Connect with us

ព័ត៌មាន

អ្នកនាំពាក្យ៖ មូលបទកិច្ចប្រជុំហ្វ្រង់កូហ្វូនី «សន្តិភាព វិបុលភាព និងស្ថិរភាព» ជា​អ្វី​ដែល​ពិភពលោក​ត្រូវការ

ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ឯកឧត្តម ប៉ែន បូណា មាន​ប្រសាសន៍​បញ្ជាក់​តាម​រយៈ​សន្និសីទ​សារព័ត៌មាននៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦នេះថា ព្រះរាជាណាចក្រកម្ពុជា​កំពុង​ត្រៀម​ខ្លួន​ទទួល​កិច្ច​ប្រជុំកំពូលលើកទី២០ នៃហ្វ្រង់​កូហ្វូនី និង​ដោយ​មាន​ព្រឹត្តិការណ៍​អម​ជា​ច្រើន​ទៀតចាប់ពីថ្ងៃទី១៥ ដល់១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ទៅក្រោមមូលបទ «រួមគ្នាកសាងសន្តិភាព ដើម្បី​វិបុលភាពរួម និងស្ថិរភាពយូរអង្វែង»។

ឯកឧត្តម ប៉ែន បូណា បានថ្លែងថា កិច្ច​ប្រជុំ​កំពូល​ហ្វ្រង់កូហ្វូនី​ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ប្រព្រឹត្ត​ទៅ​ក្រោម​មូលបទ «រួមគ្នាកសាងសន្តិភាព ដើម្បីវិបុលភាពរួម និងស្ថិរភាពយូរអង្វែង»។ មូលបទ​នេះស​បញ្ជាក់ច្បាស់ថា សន្តិភាព វិបុលភាព និងស្ថិរភាព មិនត្រឹមតែជា​អ្វី​ដែល​កម្ពុជា​ចង់​បាន​ប៉ុណ្ណោះ​ទេ ​តែវាក៏ជាអ្វីដែលពិភពលោកកំពុងត្រូវការយ៉ាងខ្លាំងបំផុត ក្នុងបរិបទដែល​សង្គ្រាម​ក្នុង​តំបន់​ជា​ច្រើន​កំពុងធ្វើឱ្យសេដ្ឋកិច្ចសកលមានភាពមិនប្រាកដប្រជា ហើយមនុស្ស​ជាតិ​កំពុង​ព្រួយ​បារម្ភ​ខ្លាំង​អំពីការបាត់បង់សន្តិភាព វិបុលភាព និងស្ថិរភាពរបស់ពិភពលោក។

ឯកឧត្តមថ្លែងថា មានគណៈប្រតិភូប្រមាណជា៨០ ក្នុងនោះមានថ្នាក់ប្រមុខរដ្ឋនិងប្រមុខរដ្ឋាភិបាលមកពីជាង ២០ប្រទេសនឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលនេះដោយផ្ទាល់។ ស្របពេលជាមួយគ្នានេះក៏មានដំណើរទស្សនកិច្ចផ្លូវរដ្ឋនិងផ្លូវការចំនួន៣ នៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។ វត្តមាននៃបណ្ដាគណៈប្រតិភូជាន់ខ្ពស់អន្តរជាតិ រួមទាំងប្រមុខរដ្ឋនិងប្រមុខរដ្ឋាភិបាលយ៉ាងច្រើនសន្ធឹកសន្ធាប់បែបនេះ បានបង្ហាញពីការផ្ដល់កិត្តិយស និងទំនុកចិត្តយ៉ាងធំធេងដល់កម្ពុជា ដែលជាប្រទេសតូចតែមានសមត្ថភាពអាចរៀបចំព្រឹត្តិការណ៍អន្តរជាតិដ៏ធំបែបនេះបានប្រកបដោយសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់។ មោទនភាពនេះ មិនមែនកើតឡើងដោយចៃដន្យទេ ប៉ុន្តែ វាជាផ្លែផ្កានៃសុខសន្តិភាព និងការដាក់ចេញគោលនយោ បាយដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជាជាបន្តបន្ទាប់។

ឯកឧត្តម ប៉ែន បូណា លើកឡើងថា ម្យ៉ាងទៀត មូលបទស្ដីពី «រួមគ្នាកសាងសន្តិភាពដើម្បីវិបុលភាពរួមនិង ស្ថិរភាពយូរអង្វែង» ពិតជាសមស្របជាមួយបទពិសោធន៍យ៉ាងជោគជាំរបស់កម្ពុជាដែលបានឆ្លងកាត់ សង្គ្រាមស៊ីវិលជិត៣ទសវត្សរ៍ ការបែកបាក់ជាតិ រហូតធ្លាក់ក្នុងរបប្រល័យពូជសាសន៍យ៉ាងរង្គាល…ទម្រាំតែកសាងសន្តិភាពបានពេញលេញនិងថែរក្សាសន្តិភាពឱ្យគង់វង្សយូរអង្វែងមិនធ្លាប់មាន ក្នុងប្រវត្តិសាស្ត្រសម័យទំនើបដូចសព្វថ្ងៃ។ នេះបង្ហាញឱ្យឃើញថា សន្តិភាព វិបុលភាព និងស្ថិរភាព ដែលកម្ពុជាកំពុងថែរក្សាក្នុងដៃ ពិតជាមានតម្លៃមិនមែនសម្រាប់តែកម្ពុជាខ្លួនឯងទេ តែក៏សម្រាប់ចែករំលែកដល់បណ្ដាប្រទេសផ្សេងទៀតដែរ។

ឯកឧត្តមអ្នកនាំពាក្យសង្គត់ធ្ងន់ថា រយៈពេលជិត៣ទសវត្សរ៍ចុងក្រោយនេះ បណ្ដាប្រទេសជាច្រើនបានទទួលស្គាល់ និងបានសិក្សាពីការកសាងសន្តិភាពរបស់កម្ពុជា តាមរយៈនយោបាយឈ្នះឈ្នះរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា។ ការប្រកាន់គោលជំហរដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី តាមរយៈយន្តការការទូត ដោយផ្អែកលើច្បាប់អន្តរជាតិ គឺជាឧទាហរណ៍ជាក់ស្ដែង ដែលរាជរដ្ឋាភិបាលដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឈរលើគោលការណ៍គ្រឹះនៃសន្តិភាព និងនយោបាយឈ្នះឈ្នះដើម្បី ដោះស្រាយបញ្ហាជំនួសឱ្យការប្រឈមមុខគ្នាដោយអាវុធ៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia