Connect with us

ព័ត៌មាន

ភ្ញៀវទេសចរអន្តរជាតិចាប់អារម្មណ៍ការរៀបចំភូមិហ្រ្វង់កូហ្វូនី និង​សរសើរ​ប្រទេស​កម្ពុជា​ស្រស់​ស្អាត

ភូមិហ្រ្វង់កូហ្វូនីជាព្រឹត្តិការណ៍អមកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី លើកទី២០ ត្រៀម​បើក​ឲ្យ​ភ្ញៀវ​ទេសចរ​ជាតិ និងអន្តរជាតិចូលទស្សនាពីថ្ងៃស្អែកតទៅ។ ហើយការរៀបចំនៅក្នុងភូមិនេះ ទទួល​បាន​ការ​ចាប់អារម្មណ៍ពីភ្ញៀវទេសចរអន្តរជាតិផងដែរ។

ក្នុង​ពេលមកទស្សនានៅសួនច្បារវត្តបទុវតី រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១២ខែវិច្ឆិកានេះ ភ្ញៀ​វ​ទេសចរ​អន្តរជាតិ បានប្រាប់BTVថា ប្រទេសកម្ពុជាមានសុវត្ថិភាព សស្រ់ស្អាត ប្រជា​ពលរដ្ឋ​រួស​រាយ​រាក់​ទាក់ និងជាពិសេសពេលមកដល់ទីតាំងរៀបចំភូមិហ្រ្វង់កូហ្វូនីនេះ គឺមានភាព​ទាក់​ទាញ​ចាប់​អារម្មណ៍ពីការរៀបចំតុបលម្អផ្សេងៗ។ ភ្ញៀវទេសចអន្តរជាតិទាំងនោះយល់ឃើញថា ការ​រៀប​កិច្ច​ប្រជុំ​ហ្រ្វង់កូហ្វូនីជាការតភ្ជាប់ទំនាក់ទំនងគ្នាផ្លាស់ប្តូរ វប្បធម៌ ជំនួញ និងទេសចរណ៍​ជា​ដើម។ បន្ថែម​លើនេះ ភ្ញៀវទេសចរទាំងនោះ ក៏បានណែនាំដល់ភ្ញៀវទេសចរអន្តរជាតិដទៃទៀត គួរ​មក​លេងប្រទេសកម្ពុជាដែលមានតំបន់ទេសចរណ៍ជាច្រើន និងមានសុវត្ថិភាព។

ភូមិ​ហ្វ្រង់កូហ្វូនី ដែលជាព្រឹត្តិការណ៍អមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ចាប់​បើក​ឲ្យ​ភ្ញៀវ​ទេសចរ​ជាតិ និងអន្តរជាតិចូលទស្សនា ពីថ្ងៃទី១៣រហូតដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ ដោយ​មាន​ការ​បង្ហាញលើសិល្បៈ វប្បធម៌ កិច្ចសហប្រតិបត្តិការ និងសាមគ្គីភាព រវាងព្រះរាជា​ណា​ចក្រ​កម្ពុជា​ និងបណ្តាប្រទេសនិយាយភាសាបារាំង តាមរយៈការរៀបចំជាពន្លាជាតិ, ស្តង់ពិព័រណ៍, ស្តង់​ពិព័រណ៍​ម្ហូបអាហារ, ការសម្តែងសិល្បៈចម្រុះប្រចាំថ្ងៃ និងការរៀបចំជាកិច្ចសន្ទនា សិក្ខា​សាលា ​លើប្រធានបទគន្លឹះៗ មានជាអាទិ៍ ការលើកកម្ពស់វិស័យទេសចរណ៍ ការអប់រំ យុវជន សម​ភាព​យេនឌ័រ សន្តិភាព ការអភិរក្ស​បេតិក​ភណ្ឌ​វប្បធម៌។ល។ ភូមិ​ហ្រ្វង់​កូហ្វូនី​រៀប​ចំ​ឡើង​ក្រោម​ប្រធាន​ «ស្នាមញញឹមខ្មែរ ស្នាមញឹមហ្រ្វង់កូហ្វូនី»។

គួរបញ្ជាក់ដែរថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា អម​ដំណើរ​ដោយ​លោក​ជំទាវ​បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត និងលោកជំទាវអគ្គលេខាធិការ នៃអង្គការ OIF នឹង​អញ្ជឹង​ចូលរួមជាគណៈធិបតីបើកព្រឹត្តិការណ៍ «ភូមិហ្រ្វង់កូហ្វូនី» ជាផ្លូវការនៅល្ងាច​ថ្ងៃ​ទី១៣ ខែ​វិច្ឆិកា ឆ្នាំ២០២៦៕ អត្ថបទ៖ ទូច សោភ័ណ

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia