ព័ត៌មាន
អគ្គមេបញ្ជាការ អញ្ជើញបើកវគ្គហ្វឹកហ្វឺនយោធិនកាតព្វកិច្ចជំនាន់ទី១ ឆ្នាំ២០២៦ ដោយផ្តោតលើការកសាងធនធានមនុស្ស និងពង្រឹងសមត្ថភាពការពារជាតិ
កំពង់ស្ពឺ៖ នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គហ្វឹកហ្វឺនយោធិនកាតព្វកិច្ចជំនាន់ទី១ ឆ្នាំ២០២៦ នៅសាលាពលទាហានយោធភូមិភាគទី៣ ដោយមានយុវជនចូលរួមប្រមាណ ៥០០នាក់។
ក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានកោតសរសើរចំពោះយុវជនដែលបានស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធាប្រកបដោយស្មារតីស្នេហាជាតិ និងបានថ្លែងអំណរគុណដល់មាតាបិតា អាណាព្យាបាល និងក្រុមគ្រួសារ ដែលបានគាំទ្រកូនចៅឱ្យចូលរួមបំពេញភារកិច្ចការពារជាតិមាតុភូមិ។ ជាមួយគ្នានេះ ឯកឧត្តម ក៏បានពាំនាំនូវការនឹករឭក សួរសុខទុក្ខ និងការកោតសរសើរពីសំណាក់ថ្នាក់ដឹកនាំកំពូលរបស់ជាតិ ជូនដល់ថ្នាក់ដឹកនាំ យោធាចារ្យ និងយោធិនទាំងអស់ផងដែរ។
ឯកឧត្តម បានបញ្ជាក់ថា វគ្គហ្វឹកហ្វឺននេះមានគោលបំណងផ្តល់ចំណេះដឹង ជំនាញ បទពិសោធន៍ និងអប់រំវិន័យកងទ័ពដល់យុវជន ដើម្បីកសាងធនធានមនុស្សប្រកបដោយសមត្ថភាព ស្មារតីទទួលខុសត្រូវ សាមគ្គីភាព និងភាពអត់ធ្មត់ សម្រាប់ត្រៀមបំពេញភារកិច្ចការពារជាតិ ប្រជាជន អធិបតេយ្យភាព និងបូរណភាពទឹកដី នៅពេលប្រទេសជាតិត្រូវការ។
ឯកឧត្តម ក៏បានលើកឡើងពីសារៈសំខាន់នៃការពង្រឹងសាមគ្គីភាពជាតិ និងការបន្តធ្វើកំណែទម្រង់កងយោធពលខេមរភូមិន្ទ ដើម្បីលើកកម្ពស់សមត្ថភាពឆ្លើយតបនឹងបញ្ហាប្រឈមសន្តិសុខទាំងប្រពៃណី និងមិនប្រពៃណី រួមទាំងគ្រោះមហន្តរាយ ជំងឺឆ្លង សន្តិសុខព័ត៌មាន និងការវិវឌ្ឍនៃបច្ចេកវិទ្យាទំនើប។
ជាមួយគ្នានេះ ឯកឧត្តមបានគូសបញ្ជាក់ថា ការបំពេញកាតព្វកិច្ចយោធា គឺជាកាតព្វកិច្ច និងកិត្តិយសរបស់ប្រជាពលរដ្ឋខ្មែរ ក្នុងការរួមចំណែកការពារជាតិ ព្រមទាំងជាឱកាសសម្រាប់យុវជនកសាងវិន័យ កាយសម្បទា ចំណេះដឹង ជំនាញ និងសមត្ថភាពរស់នៅជាក្រុម ដែលអាចយកទៅប្រើប្រាស់ក្នុងជីវិត និងការងារនាពេលអនាគត។
នៅចុងបញ្ចប់ ឯកឧត្តម បានផ្តាំផ្ញើដល់យុវជនយោធិនកាតព្វកិច្ច ត្រូវប្រកាន់ខ្ជាប់ស្មារតីស្នេហាជាតិ និងស្មោះត្រង់ចំពោះជាតិ សាសនា ព្រះមហាក្សត្រ រាជរដ្ឋាភិបាល គោរពច្បាប់ និងបទបញ្ជារបស់កងទ័ព ពង្រឹងសាមគ្គីភាព ឯកភាព ខិតខំសិក្សារៀនសូត្រ និងហ្វឹកហាត់ឱ្យបានម៉ឺងម៉ាត់ ព្រមទាំងប្រើប្រាស់បណ្តាញសង្គមប្រកបដោយការទទួលខុសត្រូវ រក្សាការសម្ងាត់កងទ័ព ចៀសវាងគ្រឿងញៀន ល្បែងស៊ីសង និងអំពើល្មើសគ្រប់ប្រភេទ ដើម្បីក្លាយជាយោធិនមានគុណភាព និងជាពលរដ្ឋល្អសម្រាប់សង្គមជាតិ៕













-
ព័ត៌មាន1 week agoបញ្ជាការដ្ឋានកងទ័ពជើងទឹក ជ្រើសរើសនាវិកថ្មីចំនួន ៥០០នាក់ឲ្យបំពេញក្របខណ្ឌកងទ័ព ស្របតាមផែនការរបស់រាជរដ្ឋាភិបាល
-
ព័ត៌មាន1 week agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន1 week agoយោធាថៃពង្រាយរថក្រោះពីរគ្រឿងមានចម្ងាយ ២៥០ម៉ែត្រពីក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT នៅតំបន់ភូមិជោគជ័យ
-
កីឡា6 days agoប្រតិភូ និងអត្តពលិកនគរបាលកម្ពុជាបានធ្វើមាតុភូមិនិវត្តន៍ដោយសុវត្ថិភាព មកដល់មាតុប្រទេសវិញ បន្ទាប់ពីបានទៅចូលរួមការប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក និងឈ្នះមេដាយ៤គ្រឿងពីការប្រកួតកម្រិតខ្ពស់នេះ
-
កីឡា6 days agoមន្ត្រីជាន់ខ្ពស់ក្រសួងអប់រំ៖ ព្រឹត្តិការណ៍កីឡាជាតិ ជាការវាស់ស្ទង់សមត្ថភាព និងដុសខាត់មន្ត្រីប្រតិបត្តិឆ្ពោះទៅធ្វើម្ចាស់ផ្ទះការប្រកួតអន្តរជាតិធំៗ ៣
-
កម្សាន្ដ2 days agoកញ្ញា សុគា គីមលាង ប្តេជ្ញាបង្ហាញសក្តានុពលទេសចរណ៍ និងវប្បធម៌កម្ពុជាលើឆាក Miss International នៅជប៉ុន
-
ព័ត៌មាន5 days agoសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកអំណោយមនុស្សធម៌ចែកជូនប្រជាជនរងគ្រោះដោយបាក់ច្រាំងទន្លេ ប្រជាជនរងផលប៉ះពាល់ក្រោយទឹកជំនន់ និងគ្រួសារងាយរងគ្រោះបំផុតចំនួន ៨៦០គ្រួសារ នៅខេត្តត្បូងឃ្មុំ…!!
-
ព័ត៌មាន1 week agoកម្ពុជា និងដៃគូអភិវឌ្ឍន៍ រួមគ្នាពិនិត្យសមិទ្ធផលការងារគម្រោង ILO-Korea និងប្រមូលធាតុចូលកំណត់ទិសដៅអនុវត្តគម្រោងបន្តសម្រាប់ ឆ្នាំ២០២៧-២០៣០