ព័ត៌មាន
អ៊ីរ៉ង់ រៀបចំជើងឯកគុនខ្មែរថ្នាក់ជាតិ ចម្រាញ់កីឡាករឆ្នើមត្រៀមប្រកួតជើងឯកពិភពលោកនៅកម្ពុជា
សហព័ន្ធកីឡាគុនខ្មែរប្រចាំនៅប្រទេសអ៊ីរ៉ង់ បានរៀបចំការប្រកួតកីឡាប្រដាល់គុនខ្មែរជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំប្រទេសខ្លួន ដើម្បីចម្រាញ់កីឡាករ-កីឡាការិនីឆ្នើមត្រៀមចូលរួមការប្រកួតជើងឯកពិភពលោក លើកទី៥ នៅកម្ពុជា នាចុងឆ្នាំ២០២៤ ។
ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជាអគ្គលេខាធិការសហព័ន្ធគុនខ្មែរអន្ដរជាតិ បានមានប្រសាសន៍ថា អ៊ីរ៉ង់ គឺជាសមាជិកមួយរបស់សហព័ន្ធគុនខ្មែរអន្ដរជាតិ ហើយការរៀបចំការប្រកួតគុនខ្មែរជើងឯកថ្នាក់ជាតិលើទឹកដីអ៊ីរ៉ង់នេះ គឺជាមោទនភាពដ៏អស្ចារ្យមួយទៀត សម្រាប់កម្ពុជា ពិសេសបានបង្ហាញឃើញថា គុនខ្មែរ ពិតជាក្បាច់គុនបុរាណរបស់កម្ពុជាពិតប្រាកដមែន ។
ឯកឧត្តមបន្ដថា នេះគឺជាការប្រកួតលក្ខណៈកម្ដៅសាច់ដុំមួយរបស់បណ្ដាប្រទេសសមាជិក KIF ជាក់ស្ដែងការប្រកួតគុនខ្មែរជើងឯកថ្នាក់ជាតិនៅអ៊ីរ៉ង់ គឺដើម្បីចម្រាញ់បាននូវធនធានកីឡាករ-កីឡាការិនីឆ្នើមៗ សម្រាប់បញ្ជូនមកចូលរួមការប្រកួតកីឡាប្រដាល់គុនខ្មែរជ្រើសរើសជើងឯកពិភពលោក លើកទី៥ នៅខេត្តសៀមរាប ដែលគ្រោងនឹងរៀបចំនាថ្ងៃទី០៥ ដល់ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៤ ខាងមុខ ។
យោងតាមរបាយការណ៍លោក Seydreza Mousavi ប្រធានសហព័ន្ធគុនខ្មែរប្រចាំប្រទេសអ៊ីរ៉ង់ បានឲ្យដឹងថា ក្រោយក្លាយជាសមាជិកសហព័ន្ធគុនខ្មែរអន្ដរជាតិ លោកបានផ្ដល់ឱកាសឲ្យយុវជនអ៊ីរ៉ង់ ហ្វឹកហាត់ និងប្រកួតលក្ខណៈជើងឯកប្រចាំប្រទេស ។ នេះគឺជាមោទនភាពជាតិខ្មែរមួយ ដែលបានផ្សព្វផ្សាយពីក្បាច់គុនបុរាណខ្មែរទៅកាន់បណ្ដាប្រទេសនានា ស្របពេលបច្ចុប្បន្នមានសមាជិកគុនខ្មែរអន្ដរជាតិ បានកើនដល់ ៥១ប្រទេសហើយ ។ ឯកឧត្តម វ៉ាត់ ចំរើន បន្ថែម ។
អគ្គលេខាធិការសហព័ន្ធគុនខ្មែរអន្ដរជាតិដដែល បានរំឮកទៀតថា គោលដៅរបស់គុនខ្មែរអន្ដរជាតិ គឺការពង្រីកសមាជិកឲ្យបានច្រើន ដើម្បីកម្ពុជាបានក្លាយជាសមាជិកមួយ ដែលទទួលស្គាល់ដោយគណៈកម្មាធិការអូឡាំពិកអន្ដរជាតិ(IOC) ពោលគឺត្រូវមានសមាជិកចាប់ពី ៧៥ប្រទេសឡើងទៅ ។ ដូច្នេះកម្ពុជា បាននឹងកំពុងយកចិត្តទុកដាក់ និងជំរុញការងារនេះ ដើម្បីពង្រីកសមាជិកឲ្យគ្រប់តាមគោលដៅ ជាមួយបទដ្ឋានគតិយុត្ដក្នុងការគ្រប់គ្រងដឹកនាំសណ្ដាប់ធ្នាប់គុនខ្មែរលើពិភពលោកឱ្យបានល្អដើម្បីជាមូលដ្ឋាននៃការអភិវឌ្ឍ និងអភិរក្សគុនខ្មែរឲ្យបានយូរអង្វែង និងប្រកបដោយចីរភាព ។
គួរដឹងថា ក្រោយបង្កើតសហព័ន្ធគុនខ្មែរអន្ដរជាតិដំបូង កាលពីឆ្នាំ២០១៥ គឺមានសមាជិកត្រឹមជាង ២០ប្រទេសប៉ុណ្ណោះ តែបច្ចុប្បន្នបានកើនដល់ ៥១ប្រទេស ហើយមានប្រទេសខ្លះ បាននឹងកំពុងដំណើរនីតិវិធីចូលជាសមាជិក ហើយប្រទេសខ្លះទៀត ក៏មានសកម្មភាពជាហូរហែ ដូចដែលប្រទេសអ៊ីរ៉ង់ បាននឹងកំពុងរៀបចំជាដើម ។ នេះគឺជាផ្នែកមួយដ៏សំខាន់ ដើម្បីចូលរួមផ្សព្វផ្សាយ និងជំរុញការអភិវឌ្ឍវិស័យកីឡាប្រដាល់គុនខ្មែរឲ្យកាន់តែរីកចម្រើន និងល្បីល្បាញលើឆាកអន្ដរជាតិ៕ អត្ថបទ លី ឈុនឡា





-
PR NEWS6 days agoស្វាគមន៍បងប្អូនកំពង់ឆ្នាំង! ចុងសប្តាហ៍នេះ GANZBERG នឹងនាំមកនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ!
-
កីឡា5 days agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្តចុះពិនិត្យព្យាបាលភ្នែក និងផ្ដល់វ៉ែនតាជូនពលរដ្ឋស្រុកស្ទោងខេត្ដកំពង់ធំ
-
ព័ត៌មាន4 days agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន3 days agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន2 days agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន2 days agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន3 days agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត