត់ធ្មត់ខ្ពស់ ដោយខិតខំប្រឹងប្រែងកសាងជីវភាពឡើងវិញ ដោយមានជំនឿចិត្តយ៉ាងមុតមាំលើរាជរដ្ឋាភិបាល ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយប្រទេសថៃ ទាមទារដីភូមិកំណើតរបស់ពួកគាត់ត្រឡប់មកវិញ។

ប្រជាពលរដ្ឋភៀសសឹក មកពីតំបន់បឹងត្រកួន និងភូមិជោគជ័យ ខេត្តបន្ទាយមានជ័យ ដែលកំពុងរស់នៅជម្រកបណ្ដោះអាសន្ន ក្នុងភូមិរង់ចាំ ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ បានប្រាប់ BTV ថា ការផ្លាស់ទីលំនៅ មកកាន់ភូមិឋានថ្មី មានភាពលំបាក ប៉ុន្ដែពួកគាត់ មិនចុះចាញ់នោះឡើយ។ ពួកគេ ចាប់ផ្ដើមប្រកបមុខរបដើមឡើងវិញ ដោយអ្នកខ្លះជាអាជីវករ និងជាជាងចាក់សាក់។ ពួកគាត់ បានប្រាប់ ថា អារម្មណ៍នៅតែសោកស្ដាយ និងឈឺចាប់ចំពោះការឈ្លានពានរបស់យោធាថៃ។ ប៉ុន្ដែពួកគាត់ មិនបណ្ដោយឱ្យជីវិតជាប់គាំងនៅមួយកន្លែងនោះទេ ពោលពួកគាត់ត្រូវតែស្ដារជីវភាពឡើងវិញដោយខ្លួនឯង បើទោះបីជារាជរដ្ឋាភិបាលលោកបានជួយជាប់ជាប្រចាំក៏ដោយ។ ពលរដ្ឋភៀសសឹក អះអាងថា ពួកគាត់ទុកចិត្តលើរាជរដ្ឋាភិបាល ថា នឹងអាចដោះស្រាយជម្លោះព្រំដែនជាមួយប្រទេសថៃបាន ហើយនឹងទាមទារដីភូមិកំណើតរបស់ពួកគាត់ត្រឡប់មកវិញ។
អ្នកស្រី មាស ស្រីលី អាជីវករលក់ត្រី សាច់ ដែលជាពលរដ្ឋភៀសសឹក មកពីភូមិបឹងត្រកួន បានប្រាប់ថា ការរស់នៅរបស់អ្នកស្រី បើទោះបីមិនប្រកបមុខរបឡើងវិញ ក៏មានអាហារបរិភោគដែរ ពីព្រោះរាជរដ្ឋាភិបាល បានផ្ដល់កិច្ចគាំពារគ្រប់គ្រាន់សម្រាប់អ្នកស្រី និងពលរដ្ឋភៀសសឹកដទៃទៀត។ ជាក់ស្ដែងអ្នកស្រី ទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែ ការប្រើប្រាស់ទឹក ភ្លើង មិនអស់ប្រាក់ និងស្បៀងអាហារផ្សេងៗទៀត។ ប៉ុន្ដែអ្នកស្រី មិនផ្ដេកផ្ដួលរង់ចាំ ឱ្យតែរាជរដ្ឋាភិបាលជួយនោះទេ ទើបអ្នកស្រី ចាប់ផ្ដើមប្រកបមុខរបដើមឡើងវិញ។
អ្នកស្រី សួស រតនា ពលរដ្ឋភៀសសឹក មកពីភូមិជោគជ័យ បានចាប់ផ្ដើមលក់សម្លៀកបំពាក់ និងសម្ភារសិក្សាឡើងវិញដែលជាមុខរបចាស់។ អ្នកស្រី ប្រាប់ថា ទោះបីការរស់នៅទីលំនៅថ្មី មានការលំបាក ព្រោះត្រូវចាប់ផ្ដើមឡើងវិញពីចំណុចសូន្យ។ ប៉ុន្ដែការលំបាកនេះមិនមែនជាឧបសគ្គសម្រាប់អ្នកស្រី ក្នុងការតស៊ូរស់រានមានជីវិតនោះឡើយ។ អ្នកស្រីបន្តថា កម្លាំងចិត្តដ៏ធំរបស់អ្នកស្រី គឺកូនៗ និងស្វាមី ដែលកំពុងឈរជើងនៅព្រំដែនប្រឈមមុខជាមួយសត្រូវឈ្លានពាន និងការជួយជ្រោមជ្រែងពីរាជរដ្ឋាភិបាល មិនទុកឱ្យអ្នកស្រី និងពលរដ្ឋភៀសសឹកផ្សេងៗទៀតឯកា។
លោក ចេង បូរ៉ា ពលរដ្ឋភៀសសឹកមកពីតំបន់បឹងត្រកួន ប្រាប់ដែរថា ស្ថានភាពដែលកំពុងជួបប្រទះនាពេលនេះ គឺកើតឡើងព្រោះការឈ្លានពានពីព្រទេសថៃ។ លោក និងអ្នកភូមិផ្សេងៗទៀត មានទុក្ខលំបាក ប៉ុន្ដែគ្រប់គ្នាសុទ្ធតែមានឆន្ទៈតស៊ូចំពោះស្ថានភាពនេះ។ លោកលើកទឹកចិត្តដល់ពលរដ្ឋភៀសសឹកគ្រប់រូប បន្តខិតខំទៅមុខទៀត កុំបាក់ទឹកចិត្ត ត្រូវតែតស៊ូ។ សម្រាប់រូបលោក ក៏ដូចជាអ្នកភូមិ ជឿជាក់ថា រាជរដ្ឋាភិបាល នឹងដោះស្រាយជម្លោះព្រំដែនជាមួយប្រទេសថៃបានដោយសន្ដិវិធី។ ហើយនៅក្នុងកាលៈទេសៈនេះ លោកសំណូមពរដល់ពលរដ្ឋទូទាំងប្រទេស បន្តស្មារតីសាមគ្គីជាតិ ឱ្យរឹងមាំទៅមុខទៀត ឈរជាមួយរាជរដ្ឋាភិបាលប្រឆាំងការឈ្លានពានពីប្រទេសថៃ។
សូមជម្រាបជូន ថា យោធាថៃ បានឈ្លានពានកម្ពុជា ចំនួន ២លើកកាលពីឆ្នាំ ២០២៥ គឺក្នុងខែកក្កដា និងខែធ្នូ។ ហើយបើទោះបី កម្ពុជា និងថៃ មានបទឈប់បាញ់ ដែលជួយសម្របសម្រួលដោយអាមេរិក ចិន ម៉ាឡេស៊ី ដែលជាប្រធានអាស៊ានប្ដូរវេន កាលពីឆ្នាំ២០២៥ និងមិត្តបរទេសជាច្រើនទៀតក៏ដោយ ភាគីថៃ មិនបានគោរពពេញលេញនោះឡើយ ជាក់ស្ដែងមកដល់ពេលនេះ យោធាថៃ នៅតែបន្តព័ទ្ធលួសបន្លា ដាក់ទូកុងតឺន័រ រំលោភយកដី និងផ្ទះរបស់ពលរដ្ឋខ្មែរ រារាំងពលរដ្ឋប្រមាណ ២ម៉ឺននាក់ទៀត មិនទាន់អាចត្រឡប់ទៅផ្ទះវិញបាន។ ឆ្លើយតបចំពោះទង្វើរបស់យោធាថៃ រាជរដ្ឋាភិបាល កម្ពុជា បានប្រើប្រាស់គ្រប់យន្ដការច្បាប់អន្ដរជាតិ ប្ដឹងទាមទារឱ្យថៃប្រគល់ដីរបស់កម្ពុជាត្រឡប់មកវិញ និងប្រកាសប្រឆាំងដាច់ខាត ការកែប្រែខ្សែបន្ទាត់ព្រំដែនដោយប្រើកងកម្លាំងយោធា៕ អត្ថបទ៖ លៀ ស៊ីណា








-
ព័ត៌មាន1 week agoបញ្ជាការដ្ឋានកងទ័ពជើងទឹក ជ្រើសរើសនាវិកថ្មីចំនួន ៥០០នាក់ឲ្យបំពេញក្របខណ្ឌកងទ័ព ស្របតាមផែនការរបស់រាជរដ្ឋាភិបាល
-
ព័ត៌មាន1 week agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន1 week agoយោធាថៃពង្រាយរថក្រោះពីរគ្រឿងមានចម្ងាយ ២៥០ម៉ែត្រពីក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT នៅតំបន់ភូមិជោគជ័យ
-
កីឡា7 days agoប្រតិភូ និងអត្តពលិកនគរបាលកម្ពុជាបានធ្វើមាតុភូមិនិវត្តន៍ដោយសុវត្ថិភាព មកដល់មាតុប្រទេសវិញ បន្ទាប់ពីបានទៅចូលរួមការប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក និងឈ្នះមេដាយ៤គ្រឿងពីការប្រកួតកម្រិតខ្ពស់នេះ
-
កីឡា6 days agoមន្ត្រីជាន់ខ្ពស់ក្រសួងអប់រំ៖ ព្រឹត្តិការណ៍កីឡាជាតិ ជាការវាស់ស្ទង់សមត្ថភាព និងដុសខាត់មន្ត្រីប្រតិបត្តិឆ្ពោះទៅធ្វើម្ចាស់ផ្ទះការប្រកួតអន្តរជាតិធំៗ ៣
-
កម្សាន្ដ2 days agoកញ្ញា សុគា គីមលាង ប្តេជ្ញាបង្ហាញសក្តានុពលទេសចរណ៍ និងវប្បធម៌កម្ពុជាលើឆាក Miss International នៅជប៉ុន
-
ព័ត៌មាន5 days agoសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកអំណោយមនុស្សធម៌ចែកជូនប្រជាជនរងគ្រោះដោយបាក់ច្រាំងទន្លេ ប្រជាជនរងផលប៉ះពាល់ក្រោយទឹកជំនន់ និងគ្រួសារងាយរងគ្រោះបំផុតចំនួន ៨៦០គ្រួសារ នៅខេត្តត្បូងឃ្មុំ…!!
-
ព័ត៌មាន1 week agoកម្ពុជា និងដៃគូអភិវឌ្ឍន៍ រួមគ្នាពិនិត្យសមិទ្ធផលការងារគម្រោង ILO-Korea និងប្រមូលធាតុចូលកំណត់ទិសដៅអនុវត្តគម្រោងបន្តសម្រាប់ ឆ្នាំ២០២៧-២០៣០