ព័ត៌មាន
រោងចក្រ សហគ្រាសមួយចំនួន បានចូលរួមការពារបរិស្ថានដោយបំពាក់ឧបករណ៍ត្រួតពិនិត្យការបញ្ចេញសំណល់
រោចក្រ សហគ្រាស មួយចំនួនក្នុងប្រទេសកម្ពុជា បានចូលរួមកិច្ចគាំពារបរិស្ថាន ដោយបានបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យ តាមដានការបញ្ចេញសំណល់រាវ និង ការបង្ហូរទឹកកខ្វក់ ចេញពីរោងចក្រ សហគ្រាស។ ជាក់ស្តែងនៅថ្ងៃទី០៤ ខែកញ្ញាម្សិលមិញ ក្រុមហ៊ុន Hi blue Washing Process បានចុះកិច្ចសន្យាជាមួយក្រុមហ៊ុន GFE ក្នុងការផ្តល់សេវាកម្មដំឡើងបរិក្ខាត្រួតពិនិត្យតាមអ៊ីនធឺណេតលើការបំភាយពីប្រភពបំពុលនៅកម្ពុជា ដែលមានក្រសួងបរិស្ថានជាអ្នកសម្របសម្រួល។

បើតាមលោក លី វីពីង (Li weiping) តំណាងក្រុមហ៊ុន Hi blue Washing Process Co., Ltd បានឱ្យដឹងថា ការបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យ តាមដានការបញ្ចេញសំណល់រាវ និងទឹកខ្វក់នៅក្រុមហ៊ុនរបស់លោក គឺធ្វើឡើងដោយគោរពទៅតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា និងម្យ៉ាងវិញទៀតដើម្បីជាការចូលរួមចំណែកលើកកម្ពស់សោភ័ណបរិស្ថាននៅក្នុងប្រទេសកម្ពុជាផងដែរ។

ឯកឧត្តម ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថានបានឱ្យដឹងដែរថា ចាប់ពីថ្ងៃបើកយុទ្ធនាការបំពាក់ឧបករណ៍តាមដានស្វ័យប្រវត្តិ និងប្រព័ន្ធគ្រប់គ្រងទិន្នន័យ នៅតាមរោងចក្រ សហគ្រាស កាលពីថ្ងៃទី១ខែមីនា ឆ្នាំ២០២៤ រហូតមកដល់ថ្ងៃទី៤ខែកញ្ញាម្សិលមិញ មានរោងចក្រ សហគ្រាសចំនួនជាង១០០បានចុះក្នុងបញ្ជីដែលត្រូវបំពាក់ឧបករណ៍ត្រួតពិនិត្យសំណល់រាវ។ យ៉ាងណាក្តី គិតមកដល់ពេលនេះ ទើបតែមាន រោងចក្រ សហគ្រាសចំនួនបីកន្លែងធំៗ ស្ថិតនៅខេត្តស្វាយរៀង និងបាត់ដំបង បានយល់ព្រមបំពាក់ឧបករណ៍តាមដានស្វ័យប្រវត្តិ និងប្រព័ន្ធគ្រប់គ្រងទិន្នន័យ។ ឯកឧត្តមបានរម្លឹកដល់រោងចក្រ សហគ្រាស មិនទាន់បានបំពាក់ឧបករណ៍តាមដានស្វ័យប្រវត្តិ និងប្រព័ន្ធគ្រប់គ្រងទិន្នន័យសំណល់រាវ សូមរួសរាន់បំពាក់ឧបករណ៍តាមដាននេះ បើមិនដូច្នេះនឹងប្រឈមទៅមុខច្បាប់។

គួរបញ្ជាក់ដែរថា ក្រសួងបរិស្ថានបាន នឹងកំពុងអនុវត្តក្រមបរិស្ថាន និងធនធានធម្មជាតិ ត្រង់មាត្រា២៨៧ និងប្រកាសរបស់ក្រសួងបរិស្ថានស្តីពីការអនុវត្តវិធានស្វ័យត្រួតពិនិត្យនៅតាមប្រភពបំពុល សក្តានុពល ដែលតម្រូវឱ្យរោងចក្រ សហគ្រាស ឧស្សាហកម្ម ដែលបញ្ចេញសំណល់ប្រភេទប្រភពបំពុលត្រូវបំពាក់ជាចាំបាច់ នូវឧបករណ៍ស្វ័យត្រួតពិនិត្យ តាមដានការបញ្ចេញសំណល់រាវ និង ការបង្ហូរទឹកកខ្វក់ ចេញពីរោងចក្រសហគ្រាស ដើម្បីតាមដានត្រួតពិនិត្យ ការបំពុលបរិស្ថានពីចម្ងាយ។ ក្នុងករណីខកខាន មិនបានធ្វើការបំពាក់ដូចបានកំណត់នៅក្នុងក្រមបរិស្ថាន និងធនធានធម្មជាតិ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ក្រសួងបរិស្ថាន នឹងចាត់វិធានការច្បាប់ ១០០% ដោយមិនមានការលើកលែងឡើយ៕ អត្ថបទ៖ទូច សោភ័ណ





-
PR NEWS6 days agoស្វាគមន៍បងប្អូនកំពង់ឆ្នាំង! ចុងសប្តាហ៍នេះ GANZBERG នឹងនាំមកនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ!
-
កីឡា5 days agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្តចុះពិនិត្យព្យាបាលភ្នែក និងផ្ដល់វ៉ែនតាជូនពលរដ្ឋស្រុកស្ទោងខេត្ដកំពង់ធំ
-
ព័ត៌មាន4 days agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន3 days agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន3 days agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន3 days agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន3 days agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត